ជាតិ
ទំនប់តាអននៅក្រុងបាត់ដំបង ជាប្រភពទឹកកសិកម្មផង និងជាកន្លែងទាក់ទាញទេសចរណ៍ផងដែរ
23, Aug 2020 , 10:29 pm        
រូបភាព
ទំនប់តាអន
ទំនប់តាអន
ដោយ:
គិតត្រឹមថ្ងៃទី១៣ ខែសីហា គម្រោងអភិវឌ្ឍទំនប់តាអន ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានសម្រេចប្រមាណ ៧៦ភាគរយ។ ទំនប់តាអនជាគម្រោងក្រោមហិរញ្ញប្បទានសម្បទាន របស់សាធារណរដ្ឋកូរ៉េ និងមានលទ្ធភាពអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើដំណាំស្រូវប្រមាណ ៤ ម៉ឺនហិកតា។

 
ថ្លែងនាឱកាសចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍទំនប់តាអន ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា៖ «គម្រោងអភិវឌ្ឍទំនប់តាអនខេត្តបាត់ដំបង បានរៀបចំគណៈកម្មការជាតិ សាង់សង់ និងជួសជុលឡើងវិញនៅឆ្នាំ ១៩៨១ ប៉ុន្តែដោយសារថវិកាមិនគ្រប់គ្រាន់ទើបពន្យាពេលរហូតដល់ឆ្នាំ២០២០ ពោលមានរយៈពេល ៣៩ឆ្នាំ។ ហើយមុននឹងឈានដល់ក្រុមហ៊ុនកូរ៉េនេះ កម្ពុជាបានមើលទៅលើក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនចិនដែរ»។ 
 
គម្រោងអភិវឌ្ឍទំនប់តាអន ខេត្តបាត់ដំបង ជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្ម អាចផ្គត់ផ្គង់ទឹកលើដំណាំស្រូវវស្សាបានប្រមាណ ៣ ម៉ឺនហិកតា និងស្រូវប្រាំងបានប្រមាណ ១ ម៉ឺនហិកតា។ ក្រៅពីអាចផ្គត់ផ្គង់ទឹកសម្រាប់វិស័យកម្ម ជាប្រភពទឹកស្អាត ទំនប់តាអន ក៏ជាកន្លែងអាចទាក់ទាញអ្នកទេសចរផងដែរនៅរដូវទឹកឡើង។ នេះបើតាមលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។
 
លោកបានបញ្ជាក់ទៀតថា៖«គម្រោងអភិវឌ្ឍទំនប់តាអនខេត្តបាត់ដំបង ប្រើប្រាស់ថវិកាប្រមាណ ៤២លានដុល្លារ ដើម្បីសាង់សង់ និងជួសជុលឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ និងគ្រោងបញ្ចប់គម្រោងនៅពាក់កណ្ដាលឆ្នាំ២០២១»។ 
 
តាមរយៈក្រសួងព័ត៌មាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឲ្យដឹងថា គម្រោងអភិវឌ្ឍទំនប់តាអន ជាប្រព័ន្ធធារាសាស្រ្តមួយស្ថិតនៅដងស្ទឹងសង្កែ។ វាអាចជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបង្កបង្កើនផល សម្រាប់ពលរដ្ឋនៅស្រុកចំនួន៣ រួមមាន៖ ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល។ 
 
ដោយសារខេត្តបាត់ដំបងជាខេត្តមួយសំខាន់ក្នុងការចូលរួមផលិតស្រូវ ទើបក្រសួងធនធានទឹក តែងគិតគូរ ក៏ដូចជាជំរុញការងារអភិវឌ្ឍលើវិស័យធនធានទឹក។ ក្រៅពីទំនប់ទឹកតាអន បាត់ដំបងមានប្រភពទឹកសំខាន់ៗជាច្រើនដូចជា៖ សំណង់ទប់ទឹកដូនទ្រី, ទំនប់ស្ដុកទឹកបាសាក់, ព្រែកជីក, និងរៀមគត់។
 
សូមបញ្ជាក់ថាបាត់ដំបងជាខេត្តជាប់ចំណាត់ថ្នាក់លេខ២ លើវិស័យកសិកម្ម ដោយខេត្តព្រៃវែង ជាប់ចំណាត់ថ្នាក់ទី១ និងខេត្តតាកែវ ជាប់ចំណាត់ថ្នាក់ទី៣៕
 




Tag:
 ទំនប់តាអន
© រក្សាសិទ្ធិដោយ thmeythmey.com