បឹងកេតប្រជែងដណ្តើមកំពូលតារាងជាមួយស្វាយរៀង ខណៈទ័ពត្រូវការឈ្នះជាចាំបាច់
កីឡាជាតិ
ជាតិ
បឹងកេតប្រជែងដណ្តើមកំពូលតារាងជាមួយស្វាយរៀង ខណៈទ័ពត្រូវការឈ្នះជាចាំបាច់
23, Aug 2020 , 1:35 pm        
រូបភាព
កីឡាករ ប្រាក់ មុន្នីឧត្តម ឆ្វេងនិងកីឡាករ ម៉ាត់ នូរុណ ខ្សែប្រយុទ
កីឡាករ ប្រាក់ មុន្នីឧត្តម ឆ្វេងនិងកីឡាករ ម៉ាត់ នូរុណ ខ្សែប្រយុទ
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ បានឈានដល់ការប្រកួតបញ្ចប់ជើងទី១ ដោយនៅថ្ងៃអាទិត្យនេះ មានការប្រកួតចំនួន៣គូ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រជែងជាមួយបឹងកេត ខណៈកងយោធពលខេមរភូមិន្ទ(ទ័ព)ទទួលអគ្គិសនីកម្ពុជា ក្រោយសូលទីឡូអង្គរប៉ះអាស៊ីអឺរ៉ុប។

 
បឹងកេតត្រូវប្រកួតប្រជែងដណ្តើមឈរកំពូលតារាងជាមួយជាមួយព្រះខ័នរាជស្វាយរៀង នៅម៉ោង៦ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះ នាកីឡដ្ឋានខេត្តស្វាយរៀង។ វានឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងមានស្វិតស្វាញបំផុត ដ្បិតក្រុមទាំងពីរសុទ្ធតែមិនទាន់ស្គាល់ពាក្យចាញ់ដូចគ្នា សម្រាប់១១ប្រកួតកន្លងមក។ 
 
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងកំពុងឈរកំពូលតារាងមាន៣១ពិន្ទុជាមួយកំណត់ត្រាឈ្នះ១០ ស្មើ១ ខណៈបឹងកេតឈរលេខ២មាន២៩ពិន្ទុជាមួយកំណត់ត្រាឈ្នះ៩ ស្មើ២។ ក្រុមណាឈ្នះក្នុងជំនួបបញ្ចប់ជើងទី១ល្ងាចនេះ ក្រុមនោះនឹងឈរកំពូលតារាង។
 
នៅម៉ោង៦ល្ងាចថ្ងៃអាទិត្យនេះដែរមានការប្រកួតដ៏សំខាន់មួយទៀត គឹរវាងក្រុមកងយោធពលខេមរភូមិន្ទជាមួយអគ្គិសនីកម្ពុជានៅកីឡដ្ឋានស្តាតចាស់។ ទ័ព ត្រូវការឈ្នះជាចាំបាច់នៅល្ងាចនេះ ដើម្បីបន្តឱកាសឈានទៅប្រជែងដណ្តើមជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០២០។ ប៉ុន្តែបើពួកគេបរាជ័យនៅថ្ងៃនេះ ក្រុមកំពុងឈរលេខទី៧មាន២០ពិន្ទុមួយនេះ នឹងបាត់បង់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯក ដែលឱកាសនោះនឹងធ្លាក់ទៅលើក្រុមអង្គរថាយហ្គឺរ។ 
 
មុនការប្រកួតដ៏ជក់ចិត្តទាំងពីរខាងលើមកដល់ នៅម៉ោង៣:៣០នាទីរសៀល ក្រុមសូលទីឡូអង្គរនឹងបើកទ្វារកីឡដ្ឋាន អេស អ យូ ទទួលភ្ញៀវអាស៊ីអឺរ៉ុប។ នេះអាចចាត់ទុកជាជំនួបបង្គ្រប់កិច្ច ដ្បិតក្រុមទាំងពីរសុទ្ធតែអស់ឱកាសឡើងទៅប្រជែងដណ្តើមជើងឯកនៅរដូវកាលនេះ។ 
 
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ ក្រុមណាហ្គាវើលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយវិសាខា ដែលលទ្ធផលនេះជួយឲ្យពួកគេទទួលបានកៅអីឡើងទៅប្រកួតនៅវគ្គ៦ក្រុមចុងក្រោយ។ ចំណែកក្រុមអង្គរថាយហ្គឺរបានយកឈ្នះនគរបាលជាតិក្នុងលទ្ធផល ៤-២ ដើម្បីឡើងទៅឈរលេខរៀងទី៦បណ្តោះអាសន្នជាមួយ២១ពិន្ទុ។ ប្រសិនបើកងយោធពលខេមរភូមិន្ទយកឈ្នះអគ្គិសនីកម្ពុជានៅថ្ងៃនេះ អង្គរថាយហ្គឺរ នឹងអស់ឱកាសទៅប្រជែងដណ្តើមជើងឯកនៅរដូវកាលនេះ។ ប៉ុន្តែបើទ័ពបញ្ចប់ក្នុងលទ្ធផលស្មើ ឬចាញ់អគ្គិសនីកម្ពុជា អង្គរថាយហ្គឺរនឹងឡើងទៅវគ្គ៦ក្រុមចុងក្រោយ។ 
 
ចំណែកការប្រកួតនៅកីឡដ្ឋានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រុមគីរីវង់សុខសែនជ័យបានយកឈ្នះក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៣-១។ ជ័យជម្នះរបស់គីរីវង់សុខសែនជ័យ ធ្វើឲ្យយុវជនអាយុក្រោម១៨ឆ្នាំបាទី បន្តឈរកំពូលតារាងជាមួយកំណត់ត្រាមិនស្គាល់ឈ្នះ៕ 
 

Tag:
 បាល់ទាត់
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com