កីឡាជាតិ
ជាតិ
ស្ត្រី​ក្នុង​វិស័យ​កីឡា​សម័យថ្មី យល់ថា​ពាក្យចាស់ «២​ឃ្លា​» មិនត្រូវ​ប្រើ​ក្នុងពេល​បច្ចុប្បន្ន​
24, Aug 2020 , 8:29 pm        
រូបភាព
 ​ដោយ​៖ ប៉ូ សុភា 
​ភ្នំពេញ​៖ យុវតី​កម្ពុជា​ដែល​ជ្រើសរើស​ការហាត់​កីឡា​ប្រយុទ្ធ​ដោយ​ប្រើ​កម្លាំង និង​ថាមពល​ខ្លាំង លែង​ខ្វល់​នឹង​ពាក្យចាស់​បុរាណ ដែលថា «​ស្ត្រី​ហាត់​កីឡា គ្មាន​អ្នក​ស្រឡាញ់ និង​មិនអាច​មានកូន​»​ហើយ​។​ពួកគេ​ចាត់ទុក​ពាក្យ​ទាំងនេះ ជាការ​បង្អាក់​ចិត្ត​ពួកគេ មិន​ឲ្យ​ស្រលាញ់​កីឡា​ប៉ុណ្ណោះ​។



​កំពុង​សម្រួល​សរសៃ​សាច់ដុំ​រាងកាយ ក្រោយ​ការហ្វឹកហាត់​រួច កញ្ញា ម៉េង សេរី​រចនា ជា​កីឡា​ការ​នី ជម្រើសជាតិ​ថ្នាល់​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា តែងតែ​ឧស្សាហ៍​ឮ​ពាក្យ​ថា​«​ស្ត្រី​ហាត់​កីឡា​ប្រភេទ​ប្រយុទ្ធ​នេះ គឺ​មិនមាន​ប្រុស​ណា​គេ​ចូល​ដណ្តឹង »​ឡើយ ។ ប៉ុន្តែ​យុរ​តី​វ័យ ២២​ឆ្នាំ​រូបនេះ មិន​ខ្វល់​នឹង​ពាក្យសម្តី​គេ​នោះទេ​។​

​និយាយ​ទាំង​ទឹកមុខ​រីករាយ យុវតី សេរី​រចនា បាន​បកស្រាយ​ថា​៖ «​ភាគច្រើន​គេ​និយាយ​បែបនេះ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិនសូវ​បារម្ភ​ទេ ព្រោះនេះ​មិនមែនជា​រឿង​ពិត​ទេ​។  ពេល​យើង​មក​ហាត់​រាល់ថ្ងៃ អ្នក​ចូលចិត្ត​កីឡា​ដូចគ្នា​គេ​នឹង​មើលឃើញ​(​ស្រឡាញ់​)​ហើយ​»​។​
 
​ជា​កូនស្រី​ពៅ នៅក្នុង​គ្រួសារ​មួយ ដែលមាន​បងប្អូន ៥​នាក់ កីឡា​ការ​នី សេរី​រចនា ជឿជាក់​ខ្លាំង​លើ​សុខភាព​រាងកាយ​របស់​ខ្លួន ដោយ​មិន​ស្ទាក់ស្ទើរ នឹង​លើក​ហេតុផល​ជាក់ស្តែង​តប​នឹង​ពាក្យ​ថា «​ហាត់​កីឡា​ប្រើ​កម្លាំង​ខ្លាំងៗ ប្រយ័ត្ន​អត់​មានកូន​»​ឡើយ​។ កីឡា​ការ​នី មានមុខ​មូល សម្បុរ​ស ដែល​យក​គំរូ​គ្រូបង្ហាត់​ខ្លួន មក​អនុវត្ត​នោះ បាន​និយាយថា​៖ « ខ្ញុំ​មក​ហាត់​ប្រមាណ​ជា ៣​ឆ្នាំ​ហើយ មាន​គ្រូ​ស្រីៗ​ច្រើន​បង្ហាត់កីឡា​បែប​ប្រយុទ្ធ គាត់​ធ្លាប់​ហាត់​ខ្លាំងៗ​ជាង​ខ្ញុំ​ផង គាត់​នៅតែ​អាចបង្កើត​គ្រួសារ​មានកូន ជាក់ស្ដែង​មាន​អ្នកគ្រូ ចូ​វ សុធា​រ៉ា​អាចជា​គំរូរ​សម្រាប់​ពួក​ខ្ញុំ ។ អ៊ីចឹង​ហើយ​គ្មាន​រឿង​អ្វី​ត្រូវ​ខ្លាច​ទេ »​។  

