ជាតិ
ហាម​ស្លៀក​ខើច​លើ​ខើច​ក្រោម ជាការ​ការពារ​វប្បធម៌ ឬ​រឹតត្បិត​សេរីភាព​ស្ត្រី​?
24, Aug 2020 , 11:55 am        
រូបភាព
​ភ្នំពេញ​៖ យុវជន​ខ្មែរ​បញ្ចេញ​ទស្ស​ន​ផ្ទុយគ្នា ចំពោះ​សេចក្ដីព្រាងច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​កំណត់​ការ​ស្លៀកពាក់​នៅ​ទី​សាធ​រណៈ​។ អ្នកខ្លះ​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់​នេះ ព្រោះ​ជាការ​លើកកម្ពស់​ក្រមសីលធម៌ វប្បធម៌ និង​ចូលរួម​កាត់បន្ថយ​ការរំលោភបំពាន​។ រីឯ អ្នក​មិន​គាំទ្រ ដោយសារ​គិតថា វា​បិទ​សិទ្ធិសេរីភាព​ក្នុងការ​ស្លៀកពាក់​ដែលជា​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ ពិសេស​គឺ​ការដាក់​គំនាប​ដល់​ស្រី្ត​។



​យុវជន​ខ្មែរ​មួយចំនួន​ដែល​គាំទ្រ​សេចក្តីព្រាងច្បាប់​ហាម​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​នេះ អះអាងថា កម្ពុជា​គួរ​មានច្បាប់​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សណ្ដាប់ធ្នាប់​និង​ក្រមសីលធម៌​ល្អ​ក្នុងសង្គម​។ ក្នុង​ឯកសណ្ឋាន​ជា​និស្សិត កំពុង​អង្គុយ​រំលឹក​មេរៀន​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​ម្ដុំ​ផ្សារ​ទួល​ទំ​ពង កញ្ញា ជួង ល័យ​ធា​វី បានផ្ដល់​កិច្ច​សម្ភាស​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ថា ការបង្កើត​ច្បាប់​នេះ មិនមាន​អ្វី​ប៉ះពាល់​ដល់​កញ្ញា​ឡើយ ព្រោះ​កញ្ញា​មិនមែនជា​អ្នក​និយម​ស្លៀកពាក់​ខ្លី​លើ​ខ្លី​ក្រោម​។ 


កញ្ញា ជួង ល័យធាវី និង លោក សេង សំណាង ដែលជាអ្នកគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីចំណាត់ស្លៀកពាក់។

​កញ្ញា វ័យ​២០​ឆ្នាំ​រូបនេះ គឺជា​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​បាន​និយាយថា ការកំណត់​ការ​ស្លៀកពាក់​នៅ​ទីសាធារណៈ គឺ​លើកកម្ពស់​វប្បធម៌​ខ្មែរ​ដែល​តែងតែ​អប់រំ​កូនចៅ​ឲ្យ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​។ លើសពីនេះ គឺ​លើកកម្ពស់​ក្រមសីលធម៌​មនុស្ស​ទូទៅ​ក្នុងសង្គម ពិសេស​នៅ​ទីសាធារណៈ​។ 
 
​និស្សិត​រាង​តូច​សម្បុរ​សរូប​នេះ​ថ្លែងថា​៖ «​បើ​ការកំណត់​ការ​ស្លៀកពាក់​នេះ ចូល​ជាធរ​មាននៃ​ច្បាប់ គឺ​ល្អ​។ សម្រាប់​ខ្ញុំ​អត់​ប៉ះពាល់​សិទ្ធិសេរីភាព​នៃ​ការ​ស្លៀកពាក់​របស់ខ្ញុំ​ទេ​។ ខ្ញុំ​យល់ថា ការ​ស្លៀកពាក់​មិនត្រូវ​ពាក់​ខ្លី​រហូត​លេច​លើ​លេច​ក្រោម​ឡើយ ព្រោះ​វា​ចូលរួម​ឲ្យ​មាន​ករណី​ចាប់រំលោភ​»​។ 
 
