COVID-19
អន្តរជាតិ
បញ្ហា​សុខភាព​លោក អា​បេ បង្ក​ជា​ក្ដីបារម្ភ​ជុំវិញ​ការ​កាន់តំណែង​របស់លោក​
24, Aug 2020 , 3:28 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៤ ខែសីហា បាន​ទៅ​មន្ទីរពេទ្យ​ម្តងទៀត ដើម្បី​ទទួលលទ្ធផល​ពិនិត្យ​សុខភាព​។ កាលពី​សប្តាហ៍​មុន លោក អា​បេ បាន​ទៅកាន់​មន្ទីរពេទ្យក្រុង​តូ​ក្យូ​ចំនួន ៧​ម៉ោង​កន្លះ​។ ជាការ​ពិនិត្យ​សុខភាព​ដែល​មិនបាន​ប្រកាស​មុន តែ​មន្ត្រី​ជប៉ុន​និយាយថា ជាការ​ត្រួតពិនិត្យ​តាម​ទម្លាប់​។ បញ្ហា​សុខភាព​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​មួយចំនួន​ជុំវិញ​សមត្ថភាព​ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស និង​ការទប់ស្កាត់​ជំងឺ COVID-19 ដែល​កំពុងតែ​រាតត្បាត​។

 
​នៅ​សប្តាហ៍​មុន លោក​ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ទៅ​មន្ទីរពេទ្យ​ទីក្រុង​តូ​ក្យូ​ម្តង​ហើយ ដើម្បី​ពិនិត្យ​សុខភាព​។ បញ្ហា​សុខភាព​នេះ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន បារម្ភ​ថា​អាច​បណ្តាលមកពី​ការ​អស់កម្លាំង​ជុំវិញ​ការដោះស្រាយ​បញ្ហា COVID-19 នៅក្នុង​ប្រទេស​។ ក្នុងការ​ពិនិត្យ​សុខភាព​ពេលនេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ត្រូវ​ចំណាយពេល​រហូត​ដល់​ទៅ​ប្រមាណ ៧​ម៉ោង និង ៣០​នាទី នៅក្នុង​មន្ទីរពេទ្យ​។ 
 
​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន បាន​អះអាងថា ការពិនិត្យ​សុខភាព​របស់​នាយករ​ដ្ឋ​មន្ត្រី គឺ​គ្មានអ្វី​ខុស​ប្រក្រតី​ទេ ហើយ​នេះ គ្រាន់តែ​ជាការ​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​។ នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​វែង​ជាងគេ​របស់​ជប៉ុន​រូប​នេះ ពិនិត្យ​សុខភាព​ក្នុង​មួយឆ្នាំ​ពីរដង​។ នៅ​ថ្ងៃទី​២៤ ខែសីហា លោក អា​បេ បាន​ទៅ​មន្ទីរពេទ្យ​ទីក្រុង​តូ​ក្យូ​ម្តងទៀត ដើម្បី​ទទួលលទ្ធផល​សុខភាព​។ តាម​ការ​ស្រង់​សម្តី​ដោយ​កាសែត​ក្នុងស្រុក​Yomiuri មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ម្នាក់ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា នេះ​គឺជា​ពេល ត្រូវ​ស្តាប់​លទ្ធផល​ពិនិត្យ​។ 
 
​យ៉ាងណាមិញ ការចេញចូល​មន្ទីរពេទ្យ​ញឹកញាប់​បែបនេះ កំពុង​ធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​លើ​សុខភាព​របស់លោក អា​បេ​។ នាពេល​កន្លងទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​មួយចំនួន បាន​ចុះផ្សាយ​ពី​បញ្ហា​សុខភាព​មួយចំនួន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ដែរ ក្នុងនោះ​មានដូចជា ដំណើរ​ខុសធម្មតា​របស់​នាយករ​ដ្ឋ​មន្ត្រី និង​ការ​ក្អួត​ចេញឈាម​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ស្របពេល​មាន​បញ្ហា​សុខភាព​បែបនេះ លោក អា​បេ ក៏​បំបែក​កំណត់ត្រា​មួយ គឺជា​នាយករដ្ឋមន្ត្រី ដែល​កាន់តំណែង​បាន​ជាប់ៗ​គ្នា​យូរ​ជាងគេ​បង្អស់ ដោយ​លោក​កាន់តំណែង​បាន​រហូតដល់​ទៅ ២៧៩៩​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១២ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ នេះ​។ កន្លងមក លោក Eisaku Sato ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧២ និង​ត្រូវជា​ជីតា​របស់លោក អា​បេ ផង​នោះ កាន់តំណែង​បាន​២៧៩៨​ថ្ងៃ​ជាប់​គ្នា​។ 
 
​បើ​គិត​អាណត្តិ​សរុប​ដែល​រួមមាន​តាំងពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០០៧​ទៀត​នោះ លោក​អា​បេ គឺ​កាន់តំណែង​បាន ៣១៦៥​ថ្ងៃ​។ ដោយសារតែ​បញ្ហា​សុខភាព និង​ការជាប់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​ជាងគេ​នៅ​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏ត្រូវ​សង្ស័យថា អាច​នឹង​លាលែង​ពី​តំណែង​ដូច​ឆ្នាំ​២០០៧ ដែរ ។ កាលណោះ លោក អា​បេ បាន​លាលែង​ដោយសារ​បញ្ហា​ដំបៅ​ពោះវៀន ដែល​គ្មាន​ថ្នាំ​ព្យាបាល​នៅឡើយ​៕

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com