ជាតិ
សង្គមអន្តរជាតិ​
គ្រូ និស្សិត និង​សហជីព ដាក់​ញត្តិ​ទៅ UN សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន
24, Aug 2020 , 5:09 pm        
រូបភាព
សកម្មភាពក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន បានយកញត្តិទៅដាក់នៅអង្គការសហប្រជាជាតិនៃការិយាល័យឧត្តមស្នងការសិទិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ សីហា ២០២០ ។ (រូបថតដោយ ឡាយ សុភាវតី)
សកម្មភាពក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន បានយកញត្តិទៅដាក់នៅអង្គការសហប្រជាជាតិនៃការិយាល័យឧត្តមស្នងការសិទិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ សីហា ២០២០ ។ (រូបថតដោយ ឡាយ សុភាវតី)
​ភ្នំពេញ​៖ តំណាង​សមាគម​គ្រូបង្រៀន និស្សិត សហជីព និង​ពលរដ្ឋ បាននាំគ្នា​ដាក់​ញ្ញត្តិ​ទៅ​អង្គការសហប្រជាជាតិ​នៃ​ការ​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤​សីហា​នេះ ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ដែល​ពាក់ព័ន្ធ​ករណី​ព្រំដែន​។ លោក រ៉ុង ឈុន ត្រូវបាន​ចៅក្រម​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ពីបទ​ចោទ​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អាទិ៍​។


​លោក អែម ប៊ុន​ណា​រិ​ទ្ធ ជា​សហការី​របស់លោក រ៉ុង ឈុន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គោលបំណង​ដែល​ដាក់​ញត្តិ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ហើយ​ធ្វើឡើង​តាមច្បាប់​ក្នុងការ​ដាក់​ញត្តិ​គ្មាន​ពាក់ព័ន្ធ​រឿង​អ្វី​ផ្សេង​ឡើយ​។ ដូច្នេះ​ក្រុម​របស់លោក ប៊ុន​ណា​រិ​ទ្ធ គ្មានអ្វី​ត្រូវ​ខ្លាច​ក្រុម​អាជ្ញាធរ​ចាប់​ឬ​ឃាត់ខ្លួន​ឡើយ ។ 
 
«​ការចាប់​លោក រ៉ុង ឈុន គឺជា​ការខាតបង់​ធំរ​បស់​រាជរដ្ឋាភិបាល គឺជា​ការសម្រេចចិត្ត​ខុស​របស់​អាជ្ញាធរ ព្រោះ​ការចាប់​លោកគ្រូ រ៉ុង ឈុន មិនបាន​បិទមាត់​អ្នកប្រជាធិបតេយ្យ​នោះទេ ព្រោះ​ការចាប់​លោកគ្រូ រ៉ុង ឈុន មួយ​នៅមាន​សហការី​លោកគ្រូ​រាប់រយ​នាក់​ទៀត​។ ខ្ញុំ​គ្រាន់តែ​ជាស​ហការី​មួយ​របស់​លោកគ្រូ នៅមាន​ចាស់ទុំ អ្នកមាន​សំឡេង​ជាច្រើន​នាក់​ទៀត​...​ខ្ញុំ​សូម​អាជា្ញធរ សម្ដេច ពិចារណា​ឡើងវិញ ដោះលែង​លោកគ្រូ មកវិញហើយ​ចរចា​គ្នា​» នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៊ុន​ណា​រិ​ទ្ធ ដោយ​បន្ថែមថា ការដោះលែង គឺជា​ការបញ្ជាក់​ប្រាក់​មហាជន​ឲ្យ​ឃើញ​ពី​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ 
 
​អំឡុងពេល​ដាក់​ញត្តិ​នេះ លោក ឡុង រឹម ជា​គ្រូបង្រៀន​នៃ​វិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​ក៏បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គឺជា​រឿង​អយុត្តិធម៌​ដែល​រូបលោក ក៏​ជា​ពលរដ្ឋ​ផ្សេងទៀត​មិនអាច​ទទួលយក​បានឡើយ​។ លោក រឹម ថា​កន្លងមក​រដ្ឋាភិបាល​តែងតែ​លើកឡើងថា​កម្ពុជា​ជា​ប្រទេស​និតិរដ្ឋ គោរព​ច្បាប់ ប៉ុន្តែ​បែរជា​ចូលចាប់​ខ្លួន​លោក រ៉ុង ឈុន ទាំងយប់ ព្រមទាំង​មិនទាន់បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​មូលហេតុ​។ 
 
​រីឯ លោក រ៉ុង វ៉ាន់ ជា​ក្មួយប្រុស​របស់លោក រ៉ុង ឈុន បាន​ប្រាក់​សារព័ត៌មាន​ថ្មីៗ​ថា លោក​និង​ក្រុមគាំទ្រ​លោក រ៉ុង ឈុន នឹង​បន្ត​ដាក់​ញត្តិ​នៅតាម​ស្ថានទូត​នានា​ដែល​ប្រទេស​ប្រជាធិបតេយ្យ​បន្តទៀត ដើម្បី​មានការ​ចូលរួម​ជួយ​ឃ្លាំមើល​និង​រក​ដំណោះស្រាយ​ដល់​លោក រ៉ុង ឈុន​។ 
 