«​ស្ត្រី ម៉េច​ធ្វើ​ចឹ​ង​(​ហាត់​កីឡា​បោកចំបាប់​) »​។ នេះ​ជា​ពាក្យ​ម្តាយ​របស់ សំណាង វណ្ណៈ ដែលជា​កីឡា​ការ​នី ជម្រើសជាតិ​កីឡា​តេ​ក្វាន់​ដូ​( WTF) និយាយ​ពេល​ឃើញ វណ្ណៈ កម្ដៅ​សាច់ដុំ​មុន​ហាត់ នៅផ្ទះ​ម្តងៗ​។​
 
​ពីមុន​ម្ដាយ សំណាង វណ្ណៈ មិន​ចង់​ឲ្យ​កូនស្រី ហាត់​កីឡា​ដែល​ប្រើ​កម្លាំង​ខ្លាំង​ដូច​មនុស្ស​ប្រុស​ឡើយ ដោយសារ​បារម្ភ​ពី​កូនស្រី​ផង និង​ពាក្យរិះគន់​ពី​សំណាក់​សង្គម​ផង​។​
 
« ម្តាយ​របស់ខ្ញុំ​នូវ​រក្សា​ទម្លាប់​ចាស់​បុរាណ​បន្តិច ព្រោះ​ដោយសារ​គិតថា ខ្ញុំ​ជា​ស្រី​មិនគួរ​ហាត់​កីឡា​បែប​មនុស្ស​ប្រុស មើលទៅ​មិន​សម​។​នេះ​ជា​រឿង​កាលពីមុន​ទេ តែ​ប៉ុន្មាន​រយៈពេល​នេះ អ្នក​ម្តាយ​បាន​ផ្លាស់ប្តូរ​ការគិត​របស់​គាត់​មក​គាំទ្រ​សកម្មភាព​កីឡា​របស់ខ្ញុំ​ហើយ »​។ នេះ​ជាការ​លើកឡើង​របស់​កីឡា​ការ​នី ជម្រើសជាតិ​កីឡា​តេ​ក្វាន់​ដូ​( WTF)​។​
 
​កញ្ញា ហេង លី លី មិន​យល់ស្រប​នឹង​ពាក្យចាស់​បុរាណ ដែល​បង្អាក់​ផ្លូវចិត្ត​ខ្លួន មិន​ឲ្យ​ហាត់​កីឡា​ដូច​មនុស្ស​ឡើយ ។ យុវតី លី​លី តែងតែ​ជម្នះ​រាល់​ពាក្យ​និន្ទា​ទាំងនោះ​។ « កុំ​ដោយសារ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ធ្វើ​ឲ្យ​យើង បោះបង់​គោលបំណង​ដាច់ខាត ត្រូវ​ប្រាកដ​ចិត្ត​ក្នុង​សម្រេច​ធ្វើ​អ្វីមួយ​»​។ នេះ​ជាការ​លើកឡើង​របស់ លី​លី ដែល​មិន​ខ្វល់​ពាក្យ​ថា «​ហាត់​កីឡា​ច្រើន ប្រយ័ត្ន​គ្មាន​អ្នក​ស្រលាញ់​»​។ 
 
​ជា​កីឡា​ការ​នី​ជម្រើសជាតិ ខេមរៈ​សហព័ន្ធ​យូ​ដូ បាន​និយាយថា ៖«​សម័យ​ឥឡូវ បើ​យើង​គ្មាន​សមត្ថភាព ក៏​គ្មាន​អ្នកណា​គេ​មើលឃើញ​ដែរ ទោះជា​អ្នក​មិនមែនជា​អ្នកកីឡា​ក៏ដោយ​។ ដូច្នេះហើយ​អ្នកមាន​សមត្ថភាព ទោះជា​អ្នកធ្វើ​អ្វី ហាត់​កីឡា​ប្រភេទ​ណា​ក៏​គេ​ជ្រើស​យក​អ្នក​ដែរ ព្រោះ​ចំនុច​សំខាន់​គឺ សមត្ថភាព​»​។​

