អន្តរជាតិ
មីយ៉ាន់ម៉ា ទទួលបានកិច្ចព្រមព្រៀងថ្មីសម្រាប់បើកផ្លូវចរចាសន្តិភាពបញ្ចប់ការប៉ះទង្គិចគ្នា៧ទសវត្សរ៍
23, Aug 2020 , 5:59 pm        
រូបភាព
ដោយ:
សហភាពមីយ៉ាន់ម៉ា នៅថ្ងៃ២១ សីហា បានទទួលកិច្ចព្រមព្រៀងថ្មីមួយ ដែលចុះហត្ថលេខាដោយតំណាងចរចារបស់រដ្ឋាភិបាល និងតំណាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ។ នេះ មិនមែនជាសមិទ្ធផលសម្រេចចុងក្រោយនៃការចរចាសន្តិភាពរបស់មីយ៉ាន់ម៉ានោះទេ តែជាឧបករណ៍កាន់តែរឹងមាំរបស់មីយ៉ាន់ម៉ា ក្នុងការបើកទ្វារសម្រាប់ការចរចាសន្តិភាពបន្តទៀត នៅពេលរដ្ឋាភិបាលថ្មី កាន់តំណែង។

 
មុនពេលនៃការបញ្ចប់អាណត្តិរដ្ឋាភិបាលរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនាពេលខាងមុខដ៏ខ្លីនេះ ទីប្រឹក្សារដ្ឋ និងជាប្រធានក្រុមផ្សះផ្សារជាតិមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានសម្រេចជំរុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមានគោលបំណងបញ្ចប់ការប៉ះទង្គិចប្រដាប់អាវុធដ៏រ៉ាំរ៉ៃក្នុងប្រទេស និងបង្កើតសន្តិភាព ក៏ដូចជាការបង្រួបបង្រួមជាតិពេញលេញ។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន មីយ៉ាន់ម៉ាថាមស៍ កិច្ចព្រមព្រៀង ដែលឈ្មោះថា កិច្ចព្រមព្រៀងសហភាពទី៣ និងចុះហត្ថលេខាដោយតំណាងរដ្ឋាភិបាល និងតំណាងក្រុមជនជាតិភាគតិចប្រដាប់អាវុធ១០ក្រុម ត្រូវបានធ្វើឡើងបន្ទាប់ពីភាគីពាក់ព័ន្ធ បានបញ្ចប់កិច្ចប្រជុំលើកទី៤ រយៈពេលបីថ្ងៃ ស្តីពីសន្និសីទសន្តិភាព Palong សតវត្សរ៍ទី២១។
 
តាមប្រភពព័ត៌មានដដែល កិច្ចព្រមព្រៀងថ្មីនេះ បានបញ្ញត្តិប្រការសំខាន់ចំនួន១៥ស្តីពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាតិ ដែលក្នុងនោះរាប់បញ្ចូលទាំងការពង្រាយ និងចល័តទ័ព, ការកំណត់ដែនអធិបតេយ្យ ក៏ដូចជានីតិវិធីសម្រាប់ដោះស្រាយលើការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល ជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចទាំង១០ក្រុម ដែលជាហត្ថលេខី នៃកិច្ចព្រមព្រៀងនេះផងដែរ។
 
តាមការអះអាងរបស់លោកស្រី អ៊ុងសាន ស៊ូជី នាកម្មវិធីបិទបញ្ចប់សន្និសីទនេះ កិច្ចព្រមពៀងសហភាពទី៣ គឺជាទ្វារមួយ ក្នុងការដោះស្រាយការយល់ច្រលំគ្នា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាតិ និងផលលំបាក ដែលបានប្រឈមនៅពេលអនុត្ត។ លោកស្រី ចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដែលល្អប្រសើរ និងរឹងមាំជាងពេលមុនៗ ហើយប្រធានចរចារូបនេះ ក៏បានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តលើមាគ៌ាសន្តិភាពផងដែរ។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យរបស់ការិយាល័យប្រធានាធិបតី លោក Zaw Htay បានចាត់ទុកកិច្ចសន្ទនាចរចាលើកទីបួននេះ បានផ្តល់នូវសញ្ញាណវិជ្ជមានថ្មីសម្រាប់កសាងសន្តិភាព ក្រោយពីការបោះឆ្នោតឆ្នាំ២០២០ផងដែរ។ លោក អះអាងថា នេះគឺជាជោគជ័យមួយ ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពដែលមានបញ្ញត្តិទាំងជំហ៊ាននីមួយៗសម្រាប់អនុវត្តក្រោយឆ្នាំ២០២០ ដែលមានទាំងការកែទម្រង់ប្រជាធិបតេយ្យ និងការផ្សះផ្សារជាតិ។
 
គួរជម្រាបផងដែរថា ក្រោយនៃការទទួលបានឯករាជ្យជាច្រើនទសវត្សរ៍មកនេះ មីយ៉ាន់ម៉ា នៅមិនទាន់អាចបង្កើតបានសន្តិភាពពេញលេញបាននៅឡើយនោះទេ។ ការប៉ះទង្គិចនៅក្នុងប្រទេស ដែលមានជនជាតិភាគតិចចម្រុះជាច្រើន ដែលមានទាំងទាហានឯករាជ្យខ្លួនឯងផងនោះ នៅតែបន្តកើតមានជាបន្តបន្ទាប់។ ជាក់ស្តែងនោះ វិបត្តិរ៉ូហ៊ីងយ៉ា ដែលធ្វើឲ្យមីយ៉ាន់ម៉ា បាក់មុខលើឆាកអន្តរជាតិយ៉ាងខ្លាំងនោះ ក៏ដោយសារតែការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម។  
 
ជារឿងគួរកត់សម្គាល់ ក្រោយពេលនៃការកាន់អំណាចលើកដំបូងក្នុងនាមរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ានៅឆ្នាំ២០១៦ លោកស្រី អ៊ុងសាន ស៊ូជី បានចាប់ផ្តើមបង្កើតឲ្យមានកិច្ចសន្ទនាជាមួយនឹងក្រុមជនជាតិភាគតិច ដែលមានទាហានឯករាជ្យប្រដាប់អាវុធ។ កិច្ចសន្ទនានេះ ហាក់ជួបផលលំបាកច្រើន ព្រោះមានបញ្ហាចម្រូងចម្រាស់ជាច្រើន ខណៈការប៉ះទង្គិចរវាងកងកម្លាំង និងក្រុមទាហានឯករាជ្យ នៅតែបន្តកើតមានជាញឹកញាប់។
 
ការណ៍ដែលធ្វើកិច្ចសន្ទនា ក៏ដូចជាការបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់មួយផ្លូវការរបស់មីយ៉ាន់ម៉ា មិនទាន់បានជោគជ័យ ក៏ព្រោះតែក្រុមឧទ្ទាម ឬក្រុមជនជាតិភាគតិចទាំងអស់ មិនទាន់ចូលរួម។ ហើយភាគីពាក់ព័ន្ធ ក៏មិនទាន់ឯកភាពគ្នាក្នុងការទាមទារស្វ័យភាពគ្រប់គ្រងលើតំបន់របស់ពួកគេ ក៏ដូចជាការចង់បង្កើតរដ្ឋធម្មនុញ្ញខ្លួនឯងសម្រាប់តំបន់គ្រប់គ្រងផងដែរ៕ 

Tag:
 មីយ៉ាន់ម៉ា
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com