​លោក រ៉ុង វ៉ាន់ ថ្លែងថា​៖ «​តំណាង​ការ​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បានទទួល​ញត្តិ​ហើយ ហើយ​ស្វា​គម​ន័​យ៉ាង​កក់ក្ដៅ ហើយ​ប្រាប់ថា​នឹង​ជួយ​អន្តរាគមន៍​ហើយ​ឃ្លាំមើល​លើក​ករណី​លោកគ្រូ រ៉ុង ឈុន​»​។ 
 
​បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ការ​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ហើយ ក្រុម​តំណាង​សមាគម​គ្រូបង្រៀន និស្សិត សហជីព និង​ពលរដ្ឋ​ជាង​២០​នាក់ បាន​បន្ត​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ជប៉ុន​ទៀត ប៉ុន្តែ​ត្រូវ​ក្រុម​អាជ្ញាធរ​រារាំង​មិន​ឲ្យ​បន្តដំណើរ​ទៅ​ស្ថានទូត នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ឡើយ​។​
 
​ក្នុង​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន លោក រ៉ុង វ៉ាន់ ថ្លែងថា ក្រុម​អាជ្ញាធរ​បាន​រារាំង​ក្រោម​ហេតុផល​សន្តិសុខ​សណ្ដាប់ធ្នាប់ ទើប​ធ្វើ​ឲ្យ​អាក់ខាន​ដំណើរ​នេះ​។ ទោះបីយ៉ាងណា​ក៏ដោយ ក្មួយ​លោក រ៉ុង​ឈុន រូបនេះ​អះអាងថា ក្រុម​របស់លោក​នឹង​ពិភាក្សាគ្នា​បន្តទៀត ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ផ្សេងៗ​ទៀត​។ លោក​បន្តថា កន្លងមក​ធ្លាប់​បានដាក់​ញត្តិ​ទៅ​ស្ថានទូត​បារាំង អាមេរិក និង​សហភាព​អឺរ៉ុប​ហើយ​។ 
 
​លោក រ៉ុង ឈុន ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​អស់​រយៈពេល​២៥​ថ្ងៃ​ហើយ​។ បច្ចុប្បន្ន​លោក កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ លោក រ៉ុង វ៉ាន់ បាន​បញ្ជាក់ថា លោក រ៉ុង ឈុន មាន​ស្ថានភាព​ផ្លូវចិត្ត​រឹងមាំ ខណៈ​បន្ទប់​ឃុំខ្លួន​នោះ មាន​មនុស្ស​ជាង​១០ ថែមទាំង​តូចចង្អៀត ហើយ​ខ្វះ​អនាម័យ ដែល​បណ្ដាល​ឲ្យ​ចេញ​រមាស់​ក៏ដោយ​។ 
 
​កាលពីដើម​ខែសីហា​កន្ល​ង​មក ទាំង​ក្រសួងយុត្តិធម៌ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ ទៅកាន់​ក្រុមអ្នកតវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ព្រមាន​ថា ការប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន គឺ​មិនមែនជា​ទង្វើ​ត្រឹម​ត្រូ​ម​តាមច្បាប់​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ វា​ជាការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ «​ដែល​អាច​ប្រឈមមុខ​នឹង​ការចោទប្រកាន់​»  តាម​មាត្រា​៥២២​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ អ្នកនាំពាក្យ ចាត់ទុក​សកម្មភាពរ​បស់​ក្រុម​អ្នក​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា «​ខុសច្បាប់​» ហើយ​អំពាវនាវ​ឲ្យ​ពួកគេ បញ្ឈប់​ជាបន្ទាន់ «​មុននឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​»​។​
 
​ចំណែក​លោក ឃួ​ង ស្រេង ចាត់ទុក​សកម្មភាព​ជួបជុំ ហើយ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រក្រតីភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ការធ្វើ​ចរាចរណ៍ និង ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាព​ប្រមូល​ផ្តុំគ្នា ក្នុងដំណាក់កាល​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្ទុយ​ពី​វិធានការ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា​។​
 
​ក្នុង​សេចក្តីណែនាំ​របស់ខ្លួន លោក​អភិបាល​រាជធានី​ភ្នំពេញ តម្រូវ​ថា រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​ទាំងអស់ ត្រូវ​ជូនដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ លោក ព្រមាន​ថា រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ ដែល​គ្មាន​ការជូនដំណឹង «​ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាមច្បាប់​»៕
 
Relate ៖ 94467

Tag:
 រ៉ុង ឈុន​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com