សង្គមអន្តរជាតិ​
អន្តរជាតិ
TikTok ប្ដឹង​រដ្ឋបាល​លោក ត្រាំ ទៅ​តុលាការ​ពាក់ព័ន្ធ​បញ្ជា​ហាមឃាត់​ការរកស៊ី​
25, Aug 2020 , 11:57 am        
រូបភាព
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនByteDance របស់ចិន។ រូបភាព៖ AFP
កម្មវិធី TikTok ដែលបង្កើតឡើងដោយក្រុមហ៊ុនByteDance របស់ចិន។ រូបភាព៖ AFP
ដោយ:
​នៅ​ថ្ងៃទី​២៤ ខែសីហា ក្រុមហ៊ុន TikTok និង​បុគ្គលិក​របស់ខ្លួន​ម្នាក់​បានដាក់​បណ្តឹង​ដោយឡែក​ពីគ្នា ដោយ​ប្តឹង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បានចេញ​បញ្ជា​ប្រតិបត្តិ​ហាម​កម្មវិធី​កម្សាន្ត​វីដេអូ​ខ្លីៗ​នេះ ធ្វើ​ប្រតិបត្តិការ​ក្នុង​ទឹកដី​អាមេរិក​។ ក្រុមហ៊ុន TikTok និង​បុគ្គលិក​ខ្លួន បានចាត់ទុក​បញ្ជា​នេះ​ជា​លេស​របស់លោក ត្រាំ ដើម្បី​ជាប់ឆ្នោត​ជាថ្មី​។ ទីក្រុង​ប៉េកាំង​វិញ បាន​គាំទ្រ​ចំណាត់ការ​ផ្លូវច្បាប់​បែបនេះ​។

 
​ក្រុមហ៊ុន​TikTok និង ByteDance បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ឲ្យ​ចេញ​សេចក្តី​បង្គាប់​មួយ​ផ្អាក​អនុវត្ត​បញ្ជា​ប្រតិបត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​ចេញ​នៅ​កាលពី​ថ្ងៃទី​៦ សីហា​។ ក្រុមហ៊ុន TikTok បាន​អះអាងថា រដ្ឋបាល​លោក ត្រាំ បាន​បំពាន​សិទ្ធិ​ធម្មនុញ្ញ​របស់ខ្លួន​ក្នុងការ​ចូលរួម​ក្នុង​នីតិវិធី ព្រោះ​មិនបាន​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​បាន​បកស្រាយ​ចំពោះ​ការចោទប្រកាន់​។ 
 
​បន្ថែម​ពីនេះ TikTok ក៏បាន​ចោទ​លោក ត្រាំ ផងដែរ​ថា គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ក្នុង​ការចេញ​បញ្ជា​ប្រតិបត្តិ​ខាងលើ​ឡើយ​។ ម្យ៉ាងទៀត លោក ត្រាំ ក៏បាន​ប្រើប្រាស់​ច្បាប់ International Emergency Economic Powers ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី ចាត់វិធានការ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ នៅពេល​មាន​អាសន្ន​ជាតិ ដោយ​មិន​ត្រឹមត្រូវ​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្នុង​បណ្ដឹង​ដាក់​ទៅកាន់​តុលាការ​ទីក្រុង Los Angeles ឈ្មោះ​លោក ត្រាំ ក្រសួងពាណិជ្ជកម្ម និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross ជា​ចុងចោទ​។ 
 
​បញ្ជា​ប្រតិបត្តិ​របស់លោក​ត្រាំ កាលពី​ថ្ងៃទី​៦ សីហា បាន​ហាម​មិន​ឲ្យ TikTok បន្ត​ប្រតិបត្តិការ​នៅ​រយៈពេល​៤៥​ថ្ងៃ​ខាងមុខ ពោលគឺ​នៅ​ថ្ងៃទី​១៥ កញ្ញា​ទៅ​ត បើ​ក្រុមហ៊ុន​មិន​ផ្លាស់ប្ដូរ​ម្ចាស់​ទេនោះ​។ លោក​ត្រាំ អះអាងថា TikTok ជាការ​គំរាម​សន្តិសុខ​ជាតិ ព្រោះ​ពួកគេ​អាច​ចែករំលែក​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ចិន​។​
 
​ក្រៅតែពី​ខាង​ក្រុមហ៊ុន បុគ្គលិក TikTok ក៏បាន​ដាក់ពាក្យ​បណ្តឹង​ដែរ​។ លោក Patrick Ryan ដែលជា​អ្នកចាត់ការ​កម្មវិធីរ​បស់ TikTok  ដោយ​លើកឡើង​ពី​ការបារម្ភ​ចំពោះ​ការបាត់បង់​ការងារ​រ​បស់​ខ្លួន និង​របស់​បុគ្គលិក​ជាង​១,៥០០​នាក់​ទៀត បើសិនជា​បញ្ជា​ប្រតិបត្តិ​នេះ​នឹង​ត្រូវបាន​យកទៅអនុវត្ត​។ ភាគច្រើន​នៃ​បុគ្គលិក​ទាំងនេះ កាន់​ទិដ្ឋាការ​ការងារ​ផងដែរ​។ 
 
TikTok មិនមែនជា​ក្រុមហ៊ុន​ចិន​ដំបូង​ឡើយ ដែល​ត្រូវ​រដ្ឋបាល​លោក ត្រាំ ចាត់ទុក​ជាការ​គំរាម​ដល់​សន្តិសុខ​ជាតិ​អាមេរិក​។ ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei និង​កម្មវិធី​សន្ទនា WeChat របស់​ចិន ក៏​កំពុង​ជួប​ជោគវាសនា​ដូចគ្នា​ដែរ ជាពិសេស​ក្នុង​បរិបទ​ដែល​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​កាន់តែ​ប្រេះឆា​ខ្លាំង​។​
 
​ក្រោយ​លោក ត្រាំ ចេញ​បញ្ជា​ខាងលើ ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok បាន​បើក​ការចរចា​ជុំវិញ​ការលក់​ប្រតិបត្តិការ​របស់ TikTok នៅ​អាមេរិក​ខាងជើង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ជាមួយ​ក្រុមហ៊ុន Microsoft Corp និង Oracle Corp ។ យ៉ាងណាមិញ គេ​មិនទាន់​ឃើញ​មាន​របាយការណ៍​ទាក់ទង​ការចរចា​ឡើយ​។ 
 
​ចំពោះ​ការប្តឹងប្ដល់​ប្រឆាំង​រដ្ឋបាល​លោក ត្រាំ នេះដែរ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាងថា ចិន​គាំទ្រ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​ផ្លូវច្បាប់ ដើម្បី​ការពារ​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់ និង​បន្ត​យ៉ាងរឹងមាំ​ក្នុងការ​ចាត់វិធានការ​ការពារ​សិទ្ធិ និង​ប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន​។ លោក Zhao និយាយ​បែ​បន​ក្នុងការ​សន្និសីទ​ព័ត៌មាន​ថ្ងៃទី​២៤ ខែសីហា​។ 
 
 

Tag:
 ចិន​
  អាមេរិក​
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com