​ចំណែក​លោក សេង សំណាង ក៏​គាំទ្រ​និង​យល់ឃើញ​ដូច កញ្ញា ល័យ​ធា​វី​ដែរ​។ បើទោះបី​រូបលោក មិន​ចិត្ត​ចូល​ដោះអាវ​នៅ​ទីសាធារណៈ ឬ​ស្លៀកពាក់​ដូច​សេចក្ដីព្រាងច្បាប់​បានចែង​ក្តី ក៏​លោក សំណាង ស្នើ​ឲ្យ​មានការ​បញ្ជាក់​ឲ្យ​បាន​ច្បាប់​ថា ការពាក់​ខ្លី​លើ​ខ្លី​ក្រោម​កំណត់​ត្រឹមណា ដើម្បី​ឲ្យ​គ្រប់គ្នា​យល់ច្បាស់​និង​អនុវត្តតាម​ដោយ​គ្មាន​យល់ច្រឡំ ឬ​បកស្រាយ​ខុស​។ ចំណែក​ការកំណត់​កន្លែង​ស្លៀកពាក់​នោះ លោក សំណាង ថា គួរតែ​លើកលែង​ឲ្យ​បាន​ច្រើន ក្រៅពី​កន្លែង​ក្នុង​វិស័យ​ទេសចរណ៍ សិល្បៈ និង​កីឡា​។ ជាក់ស្ដែង​ដូចជា ហាង​ផឹកស៊ី​ជួបជុំ​សប្បាយ ដែល​លោក សំណាង ចង់​ឲ្យ​មាន​ករណី​លើកលែង​បន្ថែមទៀត​។ 
 
​យុវជន​រូបនេះ ថ្លែងថា​៖ «​ការកំណត់​ការ​ស្លៀកពាក់​នេះ ជា​រឿង​ល្អ ព្រោះ​នៅ​ទីសាធារណៈ​យើង​មិនមែន​មានតែ​ម្នាក់ឯង​ឡើង ដូច្នេះ​មនុស្ស​គ្រប់រូប​គួរ​ចេះ​គោរព​អ្នក​នៅ​ជុំវិញខ្លួន ដោយ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ហើយ​ការកំណត់​នេះ ជួយ​លើកកម្ពស់​ស្រី្ត​លើ​តម្លៃ​នៃ​ការ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ក្នុង​ការរស់នៅ​ក្នុងសង្គម​»​។ 


 ស្ត្រីពាក់ម៉ាសប្រឡែងលេងជាមួយសត្វព្រាប នៅក្នុងអំឡុងពេលកូវីដ១៩ នាមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ មេសា ២០២០ (រូបពី AFP)

​និស្សិត​រូបនេះ បានបញ្ជាក់​បន្ថែមថា ការ​ស្លៀកពាក់​បាន​សមរម្យ មិន​បង្ហាញ​កេរ​ខ្មាស គឺ​រួមចំណែក​កាត់បន្ថយ​ការរំលោភបំពាន​។ ក្នុងន័យនេះ លោក បាន​សង្កត់ធ្ងន់​លើ​ពាក្យ​ថា​៖ «​រួមចំណែក គឺជា​ការចូលរួម​បង្ក​ឲ្យ​អ្នកដទៃ​ប្រព្រឹត្តិ​អ្វីមួយ ហើយក៏​មិនមែន​មានន័យថា ភាគី​ដែល​ប្រ​ពឹ​ត្តិ​បទល្មើស​បំពាន​ផ្លូវភេទ​ឬ​រំលោភ មិន​ខុស​ដែរ​។ ក្នុងករណីនេះ គឺ​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​មនុ​ស្សទាំង​២​ភេទ​យល់ដឹង​ពី​ក្រមសីលធម៌ មិន​បំពាន​សិទ្ធិ​អ្នកដទៃ សណ្ដាប់ធ្នាប់ រក្សា​តម្លៃ​រូបរាងកាយ​កេរ​ខ្មាស​។ ខ្ញុំ​គាំទ្រ​ឲ្យ​មានច្បាប់​នេះ​ឡើង​»​។ 
 
