ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! រលាក​អញ្ចាញធ្មេញ​មិន​ខាន បើ​អាកា​រៈទាំង​នេះ​លេចឡើង​
25, Aug 2020 , 6:59 pm        
រូបភាព
​អ្នក​នឹងមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ​ហើយ ប្រសិនបើ​អា​ការៈខុស​ប្រក្រតី​មួយចំនួន​លេច​ឡើយ​។ ថា​តើ​អាកា​រៈទាំង​នោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ ៖

 
១. អញ្ចាញធ្មេញ​ប្រែជា​ពណ៌​ស​
 
​អញ្ចាញធ្មេញ​តែង​ត្រូវ​ប៉ះពាល់​ផ្ទាល់​ទៅនឹង​បាក់តេរី​! នេះហើយ​ជា​មូលហេតុ​ដែល​ការអនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​ទៀងទាត់ គឺ​សំខាន់​ណាស់​។ ការឆ្លង​មេរោគ​លើ​អញ្ចាញធ្មេញ​ជា​អ្វីដែល​ទន្តពេទ្យ​ហៅថា​ជំងឺ​រលាក​អញ្ចាញធ្មេញ​។ ជំងឺ​នេះ​ជា​អ្វីដែល​អាច​បណ្ដាលឱ្យ​អញ្ចាញធ្មេញ​ឡើង​ពណ៌​ស​ដោយសារ​ការ​ខើច​អញ្ចាញ ហើយ​យូរ​ទៅ​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ធ្មេញ ជាលិកា និង​ឆ្អឹង​នៃ​មាត់​។​
 
២. ឈឺចាប់ ឬ​ស្រៀវ​អញ្ចាញធ្មេញ​
 
​អញ្ចាញធ្មេញ​នឹង​ឈឺចាប់​នៅ​រាល់ពេល​អ្នក​ដុស​សម្អាត​ធ្មេញ ជាពិសេស​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​ច្រាស​ដុសធ្មេញ​ដែលមាន​ស​សៃ​ទន់ ឬ​អ្នក​ប្រើ​កម្លាំង​ដុស​ខ្លាំងៗ​ពេក​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​បញ្ហា​រលាក​អញ្ចាញធ្មេញ​នោះ​សូម្បីតែ​ទំពារ ឬ​ទទួលទាន​ភេសជ្ជៈ​ក្ដៅ​និង​ត្រជាក់​ក៏​ឈឺចាប់ ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ដែរ​។​
 
៣. ហើម​អញ្ចាញ​
 
​ប្រសិនបើ​អញ្ចាញធ្មេញ​របស់​អ្នក​ឡើង​ក្រហម ហើយ​ថែមទាំង​ហើម​ទៀត​នោះ​អ្នក​អាច​នឹង​កំពុង​ជួបប្រទះ​បញ្ហា​រលាក​អញ្ចាញធ្មេញ​មិន​ខាន​។ វា​អាច​បណ្ដាលមកពី​ជាតិពុល​ដែល​បាក់តេរី​បាន​ផលិត​ដែល​បណ្ដាលឱ្យ​អញ្ចាញ​ប្រែជា​ហើម​។​
 
៤. ហូរឈាម​រាល់ពេល​ដុសធ្មេញ ឬ​ប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​
 
​ក៏​ព្រោះ​អញ្ចាញធ្មេញ​របស់​អ្នក​កំពុង​រលាក​ដែល​បណ្ដាលឱ្យ​ងាយ​នឹង​ហូរឈាម​រាល់ពេល​ដុស​សម្អាត​ធ្មេញ ឬ​ប្រើប្រាស់​ខ្សែ​រ៉ូ​ត​។ ប្រសិនបើ​អ្នក​ដុស​សម្អាត​ធ្មេញ ឬ​ប្រើប្រាស់​ខ្សែ​រ៉ូ​ត​ថ្នមៗ​បំផុត​ហើយ​អញ្ចាញ​នៅតែ​ហូរឈាម​ទៀត​នោះ​អ្នក​ប្រហែលជា​កើត​ជំងឺ​រលាក​អញ្ចាញធ្មេញ​ប្រាកដ​ណាស់​។​
 
៥. ខ្យល់​ដង្ហើម​មាន​ក្លិនស្អុយ​
 
​ជំងឺ​រលាក​អញ្ចាញធ្មេញ​ក៏​អាច​បណ្ដាលឱ្យ​ក្លិន​ខ្យល់​ដង្ហើម​របស់​អ្នក​ប្រែជា​មិនល្អ​ខ្លាំង ឬ​ស្អុយ​តែម្ដង​។ វា​បណ្ដាលមកពី​ពពួក​បាក់តេរី​។​
 
៦. ពេលខ្លះ​អាច​នឹងមាន​ខ្ទុះ​
 
​ប្រសិនបើ​មាន​ខ្ទុះ​លេច​ឡើងលើ​អញ្ចាញ​នោះ​វា​ច្បាស់​ណាស់​ថា​អ្នក​កំពុងមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ​ហើយ​។​
 
​ប្រយ័ត្ន​! ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​មាន​អា​ការៈខុស​ប្រក្រតី​ណាមួយ​កើតឡើង​ចំពោះ​អញ្ចាញ ឬ​មាត់​ធ្មេញ​របស់​អ្នក ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​និង​ទទួល​ការពិនិត្យ​ពី​សំណាក់​ពេទ្យធ្មេញ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com