COVID-19
អន្តរជាតិ
ស្នងការពាណិជ្ជកម្មអឺរ៉ុប មិនលាលែងតំណែងទេ ក្រោយត្រូវរិះគន់រឿងបំពានវិធានការ COVID-19 ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Phil Hogan (AFP)
× ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Phil Hogan នៅថ្ងៃទី២៣ ខែសីហា បានសុំទោសសម្រាប់វត្តមានរបស់លោកក្នុងកម្មវិធីទទួលទានអាហារពេលល្ងាចមួយនៅអៀរឡង់ដែលជាប្រទេសកំណើតរបស់លោក ដែលវាល្មើសនឹងវិធានការទប់ស្កាត់ជំងឺ COVID-19។ យ៉ាងណា មន្ត្រីអ្នកនាំពាក្យលោក អះអាងថា លោកនឹងមិនស្ដាប់តាមការស្នើសុំឲ្យចុះចេញពីតំណែងពីថ្នាក់ដឹកនាំនៃប្រទេសអៀរឡង់ឡើយ។
«លោកស្នងការពាណិជ្ជកម្ម (Hogan) នឹងមិនលាលែងពីតំណែងរបស់លោកឡើយ» ។ អ្នកនាំពាក្យរបស់លោក បានប្រាប់សារព័ត៌មានក្នុងស្រុកអៀរឡង់ RTÉ News បែបនេះ ដោយបន្ថែមថា របាយការណ៍លម្អិតជុំវិញអ្វីដែលបានកើតឡើងនេះ នឹងបញ្ជូនទៅឲ្យប្រធានគណៈកម្មការអឺរ៉ុបដើម្បីត្រួតពិនិត្យ។
កាលពីថ្ងៃទី២២ ខែសីហា លោក Hogan ត្រូវបាននាយករដ្ឋមន្ត្រីនិងឧបនាយករដ្ឋមន្ត្រីអៀរឡង់ស្នើឲ្យពិចារណាលាលែងពីតំណែងលោក ។ ការទទូចសុំពីថ្នាក់ដឹកនាំកំពូលនៃប្រទេសនេះ ធ្វើឡើងក្រោយលោក Hogan បានចូលរួមក្នុងនៅពិធីទទួលទានអាហារពេលល្ងាចមួយ ដែលល្មើសនឹងវិធានការប្រឆាំងជំងឺ COVID-19 ហើយធ្វើឲ្យពលរដ្ឋអៀរឡង់ខឹងសម្បារ។
ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ២៣ ខែសីហា លោក Hogan និយាយថា លោកទទួលស្គាល់ថា សកម្មភាពរបស់លោកបានប៉ះពាល់អារម្មណ៍ដល់ប្រជាជនអៀរឡង់។ លោកសុំទោសសម្រាប់រឿងនេះ ហើយ ជាពិសេស លោកចង់សុំទោសចំពោះអ្នកដែលបានបាត់បង់អ្នកដែលពួកគេស្រលាញ់អំឡុងពេលជំងឺរាតត្បាតសកលនេះ។
ទាក់ទងរឿងនេះ សមាជិកគណៈរដ្ឋមន្ត្រីអៀរឡង់ម្នាក់ បានចុះចេញពីតំណេង និងសមាជិកសភាខ្លះទឿតទៀត បានរងពិន័យ កាលពីថ្ងៃទី២១ ខែសីហា សម្រាប់មានវត្តមានក្នុងចំណោមភ្ញៀវជាង៨០នាក់នៅកម្មវិធីទទួលទានអាហារពេលល្ងាយមួយដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅអៀរឡង់ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
សូមបញ្ជាក់ថា មួយថ្ងៃនៅមុនកម្មវិធីនេះ រដ្ឋាភិបាលអៀរឡង់បានប្រកាសរឹតបន្ដឹងបទបញ្ជា COVID-19 ជាងមុន ដែលហាមការជួបជុំលើសពី៦នាក់ក្នុងបរិវេណអាគារ។ ដោយសារបញ្ជាថ្មីនេះ ប្រជាជនអៀរឡង់ លែងអាចចូលរួមពិធីបុណ្យសាសនា អាពាហ៍ពិពាហ៍ ឬត្រូវលុបចោលការដើរកម្សាន្តជាដើម៕
Tag:
EU
Phil Hogan
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com