​ក្រៅពី​យុវជន​២​រូបនេះ នៅមាន​យុ​ជន​៤​រូប​ផ្សេងទៀត​ដែល​សារព័ត៌មាន​ថ្មីៗ​បាន​សាកសួរ គឺ​សុទ្ធតែ​គាំទ្រ​ចំណាត់ការ​នៃ​សេចក្ដីព្រាងច្បាប់​នេះ​។​
 
​បើ​យើង​សង្កេត​នៅលើ​បណ្ដាញ​សង្គម ឃើញ​មាន​យុវជន​ខ្មែរ​មួយផ្នែក​ទៀត បាន​បញ្ចេញមតិ​មិន​គាំទ្រ​នឹង​ចំណាត់ការ​នេះឡើយ​។ យុវជន​ដែល​មិន​គាំទ្រ​ភាគច្រើន​បានសរសេរថា «​រាងកាយ​ខ្ញុំ​ជម្រើស​ខ្ញុំ​» និង​មតិ​យល់ឃើញ​របស់ខ្លួន​គួបផ្សំ​បន្ថែមទៀត​។ លើសពីនេះ ក្រុមយុវជន​ដែល​មិន​គាំទ្រ​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​ញត្តិ ដើម្បី​ជំទាស់​នឹង​សេចក្ដីព្រាងច្បាប់​ទៀតផង​។ 
 
​កញ្ញា Catherine Harry មិន​គាំទ្រ​នឹង​ចំណាត់ការ​នៃ​សេចក្ដីព្រាងច្បាប់​នេះឡើយ ដោយ​ហៅ​ចំណាត់ការ​នេះ​ថា ការដាក់​គំនាប​លើ​ស្រី្ត​ហើយ​ជាការ​ដាក់បន្ទុក​ដល់​ជនរងគ្រោះ ដែលជា​អ្នក​រង​ការ​បៀតបៀន​ផ្លូវភេទ​ទៀតផង​។ យុវតី​រូបនេះ បាន​សង្កត់ធ្ងន់ថា គ្រប់គ្នា​ត្រូវ​ផ្ដល់​សិទ្ធិ​ដល់​ស្រី្ត​នូវ​អ្វីដែល​ស្រី្ត​ចង់​ធ្វើ មិន​ត្រូវយក​វប្បធម៌ ឬ​ប្រពៃណី​ធ្វើជា​លេស ដើម្បី​ដាក់​គំនាប​ដល់​ស្រី្ត​ឡើយ​។ 


កញ្ញា Catherine ជាយុវជនដែលមិនគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីចំណាត់ការស្លៀកពាក់។ (រូបពីទំព័រហ្វេសប៊ុករបស់ កញ្ញា Catherine )

«​យើង​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​ស្រី្ត​។ សម្រាប់​ខ្ញុំ​មិន​គាំទ្រ​ឲ្យ​សេចក្ដីព្រាងច្បាប់​នេះ ចូល​ជា​ធរមាន​ឡើយ ហើយ​ខ្ញុំ​ឃើញ​ស្រី្ត​ភាគច្រើន​ក្នុង​បណ្ដាញ​សង្គម​ក៏បាន​គាំទ្រ​ច្រើន​ដែរ គឺ​មិន​ចង់​ឲ្យ​មាន​ចំណាត់ការ​នេះ បង្កើត​ចេញ​ជា​ច្បាប់​ឡើង​នោះទេ​។ យើង​យល់ថា មកដល់​សម័យ​នឹង​ហើយ យើង​មិនអាច​និយាយថា មនុស្ស​អត់​គួរ​ធ្វើ​នេះ អត់​គួរ​ធ្វើ​នោះ ដោយសារតែ​វប្បធម៌​បាន​ទៀត​ទេ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ក​ញ្ញា Catherine ។  
 
