COVID-19
អន្តរជាតិ
ចិន​និង​អាមេរិក ឯកភាពគ្នា​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ​
25, Aug 2020 , 9:29 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីចិន Liu He (កណ្ដាល) ថតរូបជាមួយតំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer (ឆ្វេង) និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ Steven Mnuchin (ស្ដាំ) នាជំនួបកន្លងមក។ រូបភាព Xinhua
ឧបនាយករដ្ឋមន្រ្តីចិន Liu He (កណ្ដាល) ថតរូបជាមួយតំណាងចរចាពាណិជ្ជកម្មអាមេរិក Robert Lighthizer (ឆ្វេង) និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ Steven Mnuchin (ស្ដាំ) នាជំនួបកន្លងមក។ រូបភាព Xinhua
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៥ ខែសីហា បាន​អះអាង ខ្លួន បាន​យល់ព្រម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការបន្ត​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដំណាក់កាល​មួយ ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​នៅ​ដើមឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ចិន​ក្រោយ​ជំនួប​រវាង​តំណាង​ចរចា​ពាណិជ្ជកម្ម​ចិន និង​អាមេរិក​។

 
​លោក Liu He ឧបនាយករដ្ឋមន្ត្រី និង​ជា​តំណាង​ចរចា​ពាណិជ្ជកម្ម​របស់​ចិន បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក Robert Lighthizer តំណាង​ចរចា​ពាណិជ្ជកម្ម និង​លោក Steven Mnuchin រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​នៅ​ថ្ងៃទី​២៥ ខែសីហា​។ ក្នុងការ​ជជែក​នេះ មន្ត្រី​ចិន និង​អាមេរិក បានលើកឡើង​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការពង្រឹង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ជាដើម​។ 
 
​ចំណែក​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​លើកឡើងថា ចិន និង​អាមេរិក បាន​ជជែក​ពី​ជំហាន​មួយចំនួន ដែល​ទាមទារ​ឲ្យ​ចិន​ត្រូវ​ចាត់វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុងការ​កែទម្រង់​ផ្សេងៗ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​មួយ​។  ចំណុច​ទាំងនោះ​មានការ​ធានា​លើ​ការការពារ​កម្មសិទ្ធិបញ្ញា ការលុបចោល​ឧបសគ្គ​មួយ ដែល​ក្រុមហ៊ុន​អាមេរិក​ខ្លះ​ជួបប្រទះ និង​ការលុបចោល​ការផ្ទេរ​ប​ច្ចេក​វិទ្យា​ដោយ​បង្ខំ​ជាដើម​។ 
 
​ជាមួយគ្នានេះ តំណាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ក៏បាន​ជជែក​ពី​ការបង្កើន​ការទិញ​ផលិតផល​អាមេរិក ពី​ភាគី​ចិន ក៏ដូចជា​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នាពេល​អនាគត​។ សេចក្តីថ្លែងការណ៍​ចេញពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក បាន​បន្ត​បែបនេះ ដោយ​បន្ថែមថា ភាគី​ទាំងពីរ​ឃើញ​ពី​ដំណើរការ​ទៅមុខ ហើយ​ប្តេជ្ញា​ចាត់វិធានការ​បន្ទាប់​ទៀត ដើម្បី​ធានាថា កិច្ចព្រមព្រៀង​ដំណាក់កាល​ទីមួយ​នេះ ទទួលបាន​ជោគជ័យ​។ 
 
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​មួយ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក Lui He និង​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​សេត​វិមាន​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែមករា​កន្លងទៅ​។ ក្រោម​កិច្ចព្រមព្រៀង​នេះ ចិន​សន្យា​បង្កើន​ការទិញ​ផលិតផល​កសិកម្ម​ពី​អាមេរិក និង​បើកទូលាយ​ការរកស៊ី​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​ចិន​ផងដែរ​។​
 
​សូមបញ្ជាក់ថា កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នេះ ដំបូង​ឡើយ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែសីហា ដើម្បី​ប្រារព្ធ​ខួប ៦​ខែ ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវបាន​ចុះហត្ថលេខា​។ ប៉ុន្តែ​ជំនួប​នេះ ត្រូវគេ​លើក​ពេល​មក​ថ្ងៃទី​២៥ ខែសីហា​វិញ បន្ទាប់ពី​លោក ត្រាំ ខឹង​ចិន​លើ​បញ្ហា COVID-19 និង​បញ្ហា​ផ្សេងទៀត​៕

Tag:
 ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com