អន្តរជាតិ
រដ្ឋាភិបាល​ចិន​គាំទ្រ​ចលនា «​ជីវិត​ជនជាតិ​ស្បែក​ខ្មៅ​មាន​សារៈ​សំ​ខា​ន‍់​» ប៉ុន្តែ​ជំទាស់​នឹង​ការពិភាក្សា​អំពី​រឿងនេះ​នៅក្នុង​ប្រទេស​
24, Aug 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ បុរសម្នាក់ឈរថតសែលហ្វីមុខការសរសេរលើជញ្ជាំងមួយ ដែលថា «ជីវិត​ជន​ជាតិ​ស្បែក​ខ្មៅ​មាន​សារៈ​សំខាន់‍» នៅខាងមុខផ្ទះរបស់ខ្លួន នៅក្រុង San Francisco សហរដ្ឋអាមេរិក។
រូបឯកសារ៖ បុរសម្នាក់ឈរថតសែលហ្វីមុខការសរសេរលើជញ្ជាំងមួយ ដែលថា «ជីវិត​ជន​ជាតិ​ស្បែក​ខ្មៅ​មាន​សារៈ​សំខាន់‍» នៅខាងមុខផ្ទះរបស់ខ្លួន នៅក្រុង San Francisco សហរដ្ឋអាមេរិក។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​ចលនា​«​ជីវិត​ជនជាតិ​ស្បែក​ខ្មៅ​មាន​សារៈ​សំ​ខា​ន‍់​» ឬ Black Lives Matter ក្នុង​សហរដ្ឋអាមេរិក​ដោយនិយាយ​ថា ការប្រកាន់​ពូជសាសន៍​ក្នុង​សហរដ្ឋអាមេរិក​មាន​រាប់​ទសវត្សរ៍​មកហើយ ហើយ​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​។​

 
​នាពេល​ថ្មីៗ​នេះ ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង Guangzhou នៃ​ប្រទេស​ចិន បានរៀបចំ​ពិធី​សន្ទនា​ដើម្បី​ពន្យល់​ពួក​អ្នកចូលរួម​ពី​គោលបំណង​នៃ​ចលនា​នេះ​។ អាជ្ញាធរ​ចិន​ចោទប្រកាន់ថា ស្ថាន​កុងស៊ុល​អាមេរិក​បាន​ប៉ុនប៉ង​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុងចំណោម​ពលរដ្ឋ​អាហ្វ្រិក​ដែល​រស់នៅក្នុង​ទីក្រុង​នោះ​។​
 
​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​ចិន​កំពុង​ចោទប្រកាន់​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​ក្នុង​មូលដ្ឋាន​ពី​ការប៉ុនប៉ង​ញុះញង់​ឲ្យ​មាន​ភាពចលាចល​ក្នុងចំណោម​ពលរដ្ឋ​អាហ្វ្រិក​នៅក្នុង​ទីក្រុង Guangzhou បន្ទាប់ពី​ពលរដ្ឋ​អាមេរិកាំង​បានធ្វើ​ការរៀបចំ​ការពិភាក្សា​ស្តីពី​ចលនា​«​ជីវិត​ជនជាតិ​ស្បែក​ខ្មៅ​មាន​សារៈ​សំ​ខា​ន‍់​» ឬ (BLM) កាលពី​ចុង​សប្តាហ៍​មុន​។ កម្មវិធី​នៅឯ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​ក្នុង​ក្រុង Guangzhou ដែលមាន​ចំណងជើង​ថា «​ជីវិត​ជនជាតិ​ស្បែក​ខ្មៅ​មាន​សារៈ​សំ​ខា​ន‍់​» ឬ Black Lives Matter ដោយបាន​អញ្ជើញ​អ្នកចូលរួម​ចំនួន ៦០ នាក់​ដើម្បី​ស្តាប់​ពលរដ្ឋ​អាមេរិកាំង​២​នាក់​ពិភាក្សា​ពី​ប្រវត្តិ​នៃ​ចលនា​នេះ​និង​ទស្សនៈ​របស់​ពួកគេ​ថា​តើ​ការប្រកាន់​ពូជសាសន៍​ជា​ប្រព័ន្ធ​បន្ត​ប៉ះពាល់​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ដូចជា ការទិញ​ឬ​ជួល​ផ្ទះ ការថែទាំ​សុខភាព និង​ការងារ​យ៉ាងដូចម្តេច​។ ការពិភាក្សា​នេះ​បានកំណត់​ឲ្យ​អ្នកចូលរួម​ចំនួន​៦០​នាក់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ពួក​អ្នកចូលរួម​មាន​កន្លែង​គ្រប់គ្រាន់​ដើម្បី​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ដើម្បី​រារាំង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​។​
 
