អន្តរជាតិ
ហ្វីលីពីនថា «បន្ទាត់ក្រហម៩ឆ្នូត» របស់ចិននៅសមុទ្រចិនខាងត្បូង គឺជាការប្រតិដ្ឋ
× រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana កាលពីថ្ងៃទី២៣ ខែសីហា បានលើកឡើងថា «បន្ទាត់ក្រហម៩ឆ្នូត» ដែលចិនគូសព័ទ្ធយកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង ជាការប្រតិដ្ឋ និងជាការទន្ទ្រានខុសច្បាប់លើតំបន់ថ្មប៉ប្រះទឹក Scarborough ដែលហ្វីលីពីនទាមទារដែរ។ ការអះអាងរបស់រដ្ឋមន្ត្រីហ្វីលីពីនបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសហ្វីលីពីន បានដាក់ការតវ៉ាតាមផ្លូវទូតជាមួយចិន ជុំវិញការនេសាទនៅក្នុងតំបន់ជម្លោះមួយនេះ។
ហ្វីលីពីន នៅយប់ថ្ងៃទី២០ ខែសីហា បានដាក់ការតវ៉ាតាមផ្លូវទូតជាមួយចិន ជុំវិញការរឹបអូសឧបករណ៍នេសាទត្រីរបស់ហ្វីលីពីន ពីសំណាក់ចិននៅសមុទ្រចិនខាងត្បូង។ ក្នុងការតវ៉ានេះ ហ្វីលីពីន បានចោទសកម្មភាពរឹបអូសពីសំណាក់ទូកយាមល្បាតរបស់ចិនដែលបានកើតឡើង កាលពីខែឧសភាកន្លងទៅ នៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough ជារឿងខុសច្បាប់។ តំបន់ថ្មប៉ប្រះទឹកនេះ ត្រូវគ្រប់គ្រងដោយទីក្រុងប៉េកាំង បន្ទាប់ពីហ្វីលីពីន និងចិន បានប្រឈមគ្នានៅក្នុងឆ្នាំ២០១២។
ពាក់ព័ន្ធនឹងតំបន់ថ្មប៉ប្រះទឹកនេះ លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីនDelfin Lorenzana បានអះអាងយ៉ាងដូច្នេះថា៖ «តំបន់នោះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់យើង»។ ការហៅសិទ្ធិប្រវត្តិសាស្ត្រ ដែលមានយោងតាម «បន្ទាត់ក្រហម៩ឆ្នូត» គឺមិនអាចកើតឡើងឡើយ ហើយវាគ្រាន់តែជាការស្រមៃរបស់ចិនតែប៉ុណ្ណោះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោករដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានបន្ថែមថា ទូកនេសាទ កប៉ាល់ និងយន្តហោះរបស់ហ្វីលីពីន គឺធ្វើសកម្មភាពដោយស្របច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ចំណែកសកម្មភាពរបស់ចិនវិញ គឺជាការគ្រប់គ្រងខុសច្បាប់ និងមិនមានសិទ្ធិចាប់បង្ខំឲ្យគោរពច្បាប់អ្វីឡើយ។
តំបន់ថ្មប៉ប្រះទឹក Scarborough គឺស្ថិតនៅចម្ងាយ ២៤០គីឡូម៉ែត្រ ពីភាគខាងលិចហ្វីលីពីន ខណៈចិន មានចម្ងាយរហូតដល់ ៦៥០គីឡូម៉ែត្រឯណោះ បើគិតពីខេត្តហៃណាន។
ចិន បានទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដោយផ្អែកលើ«បន្ទាត់ក្រហម៩ឆ្នូត»។ ការទាមទារនេះ ត្រូវបានជំទាស់ដោយវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី។ នៅក្នុងឆ្នាំ ២០១៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ បានចេញសេចក្តីសម្រេចមួយ ដោយបញ្ជាក់ពីភាពខុសច្បាប់របស់ចិនលើសមុទ្រចិនខាងត្បូង និង«បន្ទាត់ក្រហម៩ឆ្នូត»។ ប៉ុន្តែចិន បានបដិសេដដាច់ខាតមិនទទួលស្គាល់សាលក្រមនេះទេ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ជម្លោះនៅសមុទ្រចិនខាងត្បូង បានកើនឡើងកម្តៅជាថ្មី។ នៅពេលកន្លងមក ភាគីចិន និងអាមេរិក បានដំឡើងសាច់ដាក់គ្នា តាមរយៈសមយុទ្ធយោធា ខណៈអាស៊ានជំរុញឲ្យភាគីជម្លោះ ដោះស្រាយបញ្ហាដោយផ្អែកទៅតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)៕
© រក្សាសិទ្ធិដោយ thmeythmey.com