​ប្រសិនបើ​ច្បាប់​នេះ ចូល​ជា​ធរមាន​នឹង​ប៉ះពាល់​សិទ្ធិសេរីភាព​របស់​ស្រី្ត​គ្រប់រូប ដោយសារ​សេចក្ដីព្រាងច្បាប់​នេះ មិនបាន​បញ្ជាក់ថា ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម មាន​ប្រវែង​ប៉ុណ្ណា គ្មាន​ភាពច្បាស់លាស់​។ ។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា Catherine ដោយបាន​អះអាង​បន្ថែមថា​៖ «​យ៉ាងណាក៏ដោយ​ខ្ញុំ​នៅតែ​មិន​គាំទ្រ​ឲ្យ​កើតមាន​ច្បាប់​នេះ​ទេ ព្រោះ​ពេល​មានច្បាប់​នេះ ពេល​ស្លៀកពាក់​ចេញ​ទៅណា​យើង​គ្រប់គ្នា​តែងតែ​គិតថា គួរតែ​ស្លៀកពាក់​បែបណា ខុសច្បាប់​ឬទេ អ៊ឺ​ចឹ​ង​វា​ប៉ះពាល់​សិទ្ធិ​របស់​បុគ្គល​គ្រប់រូប​»​។ 
 
​ចំណែក​កញ្ញា ឈឹម ស៊ីថរ ក៏ដូចជា​កញ្ញា Catherine ដែរ គឺ​បាន​ចូលរួម​ក្នុង​ញត្តិ​មិន​គាំទ្រ​នឹង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​ស្លៀកពាក់​នៅ​ទីសាធារណៈ​។ កញ្ញា អះអាងថា ច្បាប់​ដែល​ចេញមក​គឺ​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ឲ្យ​ប្រសើរឡើង ហើយ​ការចេញ​ច្បាប់​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព កញ្ញា​មិន​ចូលរួម​គាំទ្រ​ច្បាប់​នោះឡើយ​។ 
 
​សម្រាប់​លក្ខខណ្ឌ​ដែល​ខ្លួន​មើលឃើញ​រឹតត្បិត​សេរីភាព​នេះ កញ្ញា ស៊ីថរ បាន​បញ្ជាក់ថា​៖ «​សេចក្ដីព្រាងច្បាប់​នេះ មាន​លក្ខខណ្ឌ​រឹ​ត្បិត​សិទ្ធិសេរីភាព​របស់​ស្រី្ត​។ យើង​ឃើញថា តើ​អ្វីដែល​យើង​និយាយថា ខុស​វប្បធម៌​! យក​អ្វី​មក​វាស់​! កាលពី​សម័យមុន​យើង ឃើញ​មនុស្ស​សម័យ​នោះ អត់​ពាក់អាវ​ផង ហើយ​មកដល់​សម័យនេះ មក​បង្កើត​ច្បាប់​លើ​ការ​ស្លៀកពាក់​ថា លើកស្ទួយ​ដល់​ស្រី្ត​មិនមែន​ទេ នេះ​ជា​ដាក់​គំនាប​។ ខ្លួន​គាត់​(​ស្រី្ត​) ចង់​ស្លៀកពាក់​ជា​រឿង​របស់​ពួកគាត់ លើកលែងតែ​ថា លក្ខណ​អាសអាភាស​នឹង​យើង​ហាម​ចុះ​។ មិនមែន​ហាម​ជាទូទៅ​ស្លៀក​ខើច​លើ​ខើច​ក្រោម​អី​នោះទេ​»​។ 
 