​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​អគ្គ​ស្ថាន​កុងស៊ុល​អាមេរិក​ក្នុង​ក្រុង Guangzhou បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់ VOA ថា ពួក​វាគ្មិន​ទាំងនោះ​បាន​បំភ្លឺ​ការយល់ច្រឡំ​ជាទូទៅ​ដែល​មនុ​ស្សមាន​អំពី​គោលដៅ​នៃ​ចលនា​នេះ​គឺ សមភាព និង​យុត្តិធម៌​ខាង​ជាតិ​សាសន៍​។​
 
​អត្ថបទ​មួយ​ជា​ភាសា​អង់គ្លេស​ក្នុង​កាសែត Global Times ដែលជា​បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​អះអាង​អំពី​ព្រិ​ត្តិ​ការណ៍​នៅ​ស្ថាន​កុងស៊ុល​ថា ព្រឹត្តិការណ៍​នេះ​បាន​«​ញុះញង់​ឲ្យ​មាន​ចលាចល​»​ក្នុងចំណោម​ពលរដ្ឋ​អាហ្វ្រិក​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង Guangzhou​។ ជនអន្តោប្រវេសន៍​អាហ្វ្រិក​នៅក្រៅ​ប្រទេស​រាប់ពាន់​នាក់​បាន​តាំង​ទីលំនៅ​ក្នុង​ទីក្រុង Guangzhou ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​ដោយបាន​បង្កើត​អ្វីដែល​មនុស្ស​ជាច្រើន​ជឿថា ជា​សហគមន៍​ដ៏​ធំ​បង្អស់​របស់​ជនជាតិ​អាហ្វ្រិក​នៅក្រៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​។​
 
​នៅ​ដើម​ឆ្នាំនេះ ពួកពាណិជ្ជករ​និង​និស្សិត​អាហ្វ្រិក​ដែល​កំពុង​រស់នៅក្នុង​តំបន់​នោះបាន​ត្អូញត្អែរ​ពី​ការរើសអើង​ពួកគេ​ក្នុងអំឡុង​នៃ​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូ​រ៉ូ​ណា​យ៉ាងខ្លាំង​ដោយនិយាយ​ថា ពួកគេ​ត្រូវបាន​គេ​បណ្តេញ​ចេញពីផ្ទះ បដិសេធ​មិន​ឲ្យ​ចូល​ភោជនីយដ្ឋាន និង​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ទៅធ្វើ​តេស្ត​មេរោគ​កូ​រ៉ូ​ណា​ដែល​នាំ​ឲ្យ​មានការ​ត្អូញត្អែរ​ពី​ស្ថានទូត​របស់​ពួកគេ​។​
 
​ចាប់តាំងពី​ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​បន្ទាប់ពី​លោក George Floyd ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​បាន​ស្លាប់​នៅក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​កាលពី​ថ្ងៃទី​២៥ ខែឧសភា ក្នុង​រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក ចលនា​ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​សារៈសំខាន់ បាន​នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​ពិភពលោក​ចំពោះ​ការជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ការប្រកាន់​ពូជសាសន៍​ជា​ប្រព័ន្ធ​នៅក្នុង​ប្រទេស​អាមេរិក​។​
 
​ពួក​មន្ត្រី​ចិន​ក៏បាន​គាំទ្រ​ចលនា​នេះដែរ ដោយ​មើលឃើញ​ចលនា​នេះ​ថា ជា​វិធី​មួយ​ដើម្បី​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន បន្ទាប់ពី​ការឃ្លាំមើល​អស់​ពេល​ជាច្រើន​ខែ​លើ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ពួក​អ្នក​តវ៉ា​ប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​។​
 
​លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា «​ការរើសអើង​ពូជសាសន៍​ជា​បញ្ហា​យូរអង្វែង​ក្នុង​សហរដ្ឋអាមេរិក​។ ចលនា «​ជីវិត​ជន​ស្បែក​ខ្មៅ​មាន​សារៈ​សំ​ខា​ន‍់​» និង «​សិទ្ធិមនុស្ស​របស់​ពួកគេ​ត្រូវតែ​ទទួលបាន​ការធានា​»​។​
 
​លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បញ្ជូន​សារ​តាម Twitter ថា «​ខ្ញុំ មិនអាច​ដកដង្ហើម​ទេ​» ដោយនិយាយ​សំដៅ​ដល់​ពាក្យសម្តី​ចុងក្រោយ​របស់លោក George Floyd នៅពេលដែល​លោកស្រី​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់លោក​ស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ពី​គោលនយោបាយ​ក្រុង​ហុងកុង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​អះអាង​ក្នុង​សេចក្តីរាយការណ៍​ថា «​សហរដ្ឋអាមេរិក​កំពុងមាន​ការឈឺចាប់​និង​មានការ​ចលាចល​យ៉ាងខ្លាំង ដោយសារ​អំពើ​អយុត្តិធម៌​ខាង​ជាតិ​សាសន៍​អស់​ពេល​រាប់​ទសវត្សរ៍​កន្លងមក​។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​នោះបាន​រាយការណ៍​បន្ថែម​ទៀតថា ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​បាន​ឈឺចាប់ ដោយមាន​អត្រា​ស្លាប់​ខ្ពស់​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​បណ្តាញ​ព័ត៌មាន​ចិន បាន​រាយការណ៍​យ៉ាងច្រើន​អំពី​ការតវ៉ា​ប្រឆាំង​និង​ចលាចល​ក្នុងប្រទេស​អាមេរិក​ដោយ​បាន​ពណ៌នា​ថា​ជាការ​បរាជ័យ​នៃ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​។​
 
​អ្នកនាំពាក្យ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង Guangzhou បាន​ប្រាប់ VOA តាម email ថា ពួកគេ​បានរៀបចំ​ពិធី​នានា​ជាធម្មតា​លើ​ប្រធានបទ​នានា​ដែល​ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ​វប្បធម៌​និង​ព្រឹត្តិការណ៍​នាពេល​បច្ចុប្បន្ន​របស់​ស​ហ​រដ្ឋ​អាមេរិក​។ សេចក្តីថ្លែងការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹងថា «​យើង បាន​រកឃើញថា ពិធី​ទាំងនេះ​ជា ឱកាស​ដ៏​មានតម្លៃ​បំផុត​សម្រាប់​យើង ដើម្បី​ឆ្លើយ​ទៅនឹង​សំណួរ​ពី​សាធារណជន​ចិន​អំពី​ស្ថាប័ន​អាមេរិក រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និង​ប្រជាពលរដ្ឋ​អាមេរិកាំង ហើយ​នៅពេល​ជាមួយគ្នា​នោះដែរ យើង​ក៏​ពេញចិត្ត​ចំពោះ​ការរៀនសូត្រ​អំពី​ប្រទេស​ចិន​ពី​ភ្ញៀវ​របស់​យើង​ដែរ​»​។​
 
​ក៏ប៉ុន្តែ​នៅក្នុង​ប្រទេស​ចិន​ដែល​ការចាប់​ពិរុទ្ធ​របស់​រដ្ឋាភិបាល​ជាការ​ធម្មតា ទោះបី​ការពិភាក្សា​របស់​ស្ថានទូត​សម្រាប់​មនុស្ស​មួយចំនួន​តូច​អំពី​ចលនា​សង្គម​នៅ​ឯនាយសមុទ្រ​មាន​ភាពចម្រូងចម្រាស​ក៏ដោយ​។ លោក Zhu Feng ជា​សាស្ត្រាចារ្យ​ទំនាក់​ទ​នង​អន្តរជាតិ​នៅឯ​សាកលវិទ្យាល័យ Nanjing បាន​ប្រាប់ VOA​ថា ថ្វីបើ​ប្រធានបទ​នេះ​ជាការ​ពិភាក្សា​មាន​សារៈសំខាន់​ក៏ដោយ វា​ជា​ពេលវេលា​មិន​ត្រឹមត្រូវ​។​
 
​លោក​បាន​ប្រាប់ VOA ថា «​ខ្ញុំ​គិតថា យើង​គួរតែ​បញ្ចៀស​ប្រធានបទ​ដែល​នាំ​ឲ្យ​មានការ​បែកបាក់​បែបនេះ​ក្នុងអំឡុង​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។ ប្រទេស​ទាំងអស់​ត្រូវតែ​បញ្ចៀស​ប្រធានបទ​ចម្រូងចម្រាស​ដែល​អាចធ្វើ​ឲ្យ​ចលាចល​សង្គម​»​។​
 
​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​នៅក្នុង​ការចុះផ្សាយ​លើ​ខ្ទង់​គណនី​យ​ផ្លូវការ Weibo របស់ខ្លួន​បានបង្ហាញ​នូវ​ការឆ្លើយតប​ដល់​ការរិះគន់​ជុំវិញ​ពិធី​នេះ​ដោយ​និយាយថា «​ការសិក្សាអប់រំ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចប់​ការរើសអើង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com