អន្តរជាតិ
អង្គការ​សុខភាព​ពិភពលោក​ថា​ខ្លួន​កំពុង​សហការ​វាយតម្លៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ចំនួន​៩​ប្រភេទ​
25, Aug 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​លើ​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩​នៅ​ក្រុមហ៊ុន Cobra Biologics ក្នុង​ក្រុង Keele ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
រូប​ឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​លើ​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩​នៅ​ក្រុមហ៊ុន Cobra Biologics ក្នុង​ក្រុង Keele ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
ដោយ: VOA
​អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៩​ផ្សេងគ្នា កំពុង​ត្រូវបានធ្វើ​ការវាយតម្លៃ​ដោយ​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក ដែល​នៅពេលនេះ មាន​ប្រទេស​ចំនួន​១៧២ ជា​ដៃគូ​ចូលរួម​។

 
​កម្មវិធី COVAX ត្រូវបាន​បង្កើតឡើង​កាលពីដើម​ឆ្នាំនេះ ដោយ​អង្គការ​សុខភាព​ពិភពលោក ក្នុង​គោលបំណង​សម្របសម្រួល​ប្រឹងប្រែង​រួមគ្នា​របស់​ប្រទេស​សមាជិក ដើម្បី​ធានា​ការទទួលបាន​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ក្នុង​ភាពស្មើគ្នា ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅពេលដែល​វ៉ាក់សាំង​ការពារ និង​ថ្នាំ​ព្យាបាល​នេះ ត្រូវបាន​បង្កើតឡើង​និង​អនុញ្ញាត​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​។​
 
​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នោះ អគ្គនាយក​អង្គការ WHO លោក Tedros Adhanom Ghebreyesus លើកឡើងថា កម្មវិធី COVAX នេះ​មាន​សារៈសំខាន់​ចំពោះ​កិច្ចប្រឹងប្រែង​បញ្ចប់​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩​។ 
 
​លោក Tedros បញ្ជាក់ថា ការ​ធានាថា ប្រទេស​ទាំងអស់​ទទួល​បាន​នូវ​វ៉ាក់សាំង​ការពារ​ណាមួយ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់ គឺមាន​សារៈសំខាន់​សម្រាប់​ផ្នែក​សេដ្ឋកិច្ច​។ លោក​បន្តថា ប្រសិនបើ​មានតែ​ប្រទេសមួយ​ចំនួន​តូច​ដែលជា​ប្រទេស​អ្នកមាន​ខ្លាំង​បំផុត​នោះ ទទួលបាន​នូវ​វ៉ាក់សាំង​ការពារ ឬ​ថ្នាំ​ព្យាបាល​នោះ វា​នឹង​ធ្វើឱ្យ​ជំងឺ​កូ​វីដ​១៩​នេះ​កាន់តែ​រាតត្បាត​ក្នុង​រយៈពេល​វែង​តទៅទៀត​។ លោក​ថា ជាតិនិយម​ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​នេះ ជាការ​ជួយ​ឱ្យ​វីរុស​បន្តដំណើរ​ទៅមុខទៀត​តែប៉ុណ្ណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com