​ចំពោះ​អ្នក​មិន​ចូល​ចិត្តការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​មួយចំនួន បាន​យក​វប្បធម៌​មក​ដាក់​ការពារ​ពីមុខ ប៉ុន្តែ​វា​មិនមែនជា​រឿង​ត្រឹមត្រូវ​ឡើយ ព្រោះ​មនុស្ស​មានចិត្ត​ផ្សេងគ្នា​។ ដូច្នេះ​ត្រូវ​ទទួលយក​និង​គោរព​សិទ្ធិ​សម្រេច​គ្នា​ទើប​ជា​ជា​រឿង​ត្រឹមត្រូវ​។ នេះ​ជាការ​អះអាង​របស់​កញ្ញា ស៊ីថរ ដោយ​បន្ថែមថា រដ្ឋាភិបាល​គួរតែ​បកស្រាយ​ឲ្យ​ច្បាស់​ចំពោះ​ចំណុច​ស្លៀកពាក់​ខើច​លើក​ខើច​ក្រោម​ខុស​វប្បធម៌ និង​លក្ខខណ្ឌ​នៃ​ការ​ស្លៀកពាក់​នេះ ឲ្យ​បាន​ច្បាស់​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​ក្លាយ​ជាការ​រឹតត្បិត​សិទ្ធិ​ស្លៀកពាក់​របស់​ស្ត្រី​។ សម្រាប់ ក​ញ្ញ ស៊ីថរ នៅតែ​រក្សា​ជំហរ​មិន​ចង់​ឲ្យ​ច្បាប់​នេះ​កើតមាន​ដដែល​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៤ សីហា​នេះ មាន​យុវជន​ជាង​២​ម៉ឺន​នាក់​ហើយ ដែល​ភាគច្រើន​ជា​ស្ត្រី បាន​ចូលរួម​មិន​គាំទ្រ​សេចក្ដីព្រាងច្បាប់​ស្ត្រី​ពី​ចំណាត់ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម​នៅ​ទីសាធារណៈ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ 
 
​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៨​មាត្រា​។ ត្រង់​ជំពូក​ទី​៥ មាត្រា​៣៦​បាន​ចែងថា «​ហាម​ស្លៀកពាក់​ដែល​ប៉ះពាល់​ប្រពៃណីជាតិ​និង​សេចក្តីថ្លៃថ្នូរ​នៅ​ទីសាធារណៈ ជាអាទិ៍​៖ ក​-​បុរស​ស្លៀក​តែ​ខោ​អត់​អាវ​នៅ​ទីប្រជុំជន​ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ ភេទ​។ ខ​-​នារី​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម ឬ​ស្លៀកពាក់​ស្ដើង​មើលឃើញ​កេរ​ភេទ​ឬ​ស្លៀកពាក់​បង្ហាញ ផ្នែក ខ្លះ​នៃ​កេរ​ភេទ​។ ការអនុវត្ត​ក​ឋា​ខណ្ឌ​ខាងលើ​ត្រូវបាន​លើកលែង​ចំពោះតែ​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី​ឬ​តំបន់​ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច »​។​


កញ្ញា ឈឹម ស៊ីថរ ជាយុវជនដែលមិនគាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីចំណាត់ការស្លៀកពាក់។​ (រូបពីទំព័រហ្វេសប៊ុករបស់កញ្ញា ស៊ីថរ) 

​ត្រង់ចំណុច​នេះ​រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​បញ្ជាក់ថា ការហាម​ពលរដ្ឋ​មិនឱ្យ​ស្លៀកពាក់ លេច​លើ​លេច​ក្រោម​នៅតាម​ទីសាធារណៈ ដែល​មានចែង​ក្នុង​សេចក្តីព្រាងច្បាប់ សណ្ដាប់ធ្នាប់​សាធារណៈ​នេះ គឺ​ដើម្បី​រក្សា​ការពារ​តម្លៃ​ប្រពៃណី និង​វប្បធម៌​ជាតិ ។ សម្រាប់​លោក អ៊ុក គឹម​លេខ ការតាក់តែង​ច្បាប់​នេះ ក៏​មិនមែន​រឹតបន្តឹង​សេរីភាព​ពលរដ្ឋ​ដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ុក គឹម​លេខ ដែល​ដឹកនាំ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ បាន​បញ្ជាក់ថា​៖«​យើង​បង្កើត​ច្បាប់​នេះ​ឡើង​ដើម្បី​រៀបចំ​របៀបរៀបរយ​ស​ង្គ​ម​និង​រក្សា​សេចក្តីថ្លៃថ្នូរ​ជាតិ​។ ដូច្នេះ​ទើប​យើង​ហាម​ពលរដ្ឋ​មិនឱ្យ​ស្លៀកពាក់​ហួសហេតុ​នេះ ដើម្បីឱ្យ​ពួកគេ​ស្លៀកពាក់​ឱ្យបាន​សមរម្យ » ។​
 
