កំណាព្យ
ជាតិ
ពូជអ្នកចម្បាំង!
24, Aug 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ


បទ គោព័ទ្ធស្នឹង
 
ពូជអ្នកចម្បាំងខ្លាំងល្បាញល្បី
ល្បីក្នុងលោកីយ៍គេកោតក្រែង
ក្រែងកាលគ្រានោះព្រោះខ្លាំងស្តែង
ស្តែងស្តីសម្ញែងសម្តែងឫទ្ធិ។
 
ឫទ្ធិខ្លាំងញ៉ាំងកាយសប្បាយរស់
រស់មិនរង្គោះរង្គើពិត
ពិតបានពីរួមគ្នារិះគិត
គិតច្នៃប្រឌិតមិនបណ្តោយ។
 
ដោយសារបែកបាក់ដាក់ដុនដាប
ដាបដួលដេកក្រាបនាពេលក្រោយ
ក្រោយមកទ្រាំរស់ព្រោះគេឲ្យ
ឲ្យហេតុយើងខ្សោយហើយសង្កត់។
 
កត់កៀបរៀបកលច្របល់ជាន់
ជាន់ចៀរបំភាន់ឲ្យខ្មែរខ្សត់
ខ្សត់ខ្សោះកម្លាំងតាំងគេបត់
បត់បែបប្រាកដបន្តក់ទឹក។
 
ទឹកប្រស់យើងរស់ព្រោះឃើញផល
ផលគេបានដល់ដៀលលែងនឹក
នឹកអ្នកធ្លាប់ខ្លាំងគាំងដេកស្ពឹក
ស្ពឹកខ្លះខ្លាំងនឹកបំបែកជាតិ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com