COVID-19
អន្តរជាតិ
កូរ៉េខាងត្បូងព្រមានពីការរាតត្បាត COVID-19 ទូទាំងប្រទេស ខណៈករណីឆ្លងបន្តហក់ឡើងខ្ពស់ ស្ត្រីម្នាក់ពាក់ម៉ាស់ កំពុងដើរក្នុងទីក្រុងសេអ៊ូល។ រូបភាពAFP
× កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែសីហា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន៣៩៧នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនខ្ពស់បំផុតគិតតាំងពីដើមខែមីនាមក។ អាជ្ញាធរសុខាភិបាលបានព្រមានពីលទ្ធភាពជំងឺនេះរាលដាលទូទាំងប្រទេស ខណៈករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅទីក្រុងសំខាន់ៗក្រៅពីតំបន់ឆ្លងចម្បងនៅរដ្ឋធានីសេអ៊ូល។ វិធានការរឹតត្បិតកម្រិតធ្ងន់ នឹងត្រូវអនុវត្តជាថ្មី បើករណីឆ្លងបន្តកើនឡើង។
ក្នុងចំណោមករណីឆ្លងថ្មីចំនួន៣៩៧នាក់ រដ្ឋធានីសេអ៊ូល និងទីក្រុងជុំវិញមានចំនួន២៩៤ករណី និងជាង១០០ករណីទៀតនៅទីក្រុង និងខេត្តផ្សេងៗ។ ខេត្ត Gyeonggi និងទីក្រុង Incheonដែលជាប់ទីក្រុងសេអ៊ូល, ទីក្រុង Gwangju នៅភាគត្បូង ក៏ដូចជាទីក្រុង Daejeon នៅភាគកណ្ដាល សុទ្ធតែមានករណីឆ្លងទាំងអស់។ ករណីឆ្លងសរុបនៅកូរ៉េខាងត្បូងមានដល់១៧៣៩៩នាក់ហើយ។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានព្រមានពីការអនុវត្តឡើងវិញវិធានការសុវត្ថិភាពតឹងរ៉ឹងដូចជាការបិទសាលារៀន និងអាជីវកម្មទាំងអស់ បើចំនួនករណីឆ្លងថ្មីមានកំណើនរហ័សដូចស្ថានភាពបច្ចុប្បន្ន។ ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងកូរ៉េ អ្នកស្រី Jung Eun-kyeong និយាយក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែសីហា ថា ស្ថានការណ៍ធ្ងន់ធ្ងរណាស់ ខណៈកូរ៉េខាងត្បូងស្ថិតនៅមាត់ច្រកនៃការរាលដាលទូទាំងប្រទេស។
«សូមស្នាក់នៅផ្ទះបើអាចធ្វើបាន។ យើងស្នើឲ្យប្រជាជនទាំងអស់អនុវត្តតាមវិធានសុខាភិបាលឲ្យបានពេញលេញ។» អ្នកស្រី Jung និយាយបែបនេះ ហើយបន្ថែមថា ចំនួនករណីឆ្លងនៅកូរ៉េខាងត្បូង មិនទាន់ដល់កម្រិតកំពូលនៅឡើយទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
នៅរដ្ឋធានីសេអ៊ូលទីដែលមានករណីឆ្លងថ្មីច្រើនជាងគេ អាជ្ញាធរបានចាប់ផ្ដើមដាក់វិធានការរឹតបន្តឹងតាំងពីសប្ដាហ៍មុន។ ចាប់ពីថ្ងៃទី២៣ ខែសីហា វិធានការថ្មីក៏ត្រូវបានប្រកាសថែមទៀតរួមមានការកំណត់ចំនួនការប្រមូលទ្រង់ទ្រាយធំនៅតាមវិហារ ការបិទក្លិបកម្សាន្តជាដើម។ ការអនុញ្ញាតឲ្យទស្សនកិច្ចចូលក្នុងកីឡដ្ឋាន ក៏ត្រូវបានដកវិញដែរ។
ជាមួយគ្នានេះ ចាប់ពីថ្ងៃទី២៤ ខែសីហា ប្រជាជនក្នុងរដ្ឋធានីកូរ៉េខាងត្បូងទាំងអស់ ត្រូវពាក់ម៉ាស់នៅទីសាធារណៈ៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com