​ធម្មតា​ប្រទេសមួយ​ត្រូវតែ​មានច្បាប់ សម្រាប់​គ្រប់គ្រង​។ ប៉ុន្តែ​ក្នុង​ករណីខ្លះ ក៏​មិនចាំបាច់​ចែង​ជា​ច្បាប់​ដែរ ។ នេះ​ជាការ​លើកឡើង​របស់លោក ឈ​ត ប៊ុន​ថង ប្រធាន​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ​និង​ទេសចរណ៍ នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​រាជ​នៅ​បណ្ឌិត្យសភា​កម្ពុជា ដោយបាន​បន្ថែមថា ករណី​នៃ​ការ​ស្លៀកពាក់​នេះ គួរតែ​ត្រូវ​អប់រំ​ផ្នត់គំនិត​ពលរដ្ឋ​ប្រសើរ​ជាង​តាក់តែង​ច្បាប់​ដាក់ទោស​ទណ្ឌ​ឬ​ផាកពិន័យ​។ 
 
​លោក ឈ​ត ប៊ុន​ថង បកស្រាយ​ដូច្នេះ​ថា ៖«​សម្រាប់​ខ្ញុំ គិតថា​វា​ហាក់ដូចជា​មិនគួរ​ឈានដល់​ការចេញ ច្បាប់​ទេ គ្រាន់តែ​ការ​ស្លៀកពាក់​។ យើង​អាច​បណ្ដុះ យើង​អាច​អប់រំ​ខាង​សីលធម៌ យើង​ពន្យល់​ប្រជាពលរដ្ឋ​ឬ​កម្រិត​បទបញ្ជាផ្ទៃក្នុង​រឿង​វិន័យ​តាម​កន្លែង​ជាក់លាក់​ណាមួយ​ទៅ ឧទាហរណ៍​ទាហាន ប៉ូលិស គេ​ស្លៀក​យ៉ាងម៉េច សិស្សសាលា​ស្លៀក​យ៉ាងម៉េច គ្រូបង្រៀន​ស្លៀក​យ៉ាងម៉េច​…​អី​ប៉ុណ្ណឹង​។ ខ្ញុំ​គិតថា ប្រហែលជា​បាន​ហើយ​មិន​គួរឱ្យ​(​ឈាន​)​ទៅដល់​មានច្បាប់​» ។ 
 
​ចំណែក​លោកស្រី ប៊ុន រចនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​ស្រី្ត ក្លាហាន បាន​សម្ដែង​ការ​ព្រួយរ​ម្ភ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ការ​ស្លៀកពាក់​នៅ​កម្ពុជា ហើយ​លោកស្រី​ហៅ ចំណាត់ការ​នេះ​ថា «​ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាជន​»​។ 
 
​លោកស្រី​ក៏​យល់ឃើញ​ដូច​លោក ប៊ុន​ថង​ដែរ គឺ​រឿង​ស្លៀកពាក់​មិនចាំបាច់​មានច្បាប់​ឡើយ​។ លោកស្រី រចនា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​សេចក្ដីព្រាងច្បាប់​នេះ គឺ​ធ្វើ​ឲ្យ​យើង​ព្រួយបារម្ភ​។ ក្នុងនាម​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ ខ្ញុំ​មិន​គិតថា ជម្រើស​សម្លៀកបំពាក់រ​បស់​ប្រជាជន​ជា​បញ្ហា​មួយ ដែល​មិនចាំបាច់​ត្រូវការ​ច្បាប់​នោះទេ​»​។ 
 
​វប្បធម៌​និង​ទំនៀមទម្លាប់​របស់​កម្ពុ​ជា ដែល​គ្របដណ្តប់​លើ​របៀប​ស្លៀកពាក់ ការបរិភោគ ការនិយាយ និង​សកម្មភាព​ប្រភេទ​ផ្សេងទៀត គឺ​បាន​រីកចម្រើន​តាម​ពេលវេលា​។ ហើយ​មិនមែនជា​រឿង​សំខាន់​ទេ ដែល​រដ្ឋាភិបាល​គួរតែ​ជ្រៀតជ្រែក​ឬ​គ្រប់គ្រង​សេរីភាព​ជ្រើសរើស​របស់​ប្រជាជន​ក្នុងការ​ស្លៀកពាក់​។ នេះ​ជាការ​បន្ថែម​របស់លោក​ស្រី ប៊ុន រចនា​។ 
 
