ជាតិ
ក្រុមហ៊ុនចិនមួយ គ្រោងបោះទុនលើវិស័យកសិកម្មកម្ពុជា និងប្រមូលទិញផ្លែឈើស្រស់នាំចេញទៅចិន
× ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយ គ្រោងបោះទុនលើវិស័យកសិកម្មកម្ពុជា និងប្រមូលទិញផ្លែឈើស្រស់នាំចេញទៅចិន។លោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀន បានលើកយកគម្រោងវិនិយោគនេះ ទៅពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ សីហា។
លោក Wang Bingham បានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែឈើកម្ពុជាខ្លះហើយ ក្នុងនោះរួមមាន ផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងជាដើម។ ក្រោយសិក្សាលើកសិផលទាំងនោះហើយ ទើបធ្វើឱ្យលោក Wang Bingham មានទំនុកចិត្តចង់បោះទុនវិនិយោគលើវិស័យកសិកម្មនេះតែម្ដង។
មិនតែប៉ុណ្ណោះអគ្គនាយកក្រុមហ៊ុនចិនរូបនេះ ក៏មានជំនឿចិត្តថា ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នឹងទទួលបានការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេសចិនផងដែរ តាមរយៈការប្រមូលកសិផលកម្ពុជា យកទៅដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ នេះបើតាមក្រសួងកសិកម្ម ដែលបានស្រង់សម្តីលោក Wang Bingham មកសរសេរលើហ្វេសប៊ុក។
លោក វេង សាខុន គាំទ្រចក្ខុវិស័យរបស់អគ្គនាយកក្រុមហ៊ុនចិននេះ ព្រោះគម្រោងវិនិយោគវិស័យកសិកម្ម ស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតផលកសិកម្មក្នុងស្រុក តាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលវានឹងជួយជំរុញដល់ខឿនសេដ្ឋកិច្ចជាតិ។
ដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ អគ្គនាយកក្រុមហ៊ុនធៀន ធៀន ក៏បានស្នើសុំយោបល់ពីលោករដ្ឋមន្ត្រីកសិកម្ម វេង សាខុន និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិនផងដែរ។
ចំពោះបញ្ហានេះ លោក វេង សាខុន ក៏បានប្រាប់ឱ្យក្រុមហ៊ុននេះ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ,អគ្គនាយកដ្ឋានកសិកម្ម ,នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើសិន មុននឹងរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួង។
កាលពីពេលថ្មីៗនេះ ចិនក៏បានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ ក្រៅពីការបង្កើនកូតានាំចូលអង្ករ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ពីកម្ពុជា។ នេះបើតាមលោក វេង សាខុន៕
© រក្សាសិទ្ធិដោយ thmeythmey.com