អន្តរជាតិ
TikTok នឹងប្ដឹងជំទាស់បញ្ជាលោក ត្រាំ ដែលដាក់ឱសានវាទឲ្យលក់ប្រតិបត្តិការរបស់ខ្លួន
23, Aug 2020 , 12:59 pm        
រូបភាព
កម្មវិធីវីដេអូខ្លីៗ TikTok នៅថ្ងៃទី២២ ខែសីហា និយាយថា ខ្លួននឹងប្ដឹងជំទាស់វិធានការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មកលើខ្លួនជាមួយនឹងហេតុផលថា ប៉ះពាល់សន្តិសុខអាមេរិក។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាពរបស់ចិនមួយនេះអះអាងថា រដ្ឋបាលលោក ត្រាំ មិនខ្វល់ពីការពិតឡើយ។

 
កាលពីថ្ងៃទី៦ ខែសីហាកន្លងទៅ ស្របពេលទំនាក់ទំនងអាមេរិក និងចិនកាន់តែល្អក់កករ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយហាមក្រុមហ៊ុនអាមេរិកទាំងអស់រកស៊ីជាមួយក្រុមហ៊ុន ByteDance ជាម្ចាស់កម្មវិធីកម្សាន្តកំពុងល្បី TikTok នៅ៤៥ថ្ងៃបន្ទាប់ ហើយបញ្ជាឲ្យ TikTok ចរចរចាជាមួយក្រុមហ៊ុនអាមេរិកណាមួយដើម្បីលក់ប្រតិបត្តិការរបស់ខ្លួនទៀតផង។ TikTok ប្រកាសថា ខ្លួននឹងជំទាស់បញ្ជានេះ។
 
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២២ ខែសីហា TikTok បញ្ជាក់ថា ទោះខ្លួនមិនយល់ស្របជាមួយក្ដីបារម្ភរបស់រដ្ឋបាលអាមេរិកក្ដី ក៏ខ្លួនបានចំណាយពេលច្រើនឆ្នាំមកនេះជាមួយនឹងឆន្ទៈស្មោះត្រង់ដើម្បីរកដំណោះស្រាយល្អប្រសើរ។ កម្មវិធីកម្សាន្តដដែលបន្តថា អ្វីដែលខ្លួនបានជួបទៅវិញនោះ គឺកង្វះនីតិវិធី ព្រោះរដ្ឋាភិបាលអាមេរិកមិនចាប់អារម្មណ៍ការពិតឡើយ ហើយព្យាយាមប្រជ្រៀតខ្លួនឯងចូលក្នុងការចរចារវាងក្រុមហ៊ុនឯកជនទៅទៀត។
 
«ដើម្បីធានាថា នីតិរដ្ឋមិនបាត់បង់ ហើយក្រុមហ៊ុនយើង និងអ្នកប្រើប្រាស់ត្រូវបានគោរព យើងគ្មានជម្រើសអ្វីក្រៅពីតតាំងបញ្ជាប្រតិបត្តិតាមផ្លូវតុលាការឡើយ។» នេះជាការបញ្ជាក់របស់ TikTok ដោយបន្ថែមថា ការប្ដឹងនឹងធ្វើនៅសប្ដាហ៍ក្រោយ។
 
អ្វីដែលអាមេរិកបារម្ភខ្លាំងពី TikTok ដែលមានអ្នកប្រើប្រាស់ជាង១០០លាននាក់នៅអាមេរិក និងជាង១ពាន់លាននាក់នៅទូទាំងពិភពលោក គឺទិន្នន័យអ្នកប្រើប្រាស់ដែលអាចធ្លាក់ចូលដល់ដៃរដ្ឋាភិបាលចិន ខណៈចិនមានច្បាប់កំណត់ឲ្យក្រុមហ៊ុនខ្លួនផ្ដល់ព័ត៌មានសម្រាប់ការស៊ើបអង្កេតណាមួយ។ ទាំងទីក្រុងប៉េកាំង ទាំង ByteDance សុទ្ធតែបានទាត់ចោលការចោទប្រកាន់បែបនេះ។
 
ទាក់ទងការលក់ប្រតិបត្តិការវិញ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាMicrosoft និង Oracle ស្ថិតក្នុងការចរចាជាមួយ TikTok លើកិច្ចព្រមព្រៀងទិញលក់ប្រតិបត្តិការនៅអាមេរិក។ ដោយឡែកក្រុមហ៊ុន Oracle ក៏ចង់ទិញប្រតិបត្តិការ TikTok នៅអូស្ត្រាលី នូវែលសេឡង់ និងកាណាដាផងដែរ៕

Tag:
 TikTok
  អាមេរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com