​ជំនួស​ឲ្យ​ចំណាត់ការ​ស្លៀកពាក់​នេះ រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​នៃ​ការយាយី​ផ្លូវភេទ​ជា​សាធារណ ដែល​គេ​កត់សម្គាល់​ឃើញថា ជា​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​។ នេះ​បើតាម​លោកស្រី រចនា ។​
 
​លោកស្រី​បាន​បន្ថែមថា​៖ «​ដើម្បី​ជា​ប្រយោជន៍​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ខ្ញុំ​សូម​គាំទ្រ​រដ្ឋាភិបាល​ទាំងស្រុង​ប្រសិនបើ​បញ្ចូល​បញ្ហា​ការយាយី​ផ្លូវភេទ​សាធារណៈ​ទៅក្នុង​ច្បាប់ ដោយ​ផ្តល់នូវ​និយមន័យ​ក៏ដូចជា​ការដាក់ទណ្ឌកម្ម​ចំពោះ​សកម្មភាព​បែបនេះ​»​។​
 
​លោកស្រី​អះអាងថា ការបញ្ចូល​បញ្ហា​យាយី​ផ្លូវភេទ​នេះ គឺមាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការលើកកម្ពស់​សេរីភាព​និង​សមភាព​សង្គម ជាជាង​ផ្តោតលើ​វិធី​ដើម្បី​គ្រប់គ្រង​អ្វីដែល​ស្ត្រី​ស្លៀក​។ សម្រាប់​លោកស្រី រចនា តម្លៃ​វប្បធម៌​និង​ទំនៀមទម្លាប់ មិនមែន​ផ្អែកលើ​សម្លៀកបំពាក់​ដែល​ស្រី្ត​ស្លៀក​នោះទេ ។​
 
​បច្ចុប្បន្ន​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ កំពុង​ស្ថិតនៅ​ក្នុងការ​ស្ទង់​មតិ និង​កែតម្រូវ​បន្ថែម​ពី​មន្ត្រី​មូលដ្ឋាន​រាជធានី​-​ខេត្ត ដើម្បី​ប្រមូល​ធាតុ​ផ្សំ​ចូល​បន្ថែម មុននឹង​ឈានដល់​ការដាក់​ប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​ក្រសួង សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​
 
​ត្រង់ចំណុច​នេះ​រដ្ឋលេខា​ធិ​ការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ បាន​បញ្ជាក់ថា បើសិនជា​ខ្លឹមសារ​ក្នុង​សេចក្តីព្រាងច្បាប់ ត្រូវបាន​សម្រេច​យល់ព្រម​នោះ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យ មុននឹង​បញ្ជូនទៅ​នីតិបញ្ញត្តិ​។ ប៉ុន្តែ​បើសិន​ជាមាន​មាត្រា ឬ​ចំណុច​ណា ដែល​ត្រូវបាន​បដិសេធ​នោះ គឺ​នឹង​កែតម្រូវ ឬ​ត្រូវ​លុបចោល​វិញ​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ហាម​ពលរដ្ឋ​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ផងដែរ ជាពិសេស​អ្នករកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ដោយ​បញ្ចេញ​កេរ​ខ្មាស​នេះ វា​នាំឱ្យ​កើតមាន​ករណី​អំពើ​ចាប់រំលោភ ការជួញដូរ​ផ្លូវភេទ និង​ជួញដូរ​មនុស្ស​ជាដើម​។ ក្រោយ​សម្ដេច​ប្រកាស​នោះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​តាម​អន​ឡាញ ដែល​ស្លៀកពាក់​ស៊ិ​ច​ស៊ី យកមក​អប់រំ​ណែនាំ​ទៀតផង​៕
 
 

Tag:
 យុវជន​
  ការ​ស្លៀកពាក់​
© រក្សាសិទ្ធិដោយ thmeythmey.com