ជាតិ
លោក ប៉ុក បូរក្ស៖ កម្ពុជាត្រូវការដៃគូសហការ ដើម្បីបង្កើតសាលាភាពយន្ត
23, Aug 2020 , 8:59 pm        
រូបភាព
លោក ប៉ុក បូរក្ស រូប​កណ្ដាល (រូប​ពី​ហ្វេសប៊ុក Pok Borak)
លោក ប៉ុក បូរក្ស រូប​កណ្ដាល (រូប​ពី​ហ្វេសប៊ុក Pok Borak)
ភ្នំពេញ៖ កម្ពុជាមិនទាន់មានសាលាភាពយន្តថ្នាក់ជាតិនៅឡើយទេ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ដោយសារសាលាភាពយន្តត្រូវការចំណាយប្រាក់ច្រើន និងធនធានមនុស្សខ្ពស់ ដូច្នេះកម្ពុជាត្រូវការដៃគូសហការ។  ជាមួយគ្នានេះ នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាននឹងកំពុងស្វះស្វែងរកដៃគូសហការរួចហើយ។


 
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជានៅមិនទាន់មានសាលាបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សាពេញលេញ នៅថ្នាក់ជាតិនៅឡើយទេ។ ប៉ុន្តែនៅថ្នាក់ជាតិដដែលនេះ មានបង្រៀនវគ្គខ្លីៗស្ដីពីភាពយន្ត ដោយភាគច្រើនបង្រៀនផ្នែកបច្ចេកទេស។ 
 
បើតាមលោក ប៉ុក បូរក្ស វគ្គខ្លីស្ដីពីការបង្រៀនបច្ចេកទេសភាពយន្តនោះមាន៣កម្រិត ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ គឺការបណ្ដុះបណ្ដាលលើការសរសេរអត្ថបទភាពយន្ត ការថត និងការដឹកនាំរឿង។ ទោះជាយ៉ាងណា ការបណ្ដុះបណ្ដាលផ្នែកសម្ដែង បច្ចុប្បន្ននៅថ្នាក់ជាតិមិនទាន់មានឡើយ ប៉ុន្តែផ្នែកឯកជនមានបង្ហាត់។
 
ប្រធាននាយកដ្ឋានភាពយន្តរូបនេះ បានបញ្ជាក់ថា កម្ពុជាមានបញ្ហាប្រឈមមួយចំនួន ដែលមិនអាចបើកសាលាភាពយន្តតែឯងបាន ដោយចាំបាច់ត្រូវរកដៃគូសហការ។ លោក ប៉ុក បូរក្ស លើកឡើងថា ក្រៅពីខ្ទង់ចំណាយយ៉ាងខ្ពស់ កម្ពុជានៅខ្វះធនធានមនុស្ស ជាសាស្ត្រាចារ្យផ្នែកភាពយន្ត ដែលអាចក្លាយទៅជាគ្រូបណ្ដុះបណ្ដាល។ ជាមួយគ្នានោះ ទីផ្សារភាពយន្តរបស់កម្ពុជា ក៏នៅតូចចង្អៀតផងដែរ។ 
 
បើនិយាយពីការផលិតភាពយន្តនៅក្នុងស្រុក លោក ប៉ុក បូរក្ស ថាក្នុងមួយឆ្នាំកម្ពុជាផលិតបានតែប្រមាណ២០ទៅ៣០រឿងប៉ុណ្ណោះ។ ទីផ្សារតូចចង្អៀតនេះហើយ ដែលធ្វើឱ្យក្រសួងវប្បធម៌ ពិបាកនឹងបង្កើតថ្នាលបណ្ដុះបណ្ដាលកម្រិតបរិញ្ញា។


រូប​ពី​ហ្វេសប៊ុក Pok Borak
 
ដោយសារ នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសមាជិក ក្នុងក្របខណ្ឌ Asian Korea Film organization ដូច្នោះហើយ ក្រសួងវប្បធម៌បាននឹងកំពុងស្វែងរកដៃគូរសហការជាមួយខាងភាគីកូរ៉េ ដើម្បីពិនិត្យលើលទ្ធភាពក្នុងក្របខ័ណ្ឌប្រទេសទាំង២ ថាតើកូរ៉េអាចជួយកម្ពុជាក្នុងកម្រិតណា។ ប៉ុន្តែដោយសារភាគីកូរ៉េមានបញ្ហា ស្របពេលមានវិបត្តិកូវីដ១៩ផង កិច្ចការដែលបានដំណើរការតាំងពីឆ្នាំ២០១៩មក ត្រូវព្យួរទុកទាំងអស់។
 
លោក ប៉ុក បូរក្ស បញ្ជាក់បន្ថែម៖«បើនិយាយពីភាពយន្ត មានជំនាញច្រើននៅក្នុងហ្នឹង ដូចជាផ្នែកសរសេរ ដឹកនាំរឿង ថត កាត់ត សម្ដែង និងមានច្រើនទៀត។ ការរៀនភាយន្តចំណាយពេលយូរជាងរៀនបរិញ្ញាផ្សេងៗ គឺប្រហែលរៀន៦ឆ្នាំ។ រៀនភាពយន្តត្រូវធ្វើស្នាដៃ ហើយស្នាដៃនោះគឺជាការផលិតភាពយន្ត ដែលត្រូវការចំណាយប្រាក់ច្រើន នេះជាបញ្ហាប្រឈមមួយដែរ។ អ្នករៀនត្រូវតែមានថវិកាខ្លួនឯង មិនអាចសាលារ៉ាប់រងទាំងអស់ឡើយ។
 
ទីផ្សារតូចមានន័យថា សកម្មភាពនៃការថតនៅតិច ឧទាហរណ៍ថាយើងបណ្ដុះបណ្ដាលមនុស្សបាន១០០នាក់ក្នុងមួយឆ្នាំក្នុងកម្រិតបរិញ្ញា តើយើងអាចបំពេញតម្រូវការការងារឱ្យគាត់បានទេ នេះជាការទទួលខុសត្រូវមួយ ដែលយើងត្រូវពិចារណា។ ម្យ៉ាងយើងក៏បារម្ភពីទីផ្សារដែលមានតែនៅក្នុងស្រុក ដោយមិនទាន់អាចពង្រីកទៅក្រៅប្រទេសរួចដែរ។ បើនិយាយពីការចំណាយរបស់សាលា យើងត្រូវការមានស្ទូឌីយោត្រឹមត្រូវ ក្នុងដំណើរការរៀន និងត្រូវចំណាយច្រើនទៀត ដូច្នេះត្រូវការចំណាយធនធានច្រើន។ 
 
គេមើលឃើញថាវិស័យភាពយន្តនៅកម្ពុជា ហាក់នៅមានកម្រិត ទាំងគុណភាពបច្ចេកទេស និងការសម្ដែង។ ប៉ុន្តែបើយើងមើលពីលទ្ធភាពនិងធនធាន ដែលកម្ពុជាមាន ក្នុងដំណាក់កាលមិនទាន់មានសាលាបណ្ដុះបណ្ដាលពេញលេញនៅឡើយនេះ គុណភាពភាពយន្តប៉ុណ្ណេះ អាចថាកម្ពុជាធ្វើបានល្អ ប្រើប្រៀបនឹងប្រទេសជិតខាង ដែលមានសាលាបណ្ដុះបណ្ដាលជំនាញភាពយន្តរួចទៅហើយនោះ៕ 
 

Tag:
 ភាពយន្ត
  សិល្បៈ
 ដៃគូ
 សាលា
 កម្ពុជា
 កុន
 រឿង
© រក្សាសិទ្ធិដោយ thmeythmey.com