ជាតិ
រដ្ឋមន្ត្រីអប់រំ និងតំណាងរាស្ត្រ ពិភាក្សាការងារនៅហាងកាហ្វេ
× លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាបានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុក ដែលលោកបានថតជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន នៅមុខហាងកាហ្វេប្រោន (Brown) ដែលជាយីហោខ្មែរដ៏ល្បី។ រូបថតមួយសន្លឹកនេះបានទាក់ទាញចំណាប់អារម្មណ៍មហាជននៅលើហ្វេសប៊ុកអំពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំជំនាន់ថ្មី។
រូបថតបញ្ឈរមួយសន្លឹក បង្ហាញរូបអ្នកនយោបាយពីររូបដែលមានកម្ពស់ប្រហាក់ប្រហែលគ្នា ហើយដែលមហាជនស្គាល់ច្បាស់។ ដោយសារតែជាជំនួបថ្ងៃអាទិត្យ ហើយនៅហាងកាហ្វេផង លោករដ្ឋមន្ត្រីអប់រំបានពាក់ស្បែកជើងកីឡា។ នៅពីលើរូបថតនេះ លោក ហ៊ុន ម៉ានី ដែលធ្លាប់បានធ្វើកិច្ចការច្រើនជាមួយលោករដ្ឋមន្ត្រី បានសរសេរយ៉ាងចំហអរគុណលោករដ្ឋមន្ត្រីសម្រាប់ការពិភាក្សាដ៏សំខាន់។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរបន្ថែមជាភាសាអង់គ្លេស ជូនលោក ហង់ ជួនណារ៉ុន យ៉ាងដូច្នេះ៖« [លោក] គឺជាមនុស្សម្នាក់ដែលខ្ញុំគោរពខ្លាំង ជាពិសេសភាពឈ្លាសវៃ ការយល់ដឹង ការទទួលខុសត្រូវ និងភាពរាបសារទន់ភ្លន់របស់លោក។»។
តាមរយៈសារខាងលើនេះ សាធារណជនគ្រាន់តែដឹងថា អ្នកនយោបាយទាំងពីរបានពិភាក្សាការងារជាមួយគ្នា ដោយពុំចាំបាច់តែថ្ងៃធ្វើការក្នុងសប្តាហ៍ធម្មតា នៅក្នុងស្ថាប័នរបស់ខ្លួនឡើយ។
លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានយល់ព្រមបង្កើតសកម្មភាពមួយចំនួនជួយក្នុងវិស័យអប់រំ។ ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំឱ្យមានថ្នាក់បំប៉នត្រៀមប្រឡងសញ្ញាបត្រទុទិយភូមិ និងបញ្ជូនយុវជនស្ម័គ្រចិត្តចូលរួមត្រួតពិនិត្យក្នុងសម័យប្រឡងបាក់ឌុបទៀតផង។
គួររម្លឹកផងដែរថា តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន គេតែងសង្កេតឃើញលោក ហ៊ុន ម៉ានី ជួបជាមួយអ្នកនយោបាយ តំណាងវិស័យឯកជន និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាដើម នៅតាមភោជនីយដ្ឋាន៕
© រក្សាសិទ្ធិដោយ thmeythmey.com