ជាតិ
អន្តរជាតិ
ចិន សន្យាផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់បណ្ដាប្រទេសនៅដងទន្លេមេគង្គ នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ថ្លែងនៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហា ២០២០
× ភ្នំពេញ៖ ប្រទេសនៅដងទន្លេមេគង្គ នឹងទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឹកូវីដ-១៩ ពីចិន ក្រោយពិសោធន៍រកឃើញចប់ជាស្ថាពរ។ នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានសន្យាបែបនេះ នៅក្នុងប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពាក់ព័ន្ធនឹងការ«ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ សីហានេះ។
លោក លី ខឺឈាំង បានប្រកាសថា ចិននឹងផ្ដល់វ៉ាក់សាំងឱ្យប្រទេសតាមដងទន្លេមេគង្គមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានរកឃើញនោះ។ នាយករដ្ឋមន្ត្រីចិនរូបនេះ ក៏បានបញ្ជាក់ថា ចិនក៏បានបង្កើតមូលនីធិពិសេសមួយ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក្នុងក្របខណ្ឌសហប្រតិបត្តិការមេគង្គ-ឡាងឆាង ។ ជាពិសេសបន្តការគាំទ្រផ្ដល់បច្ចេកទេស និងសម្ភារៈ បរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គទៀតផង។
«ការសហការ និងសាមគ្គីគ្នា គឺមានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ចិនប្ដេជ្ញាធ្វើការជាមួយប្រទេសតំបន់ទន្លេមេគង្គ ដើម្បីគាំទ្រកិច្ចការងាររបស់អង្គការសុខភាពពិភពលោក»។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីចិន។
គិតត្រឹមថ្ងៃទី២៤ សីហានេះ អ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោកជាង២៣លាននាក់ហើយ ក្នុងនោះជាសះស្បើយជាង១៦លាននាក់ និងស្លាប់ជាង៨១ម៉ឺននាក់។ ចំណែកចិន មានអ្នកឆ្លងជាង៨៤ម៉ឺននាក់ ជាសះស្បើយជាង៧៩ម៉ឺននាក់និងស្លាប់ជាង៤ពាន់នាក់។
មូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»នេះ គឺថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ ,សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) រួមទាំងការកំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
ថ្នាក់ដឹកនាំទាំងអស់ ក៏នឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩៕
Tag:
មេគង្គ-ឡាងឆាង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com