កីឡាអន្តរជាតិ
អន្តរជាតិ
Navas ឧទ្ទិស​ពាន Europa ទី​៦​របស់ Sevilla ដល់ Reyes និង Puerta
22, Aug 2020 , 5:50 pm        
រូបភាព
Navas លើកពាន Europa League ដែល Sevilla ឈ្នះជាលើកទី៦។ រូបថត UEL
Navas លើកពាន Europa League ដែល Sevilla ឈ្នះជាលើកទី៦។ រូបថត UEL
ដោយ: ថ្មីៗ
​ខ្សែបម្រើ​ស្លាប Jesus Navas បាន​ឧទ្ទិស​ពាន Europa League ទី​៦​របស់ Sevilla ជូន​ដល់​អតីត​កីឡាករ​ពីររូប​ដែល​បានទទួល​មរណភាព គឺ Jose Antonio Reyes និង Antonio Puerta​។ Sevilla បាន​ពង្រឹង​កំណត់ត្រា​ជា​អ្នកឈ្នះ​ពាន​លំដាប់​ទី​២​អឺរ៉ុប​ច្រើនជាងគេ ក្រោយ​ជ័យជម្នះ ៣-២ លើ Inter Milan នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​លី​ស្បោ​ន​។​



Romelu Lukaku រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​បើកឆាក​នៅ​៥​នាទី​ដំបូង​សម្រាប់ Inter Milan ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី ប៉ុន្តែ Luuk de Jong បានតែ​តបាល់​បញ្ចូល​ទី​វាយបក​ពី​គ្រាប់​វិញ​សម្រាប់ Sevilla​។ លទ្ធផល​ស្មើ ២-២ បានកើត​ឡើង​នៅ​នាទី​៣៥ ដែល​សម្រេចបាន​ដោយ Diego Godin​។ ភាព​រីករាយ​បាន​កើតឡើង​សម្រាប់ Sevilla ក្រោយ Lukaku ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​នៅ​នាទី​៧៤ ហើយ​ក្រុម​អេ​ស្ប៉ា​ញ​មួយ​នេះ អាច​រក្សា​លទ្ធផល​ជ័យជម្នះ ៣-២ រហូតដល់​បញ្ចប់​ការប្រកួត​។​

​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក Julen Lopetegui បាន​ក្លាយជា​ស្តេចត្រាញ់​ប្រចាំ Europa League ដោយ​ឈ្នះ​ពាន​ជា​លើក​ទី​៦ ហើយក៏​ជា​ជ័យជម្នះ​១០០​ភាគរយ​នា​ការបង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ Sevilla​។​

Jesus Navas បាន​លើកឡើងថា​៖ «​លើក​ពាន​នេះ ក្នុងនាម​ជា​ប្រធាន​ក្រុម Sevilla ពិតជា​មានន័យ​ខ្លាំងណាស់​។ ពាន​នេះ ឧទ្ទិស​ដល់​មិត្ត​រួម​ក្រុម​ដែល​មិនបាន​នៅ​ជាមួយ​យើង សម្រាប់ Puerta សម្រាប់ Reyes និង​សម្រាប់​ឪពុកធម៌​របស់ខ្ញុំ​ដែល​បានទទួល​មរណភាព​»​។​

Reyes បានទទួល​មរណភាព​កាលពី​ឆ្នាំមុន​ក្នុង​អាយុ​៣៥​ឆ្នាំ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ខណៈ Puerta បាន​ស្លាប់​ក្នុង​អាយុ​២២​ឆ្នាំ នា​ឆ្នាំ​២០០៧ ដោយសារ​ជំងឺ​គាំងបេះដូង​។​

Sevilla ឈានទៅ​លើក​ពាន​ទាំង​៦​លើក​នា​ការបង្ហាញ​ខ្លួន​វគ្គ​ផ្តាច់ព្រ័ត្រ Europa League (​អតីត UEFA Cup) ក្នុង​ឆ្នាំ​២០០៦, ២០០៧, ២០១៤, ២០១៥, ២០១៦, ២០២០) ខណៈ​ក្រុម​បួន​ទៀត​ដែល​ធ្លាប់​ឈ្នះ​បី​លើក​រៀងៗ​ខ្លួន​រួមមាន Inter Milan, Liverpool, Juventus និង Atletico Madrid៕


Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com