COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​សាធារណរដ្ឋ តែងតាំង​លោក ត្រាំ ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ខែវិច្ឆិកា​
25, Aug 2020 , 10:11 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងក្នុងសន្និបាតបក្សសាធារណរដ្ឋ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងក្នុងសន្និបាតបក្សសាធារណរដ្ឋ។ រូបភាព AFP
​លោក ដូ​ណា​ល់ ត្រាំ បាន​បើក​ជា​ផ្លូវការ​យុទ្ធនា​ការការពារ​កៅអី​ប្រធានាធិបតី​របស់ខ្លួន បន្ទាប់ពី​ត្រូវបាន​បក្ស​សាធារណរដ្ឋ​តែងតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ អំឡុង​សន្និបាត​បក្ស​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៤ ខែសីហា លោក ត្រាំ មិន​ភ្លេច​រិះគន់​បក្ស​ប្រជាធិបតេយ្យ​ថា ព្យាយាម​លួច​សន្លឹកឆ្នោត​របស់លោក​តាមរយៈ​ជំរុញ​ឲ្យ​បោះឆ្នោត​តាម​សំបុត្រ​។ ម្ដង​ជា​ពីរដង លោក ត្រាំ ចោទថា ការបោះឆ្នោត​តាម​នេះ មិន​ផ្ដល់​លទ្ធផល​ត្រឹមត្រូវ​ឡើយ​។​

 
​នៅ​ថ្ងៃ​ទីមួយ​នៃ​សន្និបាត​បក្ស​សាធារណរដ្ឋ​ដែល​ធ្វើឡើង​បួន​ថ្ងៃ ប្រតិភូ​បក្ស​មកពី​បណ្ដា​រដ្ឋ និង​ដែនដី​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ជា​ផ្លូវការ​ឲ្យ​ធ្វើជា​បេក្ខជន​តំណាង​បក្ស​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​ខាងមុខ​។ លោក ត្រាំ ត្រូវ​តទល់​ជាមួយ​លោក ចូ បៃ​ឌិន បេក្ខភាព​តំណាង​បក្ស​ប្រជាធិបតេយ្យ​។ 
 
​មិន​ទុក​យូរ​ឡើយ មិន​ប៉ុន្មាន​នាទី​ក្រោយ​ត្រូវបានតែងតាំង​ជា​ផ្លូវការ លោក ត្រាំ ក៏​ឡើង​ឆាក​កាន់​ម៉េ​ក្រូ​ក្នុង​ពិធី​ដែល​ធ្វើ​នៅ​ទីក្រុង Charlotte ក្នុង​រដ្ឋ North Carolina ហើយ​និយាយ​ជិត​មួយ​ម៉ោង​។ ជាធម្មតា បេក្ខជន​ប្រធានាធិបតី នឹង​ចេញមុខ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សន្និបាត​ដើម្បី​ទទួលយក​ការតែងតាំង​ជា​ផ្លូវការ​។ បក្ស​ប្រជាធិបតេយ្យ និង​ការអនុញ្ញាត​ឲ្យ​បោះឆ្នោត​តាម​សំបុត្រ ជា​មុខសញ្ញា​ដែល​លោក ត្រាំ រិះគន់​មិន​ប្រណី​មាត់​អ្វី​ឡើយ​។ 
 
​ពី​នាទី​ដំបូង លោក ត្រាំ ប្រាប់​ប្រតិភូ​បក្ស​ឲ្យ​ប្រយ័ត្ន​ពី​ផែនការ​របស់​បក្ស​ប្រជាធិបតេយ្យ​ដែល​ជំរុញ​ឲ្យ​បោះឆ្នោត​តាម​សំបុត្រ​ក្រោម​ហេតុផល​បារម្ភ​ពី​ជំងឺ COVID-19 ។ «​ពួកគេ​ព្យាយាម​លួច​ការបោះឆ្នោត​នេះ​។ វិធី​តែមួយគត់​ដែល​ពួកគេ​អាច​យក​ការបោះឆ្នោត​ពី​យើង​បាន គឺ​ការបោះឆ្នោត​នេះ​ត្រូវ​រៀបចំ​ជាស្រេច​។​» នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ទៅកាន់​សមាជិក​បក្ស​សាធារណរដ្ឋ​ដែល​ភាគច្រើន​ចូលរួម​សន្និបាត​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។ 
 
​ខណៈ​បក្ស​ប្រជាធិបតេយ្យ​លើកយក COVID-19 ដើម្បី​ការពារ​ការបោះឆ្នោត​តាម​សំបុត្រ លោក ត្រាំ ចង់​ឲ្យ​អ្នកបោះឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ដោយផ្ទាល់​វិញ សំដៅ​ធានា​សុក្រឹត្យភាព​។ មាន​ម្ដងនោះ លោក ត្រាំ និយាយថា បើ​ពលរដ្ឋ​អាមេរិក​ចូលរួម​បាតុកម្ម​បាន ពួកគេ​ក៏​អាច​ទៅ​បោះឆ្នោត​ដោយផ្ទាល់​បានដែរ​។ 
 
​ទាំង​បក្ស​ប្រជាធិបតេយ្យ ទាំង​ក្រុមប្រឆាំង​លោក ត្រាំ ចាត់ទុក​ការជំទាស់​របស់លោក​ប្រធានាធិបតី​ទៅនឹង​ការពង្រីក​លទ្ធភាព​បោះឆ្នោត​តាម​សំបុត្រ ជាការ​គាបសង្កត់​ចំនួន​អ្នក​ទៅ​បោះឆ្នោត ខណៈ​ការបោះឆ្នោត​របៀបនេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលាយ​នៅ​អាមេរិក​រួចទៅហើយ​។ ម្យ៉ាង គេ​ក៏​ជឿថា លោក ត្រាំ កំពុង​រៀប​ក្រឡា​ទុក​មុន​ដើម្បី​តវ៉ា បើ​លោក​ចាញ់ឆ្នោត​ខែវិច្ឆិកា​មែន​នោះ​។ លទ្ធផល​ស្ទង់​មតិ​កន្លងមក​បង្ហាញថា លោក បៃ​ឌិន នឹង​ឈ្នះ​លោក ត្រាំ ៕   

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បក្ស​សាធារណរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com