អន្តរជាតិ
ព្រះវិហារមួយនៅថៃ ត្រូវសាងសង់ឡើងដោយដបស្រាជាង១លានដប
× ព្រះវិហារមួយក្នុងប្រទេសថៃ ត្រូវកសាងឡើងដោយប្រើប្រាស់ដបស្រាបៀរកែច្នៃជាងមួយលានដប។ គំនិតផ្ដួចផ្ដើមនេះ គឺកើតឡើងក្រោយព្រះសង្ឃក្នុងវត្តនៅខេត្តភាគឦសាននៃប្រទេសថៃមួយនេះ ធុញទ្រាន់នឹងគំនរដបស្រា និងប្លាស្ទិក ដែលពុទ្ធបរិស័ទប្រើប្រាស់ ហើយបោះចោលពាសទឹកពាសដី។
ស្ថិតក្នុងស្រុក ឃុនហាន (Khun Han) នៃខេត្ត ស៊ីសាកេត (Sisaket) វត្ត Pa Maha Chedi Kaew ត្រូវបានស្គាល់ថា «ព្រះវិហារដបមួយលាន» ព្រោះវិហារក្នុងវត្តកសាងពីដប។ វត្តនេះ ត្រូវបានចាត់ទុកជាសក្ខីភាពនៃការប្រមូលផ្ដុំគ្នារបស់សហគមន៍ថៃមួយនេះដើម្បីកាត់បន្ថយការបំពុល។
ការប្រមែប្រមូលដបស្រាទាំងនេះ បានកើតឡើងតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ ដោយព្រះសង្ឃថៃផ្ដើមធុញទ្រាន់នឹងគំនរសំរាមប្លាស្ទិក និងដបស្រា ក្នុងតំបន់នេះ ។ ដំបូងឡើយ ព្រះសង្ឃថៃនៃវត្តនេះ បានផ្ដើមយុទ្ធនាការមួយឈ្មោះថា «ដបស្រាបៀរមួយរយកសាងជញ្ជាំងវត្ត»។ នេះបើយោងតាមកាសែតថៃ The Nation ។
ក្រោយបញ្ចប់យុទ្ធនាការនេះ ព្រះចៅអធិការវត្តនេះ បានបន្តដឹកនាំចលនាជាបន្តបន្ទាប់ដើម្បីកសាងព្រះវិហារ ដែលលម្អដោយដបស្រា។ ព្រះសង្ឃក៏បានលើកទឹកចិត្តឲ្យពលរដ្ឋនិងអាជីវករថៃបរិច្ចាគដបស្រានិងភេសជ្ជដែលពួកគេផឹករួចដល់វត្តផងដែរ។
ចំណែក «ព្រះវិហារដបមួយលាន» ដែលផុសត្រដែតលើស្រះទឹកកណ្ដាលវត្តនេះ បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ១៩៨៦។ សំណង់នេះប្រើប្រាស់រយៈពេល២ឆ្នាំ។ ក្នុងព្រះវិហារនេះ មានរូបសំណាក់ព្រះពុទ្ធមួយអង្គ ដែលលម្អដោយដបស្រាពណ៌ចម្រុះផងដែរ។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន វត្តអារាមថៃមួយនេះ មានអគារសរុបប្រមាណ២០ហើយ រួមមាន បន្ទប់សូត្រធម៌ សាលាឆាន់ បន្ទប់ទឹក កុដិលោកសង្ឃ និងអាងស្ដុកទឹក ជាដើម ដែលសាងសង់ឡើងដោយប្រើប្រាស់ដបស្រា៕
Tag:
ថៃ
ព្រះវិហារ
ដបស្រាបៀរ
© រក្សាសិទ្ធិដោយ thmeythmey.com