មានបទពិសោធន៍​ចាស់វស្សា​ក្នុង​វិស័យ​កីឡា​នេះ អ្នកគ្រូ ចូ​វ សុធា​រ៉ា ជា​គ្រូបង្ហាត់​កីឡាករ​ជម្រើសជាតិ​ក្នុង​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​និយាយថា ពាក្យរិះគន់​លើ​ស្ត្រី​ហាត់​កីឡា​ទាំងនេះ គ្រាន់តែ​ជា​ពាក្យសម្តី​បង្អាក់​ទឹកចិត្ត​តែប៉ុណ្ណោះ​។ អ្នកគ្រូ ចូ​វ សុធា​រ៉ា ដែលមាន​កូន​១​នាក់​ក្នុងបន្ទុក​នោះ បាន​និយាយ​ដូច្នេះ​ថា​៖ បើ​កាលពីមុន អាច​និយាយថា​ជាការ​ពិត​។ តែបើ​សម័យ​នេះហើយ ពាក្យ​នេះ​គេ​ឈប់​ប្រើ​ហើយ ដោយសារ​វិស័យ​សុខាភិបាល​ជឿនលឿន អ៊ីចឹង​គ្មាន​កត្តា​នេះ​កើតឡើង​ទេ​»​។​
 
​បើតាម​អ្នកគ្រូ សុធា​រ៉ា ការ​គ្មាន​កូន ឬ​គ្មាន​អ្នកណា​ស្រឡាញ់​នោះ មិន​អាស្រ័យ​លើ​ការហាត់​កីឡា​ប្រើ​កម្លាំង​ខ្លាំង​នោះទេ​។ «​ចំពោះ​ខ្ញុំ​អ្នក​ដែល​និយាយ​មកពី​ពួកគាត់ គិតថា​យើង​ហាត់​ខ្លាំងពេក​ចំពោះ​ស្ត្រី តែ​កុំភ្លេចថា​ការហាត់​ប្រាណ​បាន​ត្រឹមត្រូវ​ពិតជា​ល្អ​ណាស់​សម្រាប់ សុខភាព​យើងទាំងអស់គ្នា ។ ស្ត្រី​ដែល​មិនមាន​កូន គឺ​គ្មាន​ហើយ មិនមែន​ទាល់តែ​ហាត់​កីឡា​ទើប​អត់​មានកូន​ទេ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ទើប​ដឹង​។​សម្រាប់​ខ្ញុំ​វិញ​លើកទឹកចិត្ត​ឲ្យ​យុវតី លេង​កីឡា ទាំងអស់គ្នា ដើម្បី​សុខភាព និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្ហាត់​ក្នុង​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។ 
 
​យោងតាម គ្រូពេទ្យ កៅ លិ​កា ជំនាញ​ពិគ្រោះ​រោគ​ស្ត្រី​និង​ស្ត្រី​មាន​ផ្ទៃពោះ បាន​បកស្រាយ​ដោយ​ផ្អែក​តាម​វិទ្យា​សា​ស្រ​សុខាភិបាល ផ្នែក​វេជ្ជ​សា​ស្រ​ថា ធម្មជាតិ​របស់​មនុស្ស​ស្រី បើ​ស្ត្រី​មាន​សុខ​ភាពល្អ អាចមាន​កូន​បាន ទោះបីជា​ក្នុងស្ថានភាព​ណា​ក៏​គ្មាន​បញ្ហា​ដែរ​។ រីឯ​ការធ្វើការ​ធ្ងន់ៗ ឬ​ការហាត់​កីឡា​ដែល​ប្រើ​កម្លាំង​ខ្លាំងៗ​មិន​ចោទ​ជា​បញ្ហា​ឡើយ ពួកគេ​នៅតែ​អាចមាន​កូន តាម​ធម្មតា ដោយ​គ្មាន​ផលប៉ះពាល់​ទេ​៕



Tag:
 កីឡា​
  គ្មាន​កូន​
  សុខភាព​
  ប្តូរ​ទស្សនៈ​
  គោលដៅ​
 
© រក្សាសិទ្ធិដោយ thmeythmey.com