ពីនេះ ពីនោះ
អន្តរជាតិ
លោក Einstein ប្រាប់កូនប្រុសថា «ជីវិតដូចជាការជិះកង់ រក្សាលំនឹងរបស់អ្នក អ្នកត្រូវតែបន្តឆ្ពោះទៅមុខ»
12, Jun 2021 , 10:29 pm        
រូបភាព
ដោយ: ធីតា
ក្នុងលិខិតមួយច្បាប់ដែលផ្ញើទៅកាន់កូនប្រុសឈ្មោះ Eduard កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៣០ អ្នកប្រាជ្ញរូបវិទ្យាដើមកំណើតអាល្លឺម៉ង់ លោក Albert Einstein បានសរសេរថា៖ «ជីវិតដូចជាការជិះកង់ រក្សាលំនឹងរបស់អ្នក អ្នកត្រូវតែបន្តឆ្ពោះទៅមុខ» (Life is like riding a bicycle. To keep your balance, you must keep moving) ។

 
ខ្លឹមសារក្នុងលិខិតនេះ ត្រូវបានដកស្រង់ចេញពីសៀវភៅ Einstein: His Life and Universe របស់លោក Walter Isaacson បោះពុម្ពឆ្នាំ២០០៧ ត្រង់ទំព័រទី៣៦៧ ។ 
 
លោក Albert Einstein ជាអ្នកប្រាជ្ញរូបវិទ្យាដើមកំណើតអាល្លឺម៉ង់ ដែលបានទទួលពានរង្វាន់ណូបែលរូបវិទ្យានាឆ្នាំ១៩២១។ លោកទទួលមរណភាពកាលពីឆ្នាំ១៩៥៥ក្នុងអាយុ៧៦ឆ្នាំ។ កំពូលអ្នកប្រាជ្ញរូបនេះ បន្សល់ស្នាដៃជាច្រើន ជាពិសេសទ្រឹស្តីរូបវិទ្យា។
 
នៅឆ្នាំ១៩៩៩ ទស្សនាវដ្តី Time បានផ្តល់ងារលោក Albert Einstein ជាមនុស្សឆ្នើមប្រចាំសតវត្សរ៍ (Person of the Century)។ ក្រៅពីសញ្ជាតិអាល្លឺ់ម៉ង់ លោក Einstein ក៏ត្រូវបានផ្តល់សញ្ជាតិស្វីស អូទ្រីស និងអាមេរិកផងដែរ។ 
 
Eduard Einstein ជាកូនប្រុសទីពីររបស់លោក Albert Einstein ជាមួយលោកស្រី Mileva Maric ដែលភរិយាទីមួយ។ Eduard កើតនៅក្រុងហ្សួរិច ប្រទេសស្វីស។ ក្រោយឪពុកម្តាយលែងលះគ្នា Eduard និង Hans Albert Einstein ត្រូវរស់នៅជាមួយម្តាយ។ 
 
លោក Albert Einstein និង Eduard មិនបានជួបគ្នាទៀតនោះឡើយ ប៉ុន្តែឆ្លើយឆ្លងសំបុត្រគ្នា។ Eduard មានទេពកោសល្យផ្នែកតន្ត្រី សិល្បៈ និងកំណាព្យ ហើយក៏ជាអ្នកគាំទ្រចិត្តវិទូ Sigmund Freud ម្នាក់ផងដែរ។ គាត់បានទទួលមរណភាពនាឆ្នាំ១៩៦៥ ក្នុងអាយុ៥៥ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕



Tag:
 Albert Einstein
  សំដីមាស
© រក្សាសិទ្ធិដោយ thmeythmey.com