ជាតិ
សង្គមជាតិ
​របាយការណ៍​៖ សាលា​បិទ​៥​ខែ​ដោយសារ​កូ​វីដ​-១៩ សិស្ស​ខ្មែរ​៣.២​លាន​នាក់​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល​
25, Aug 2020 , 8:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នា​អំឡុង​ពេលដែល​សាលា​បិទទ្វារ​៥​ខែ​កន្លងមក ដោយសារ​កូ​វីដ​-១៩ សិស្ស​ពី​ថ្នាក់​មតេយ្យ​ដល់​ថ្នាក់​ទី​១២​សរុប​៣.២លាន​នាក់ បាន​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដើម្បី​បន្ត​ការសិក្សា​របស់ខ្លួន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានបង្ហាញ​ក្នុង​កម្មវិធី​ស្តីពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់​ការអប់រំ នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។​

 
​របាយការណ៍​ក្រសួង​អប់រំ បាន​បង្ហាញថា សិស្ស​ដែល​រៀន​តាម​ប្រព័ន្ធ​ឌីជីថល មាន​៨០​ភាគរយ និង​មិន​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​មាន​២០​ភាគរយ​។ ក្នុងចំណោម​នោះ  សិស្ស ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ ដែល​រៀន​តាម​ប្រព័ន្ធ​ឌីជីថល​មាន ១.២​លាន​នាក់​,​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ មាន​៣០​ម៉ឺន​នាក់​។ 
 
​ដោយឡែក​អ្នកសិក្សា​ផ្សេងទៀត​ដែល​រៀន​តាម​អន​ឡាញ​ក្នុង​មួយថ្ងៃ​មាន​៥០​ម៉ឺន​នាក់​។ ក្រសួង​អប់រំ​រំពឹងទុក​ថា កម្រិត​សិស្ស​រៀន​អន​ឡាញ​បច្ចុប្បន្ននេះ នឹង​ក្លាយជា​ទិសដៅ​ជំរុញ​ឲ្យ​សិស្សានុសិស្ស​បន្ត​រៀន​តាម​អន​ឡាញ​ចំនួន​២​លាន​នាក់​ក្នុង​មួយថ្ងៃ​នាពេល​អនាគត​។​
 
​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា ក្នុងអំឡុង​បិទ​សាលា​ទូទាំងប្រទេស សិស្សានុសិស្ស​អាច​ទទួល​បាន​ចំណេះដឹង​តាមរយៈ​ការបង្រៀន​តាម​អន​ឡាញ​របស់​ក្រសួង​អប់រំ ការចាក់ផ្សាយ​តាម​ទូរទស្សន៍​ទ​ទក​២ កម្មវិធី E-learning និង​កម្មវិធី​ផ្សេងៗ​ទៀត​។ ក្នុង​មួយថ្ងៃ ក្រសួង​អប់រំ តែងតែ​ចាក់ផ្សាយ​មេរៀន​ទៅ​សិស្ស​ម​ត្តេ​យ្យ​ចំនួន​៩៧​វីដេអូ​,​សិស្ស​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៨ មាន​ចន្លោះ​ពី​៥០ ទៅ​៩០​វិ​ឌី​អូ​,​សិស្ស​ថ្នាក់​ទី​៩​ទៅ​ទី​១២ មាន​ចន្លោះ​ពី​២០០ ទៅ​១៣៤០​វីដេអូ​។ 
 
​លោក សាន វ​ឌ្ឍ​នា  អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សង្កេតឃើញថា​ក្នុងអំឡុង​ដំណើរ​ការរៀន និង​បង្រៀន​តាម​អន​ឡាញ​រយៈពេល​៥​ខែ​កន្លងមក  មាន​សិស្សានុសិស្ស ឪពុកម្តាយ និង​គ្រូបង្រៀន​ចាប់ផ្តើម​រីកចម្រើន​លើ​ការប្រើប្រាស់​ផ្នែក​ឌីជីថល​សម្រាប់​ការអប់រំ​។ 
 
​លោក សាន វ​ឌ្ឍ​នា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ស្វ័យ​សិក្សា ចំណូលចិត្ត​រៀន ការស្រាវជ្រាវ មានការ​កើនឡើង​។ វា​ចាប់ផ្តើម​មានការ​រីក​ចម្រើន ដោយ​សិស្ស​ចាប់ផ្តើម​រៀន ចេះ​ប្រើ​ទូរ​សព្ទ​សម្រាប់​ទាក់ទង​ទៅ​មិត្តភក្តិ​ដើម្បី​រៀនសូត្រ​ជាមួយគ្នា​។ បើ​យើង​មើល​ពី​ថ្នាក់​ទី​១ ទៅ​ថ្នាក់​ទី​៧ គឺ​មិនសូវមាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​បើ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ គឺមាន​ភាគរយ​ប្រើប្រាស់​ខ្ពស់​។ ដោយ​យើង​មិន​នឹក​ស្មានតែ​កូនសិស្ស​ខ្មែរ​អាច​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នេះ​បាន​»​។ 


 
​បើតាម​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ក្នុងស្ថានភាព​ដែល​ក្រសួង​ពិចារណា​បើក​សាលារៀន​ជា​បណ្តើរៗ​ឡើងវិញ​នោះ គ្រូ​នៅតាម​សាលា​ជាង​៥០០​កន្លែង​ក៏បាន​ចុះទៅ​បង្រៀន និង​ចែក​សន្លឹក​មេរៀន​ទៅ​សិស្ស​ដែល​គ្មាន​លទ្ធភាព​រៀន និង​នៅ​ដាច់ស្រយាល​ផងដែរ​។ 
 
​លោក សាន វ​ឌ្ឍ​នា  បាន​បន្តថា ក្រសួង​អប់រំ​បាន​កំពុងតែ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ សម្រាប់​ប្រមូលផ្តុំ​នូវ​ទិន្នន័យ​ឌីជីថល​ពាក់ព័ន្ធ​នឹង​ការរៀន និង​ការបង្រៀន​តាម​ប្រព័ន្ធ​ឌីជីថល​។ លោក​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា​៖ «​ទិន្នន័យ​នេះ​នឹង​ប្រើប្រាស់ សម្រាប់​វិភាគ ទៅជា​គោលនយោបាយ​មួយ​ដែលមាន​ទិន្នន័យ​ពិតប្រាកដ​»៕ 
 

Tag:
 ឌីជីថល​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com