អន្តរជាតិ
ចិន នឹង​ចែក​ផ្ដល់ព័ត៌មាន​ធារាសាស្ត្រ​ដល់​ប្រទេស​មេគង្គ ដើម្បី​ដោះស្រាយ​គ្រោះទឹកជំនន់​និង​រាំងស្ងួត​
24, Aug 2020 , 10:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពីរដ្ឋធានី ប៉េកាំង តាមរយៈប្រព័ន្ធវីដេអូ។  រូបថតចេញពីវីដេអូ Live ផ្ទាល់របស់ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ពីរដ្ឋធានី ប៉េកាំង តាមរយៈប្រព័ន្ធវីដេអូ។ រូបថតចេញពីវីដេអូ Live ផ្ទាល់របស់ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា
ដោយ:
 ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​២៤ ខែសីហា បានប្រកាសថា រដ្ឋាភិបាល​ចិន នឹង​ចែករំលែក​ព័ត៌មាន​ផ្នែក​ធារាសាស្ត្រ​នៃ​ទន្លេ​ឡាន​ឆាង​ប្រចាំឆ្នាំ​ដល់​បណ្ដា​ប្រទេស​មេគង្គ ដែល​ចាប់ផ្ដើម​ពី​ឆ្នាំនេះ​ទៅ​។ បើតាម​មេដឹកនាំ​ចិន​រូបនេះ គោលដៅ​នៃ​ការចែករំលែក គឺ​ដើម្បី​ជួយ​បណ្ដា​ប្រទេស​ទាំងនេះ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ផងដែរ​។

 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ពី​រដ្ឋធានី ប៉េកាំង តាមរយៈ​ប្រព័ន្ធ​វីដេអូ នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង មាននិយាយ​ដូច្នេះ​ថា​៖«​ចិន មាន​ឆន្ទៈ​ផ្តល់ជំនួយ​បន្ថែម​ដល់​ប្រទេស​មេគង្គ​-​ឡាន​ឆាង​សម្រាប់​ការប្រើប្រាស់​ធនធានទឹក​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក លី សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ចិន នឹងចូលរួម​ជាមួយ​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុងឆ្នាំនេះ ដើម្បី​កសាង​វេទិកា​ចែករំលែក​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​។  ដោយ​ហៅ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ទាំង​៦​នេះ​ថា ជា​សហគមន៍​វាសនា​រួម ដែល​ត​ភ្ជាប់​គ្នា​ដោយសារ​ទឹកតែ​មួយ​នោះ លោកនាយក​រដ្ឋមន្ត្រី​ចិន​រូបនេះ លើកឡើងថា កិច្ចសហប្រតិបត្តិការ​របស់​ពួកគេ ត្រូវបាន​ប្រសូត​ឡើង​ដោយសារ​ទឹក ។ 
 
« [​ទឹក​] គឺជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ ហើយ​ពង្រឹងស្មារតី​មិត្តភាព​របស់​ប្រទេស LMC (​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​) កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ និង​ផលប្រយោជន៍​ទៅវិញទៅមក​ផងដែរ​»​។ នេះ​ការបញ្ជាក់​របស់លោក លី នៅ​ចំពោះ​មេដឹកនាំ​មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ 
 
​ក្រៅពី​រឿង​មេគង្គ​-​ឡាន​ឆាង លោក លី ក៏​មិន​ភ្លេច​និយាយ​ដល់​វិបត្តិ​សុខភាព​សាធារណៈ​ដែល​ពិភពលោក​ជួបប្រទះ​ផងដែរ​។ ក្នុង​សុន្ទរកថា​នៅ​ថ្ងៃ​ដដែល​នេះ នាយករដ្ឋមន្ត្រី លី បានប្រកាសថា ចិន​នឹង​ផ្ដល់​អាទិភាព​ដល់​បណ្ដា​ប្រទេស​មេគង្គ​ក្នុងការ​ទទួលបាន​វ៉ាក់សាំង COVID-19 កាលណា​វ៉ាក់សាំង​ចិន ត្រូវបាន​អភិវឌ្ឍ​រួចរាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​។  
 
«​ចិន នឹង​បង្កើត​មូលនិធិ​ពិសេស​ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ​ក្រោម​ក្របខណ្ឌ មូលនិធិ​ពិសេស LMC និង​បន្ត​ផ្ដល់​សម្ភារ​ប្រឆាំង​ជំងឺ COVID-10 ព្រមទាំង​ការគាំទ្រ​បច្ចេកទេស​ដល់​បណ្ដា​ប្រទេស​មេគង្គ​ផងដែរ​»​។ លោក លី អះអាង​បែបនេះ​។
 
​ទន្លេមេគង្គ ដែល​ស្គាល់​ថា ឡាន​ឆាង ក្នុងប្រទេស​ចិន គឺជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​ការធ្វើដំណើរ​ឆ្លង​ព្រំដែន​ក្នុងចំណោម​ប្រទេស ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ កម្ពុជា និង វៀតណាម​។ បណ្ដា​ប្រទេស​ឡាន​ឆាង​-​មេគង្គ​ទាំង​៦ បាន​បង្កើត​យន្តការ LMC (​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​) ក្នុង​ខែមីនា ឆ្នាំ​២០១៦៕
 
 

Tag:
 ចិន​
  លី ខឹ​ឈាង​
  ទន្លេមេគង្គ​
  មេគង្គ​-​ឡាន​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com