ជាតិ
សុខភាព
ស្ត្រី និង​បុរស​គួរ​សម្អាត​ប្រដាប់ភេទ​របៀប​ណា ទើប​ចៀសវាង​ធ្លាក់ស​ខុស​ប្រក្រតី​?
24, Aug 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ការធ្វើ​អនាម័យ​លើ​ប្រដាប់ភេទ ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​បុរស​-​ស្ត្រី ព្រោះ​ថាបើ​សម្អាត​មិនបាន​ត្រឹមត្រូវ​ទេនោះ នឹង​បង្ក​ជា​មេរោគ​លើ​សរីរាង្គ​ភេទ និង​បង្ក​ជា​ជំងឺ​កាមរោគ​ជាដើម​។ តើ​បុរស​-​ស្ត្រី ត្រូវធ្វើ​អនាម័យ​ប្រដាប់ភេទ​ដូចម្តេច ទើប​ត្រឹមត្រូវ​?



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា ឡេង កា​ណា​រី​ន វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ដូចតទៅ​៖

 
​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឡេង កា​ណា​រី​ន បាន​លើកឡើងថា ការធ្វើ​អនាម័យ​ប្រដាប់​ឱ្យបាន​ត្រឹមត្រូវ មិន​ពិបាក​ខ្លាំង មិន​ចំណាយ​ថវិកា​ច្រើន និង​ពេលវេលា​យូរ​នោះទេ​។ ហើយ​ការធ្វើ​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​នេះ នឹង​អាច​បង្ការ​ការ​ធ្លាក់ស​ខុស​ប្រក្រតី និង​ជំងឺ​កាមរោគ​ផ្សេងៗ​ផងដែរ​។​
 
​កញ្ញា​វេជ្ជបណ្ឌិត ឡេង កា​ណា​រី​ន បាន​ណែនាំ​ពី​របៀប​សម្អាត​ប្រដាប់​ភេទស្ត្រី​ដូច្នេះ​ថា​៖«​យើង​ត្រូវយក​ទឹកស្អាត ឬ​ទឹក​ក្ដៅ​ឧ​ណ្ឌៗ ប៉ុន្តែ មិនបាច់​ក្ដៅ​ពេក​ទេ ព្រោះ​តំបន់​សរីរាង្គ​ភេទ​របស់​ស្ត្រី​ងាយ​ប៉ះពាល់​។ អីចឹង​យើង​ប្រើ​ទឹក ឬ​ទឹក​ក្ដៅ​ឧ​ណ្ឌ​លាង​ពីមុខ​ទៅក្រោយ ព្រោះថា​ខាងក្រោយ​ជា​រន្ធ​លាមក កាលណា​យើង​លាង​ពីក្រោយ​មក​មុខ ដូច​យើង​នាំ​មេរោគ​ពី​រន្ធ​លាមក​ចូលក្នុង​ទ្វារមាស​យើង​អីចឹង​»​។​
 
​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព រូបនេះ បាន​បន្តថា ស្ត្រី​ត្រូវ​លាង​ផ្នែក​ខាងក្រៅ​ប្រដាប់ភេទ​បាន​ហើយ កុំ​លូក​លាង​ផ្នែក​ខាងក្នុង ព្រោះ​អាច​នាំ​មេរោគ​ឱ្យចូល​ដល់​ក្នុង​ទ្វារមាស​ស្ត្រី​។ បន្ទាប់ពី​លាង​ខាងក្រៅ​ហើយ សូម​ផ្អិ​ត​នឹង​កន្សែង ឬ​ក្រណាត់​ទន់ៗ កុំ​ជូត​ខ្លាំងពេក​វា​អាចធ្វើឱ្យ​រលាក ឬ​ឈឺ​នៅ​តំបន់​ទ្វារមាស​។​
 
​សម្រាប់​ការប្រើប្រាស់​ទឹក​អនាម័យ​វិញ ស្ត្រី​គួរតែ​ប្រើ​នៅពេល​មក​រដូវ ឬ​ពេល​បែកញើស​ខ្លាំង​នៅ​តំបន់​ប្រដាប់ភេទ ដោយ​ចៀសវាង​ប្រើ​រាល់ថ្ងៃ ព្រោះ​វា​អាច​បំផ្លាញ​មេរោគ​ល្អ​សម្រាប់​ការពារ​ប្រដាប់ភេទ នឹងធ្វើ​ឱ្យ​ងាយ​បង្ក​មេរោគ​ចូលក្នុង​ទ្វារមាស​ស្ត្រី​។​
 
​ចំណែក​បុរស​វិញ ការសម្អាត​ប្រដាប់ភេទ​ក៏​មិន​ពិបាក​ដែរ ដោយ​បន្ទាប់ពី​នោម​រួច ត្រូវ​ពន្លាត់ស្បែក​គ្រប​លិង្គ ហើយ​លាង​សម្អាត​នឹង​ផ្អឹ​ត​ជាមួយ​កន្សែង​ឱ្យបាន​ស្អាត ដើម្បី​ចៀសវាង​ការដក់​ទឹក​នាម​ឬ​ទឹក នៅ​នឹង​ស្បែក​គ្រប​លិង្គ ដែល​អាច​បង្ក​ជា​មេរោគ​នៅ​ប្រដាប់ភេទ​។ នេះ​ជាការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ឡេង កា​ណា​រី​ន​៕
 
 
 
 
 
 

Tag:
 សម្អាត​
  ប្រដាប់ភេទ​
  ធ្លាក់ស​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com