កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប PSG៖ ខ្ញុំ​​សន្យាថា យើង​នឹង​ឈ្នះ Champions League
24, Aug 2020 , 7:29 pm        
រូបភាព
​លោក Nasser Al-Khelaifi សន្យាថា Paris Saint-Germain នឹង​ឈ្នះ​ពានរង្វាន់ UEFA Champions League នៅ​រដូវ​កាល​ក្រោយៗ​ឆាប់ៗ​នេះ​។ ប្រធាន​ក្លិប PSG អះអាង​ដូច្នេះ ដោយ​ភ្ជាប់​ហេតុផល​ថា បរាជ័យ​ក្រោម​ថ្វី​ជើង Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​រឹតតែ​បង្កើន​ជំនឿចិត្ត​កាន់តែ​ច្រើនឡើង​ជាង​ពេលណាៗ​ទាំងអស់​។​

 
PSG មិនអាច​ក៏​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ជាមួយ​ពានរង្វាន់​កំពូល​អឺរ៉ុប​នៅ​ឆ្នាំ​២០២០​នេះ​បាន​នោះទេ បន្ទាប់ពី​ខ្សែប្រយុទ្ធ Kingsley Coman ស៊ុត​មួយ​គ្រាប់​ដើម្បី​ជួយ​ក្រុម Bayern Munich យកឈ្នះ ១-០ នា​ជំនួប​ផ្តាច់ព្រ័ត្រ​។​
 
​ក្រុម​យក្ស​បារាំង បានឈ្នះ​ពាន​ដល់​ទៅ​៤​រួចទៅហើយ​ក្នុង​មួយ​រដូវ​កាល ២០១៩-២០ នេះ ប៉ុន្តែ​នៅតែ​មិនអាច​ដណ្តើមយក Champions League បាន បើ​ទោះ​ពួកគេ​បាន​វិនិយោគ​លើ​កីឡាករ​ថ្លៃៗ​ជាច្រើន ចាប់តាំងពី​សេដ្ឋី​កាតា​ឡើងទៅ​កាន់កាប់​ចាប់តាំងពី​ឆ្នាំ ២០១១ មក​ក៏ដោយ​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី ប្រធាន​ក្លិប PSG លោក Al-Khelaifi លើកឡើងថា​ការខិតខំ​ប្រឹងប្រែង​រប​ស់ ក្រុម​ក្នុង​រដូវ​កាល ២០១៩-២០ នេះ ពិតជា​បាន​បង្ហាញថា​ ពួកគេ​កាន់តែ​ខិតជិត​ទៅរក​ការ​គ្រង​ជើង​ឯ​អឺរ៉ុប​នេះ​ក្នុងពេល​ពេល​ឆាប់ៗ​។​


 
​លោក Al-Khelaifi បាន​ប្រាប់ទូរទស្សន៍ RMC Sport ថា លោក​ពិតជា​សោកស្តាយ ប៉ុន្តែ​កីឡាករ​ទាំងអស់​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​នេះ​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ PSG ចាញ់ ១-០ មែន ប៉ុន្តែ​លោក​ក៏បាន​មើលឃើញថា​ក្រុម​មានឱកាស​ច្រើន​ដែល​ស្ទើ​តែ​អាច​រកបាន ២ ឬ ៣ គ្រាប់​ឯណោះ​។ 
 
​អ្នកជំនួញ​សញ្ជាតិ​កាតា​វ័យ​៤៦​ឆ្នាំ បន្ថែមថា​៖« ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​កីឡាករ​របស់ខ្ញុំ​ណាស់​។ យើង​មាន​រដូវ​កាល​ដ៏​អស្ចារ្យ ការប្រកួត​ដ៏​អស្ចារ្យ​នៅទីនេះ​។ យើង​មាន​អ្វី​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​ដើម្បី​ឈ្នះ​ប៉ុន្តែ​យើង​គ្មាន​សំណាង ព្រោះ​នោះ​ជា​បាល់ទាត់​។ យើង​នឹង​បន្ត​ខំប្រឹង​ដើម្បី​ឈ្នះ​នៅ​រដូវ​កាល​ក្រោយ​។ ការប្រកួត​លើក​នេះ ធ្វើ​ឲ្យ​យើង​ជឿជាក់​ច្រើនជាង​លើក​មុនៗ​។ ខ្ញុំ​សន្យាថា PSG នឹង​ឈ្នះ​ជើងឯក Champions League មិន​ខាន​»​។​
 
​នេះ​ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ PSG ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​លើកដំបូង ប៉ុន្តែ​ជា​លើក​ទី​១១​របស់​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ដោយ​ក្នុងនោះ​ពួកគេ​ឈ្នះ​ជើងឯក​ចំនួន​៦​លើក​៕

Tag:
 Nasser Al-Khelaifi
  Paris Saint-Germain
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com