ជាតិ
លោក ឃឹម ហ្វី​ណង់​៖ ក​សិ​-​ទេសចរណ៍ ទេសចរណ៍​ជនបទ និង​វប្បធម៌​ត្រូវ​រីកចម្រើន​ទន្ទឹមគ្នា​
26, Aug 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប មានបំណង​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក កាន់តែ​រីកចម្រើន តាមរយៈ​ការជំរុញ​ឲ្យ​ទេសចរណ៍វប្បធម៌ ទេសចរណ៍​តាម​ជនបទ និង​ក​សិ​-​ទេសចរណ៍​នៅក្នុង​ស្រុក ឲ្យ​លេចធ្លោ​ព្រម​គ្នា​។ 



​លោក អភិបាលស្រុក​រូបនេះ​បញ្ជាក់ប្រាប់ Thmeythmey25 ថា​ទេសចរណ៍​បែប​វប្បធម៌ ធម្មជាតិ ស្រុក​បន្ទាយស្រី កំពុងមាន​សក្តានុពល​ស្រាប់​ហើយ ដូចជា​ប្រាសាទបន្ទាយស្រី និង​ភ្នំ​គូលែន ប៉ុន្តែ​នៅតែ​ត្រូវ​ការជំរុញ​បន្ទាប់​។ ចំណែក​ក​សិ​-​ទេសចរណ៍ អាជ្ញាធរ​ស្រុក នឹង​ជំរុញ​ការដាំ​ដំណាំ​ប្រភេទ​ណា​ដែល​អាច​ទាក់ទាញ​ទេសចរ​បាន ដូចជា​ដំណាំ​ទុរេន និង​សាវម៉ាវ ជាដើម​។ រីឯ ទេសចរណ៍​បែប​ជនបទ ក្នុងស្រុក​បន្ទាយស្រី ក៏​សម្បូរបែប​ដែរ ប៉ុន្តែ​ត្រូវការ​ការផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​។ 


 
«​ក្រោយពី​ជំរុញ​កត្តា​ចម្បង​ទាំង​៣​ឲ្យ​ស្របគ្នា​បាន​ហើយ​នោះ វិស័យ​ទេសចរណ៍​ក្នុងស្រុក​បន្ទាយស្រី​នឹងមាន​ភាព​រីកចម្រើន​។ នេះ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា យើង​មាន​សក្ដានុពល​អ្វី ហើយ​អ្វីខ្លះ​ដែល​ត្រូវ​ជំរុញ​បន្ថែម​។ ជាក់ស្ដែង នៅ​ស្រុក​បន្ទាយស្រី មាន​ស្រាប់​មួយចំនួន​ហើយ​ជា​ទេសចរណ៍​បែប​ធម្មជាតិ​ដូចជា មុខម្ហូប កសិកម្ម និង​ទំនៀមទម្លាប​រស់នៅ ដូច្នេះ​អ្វីដែល​ត្រូវ​ជំរុញ​បន្ថែមទៀត​នោះ​គឺ ការងារ​ផ្សព្វផ្សាយ​»​។  នេះ​ជាការ​បញ្ជាក់​របស់លោក ឃឹម ហ្វី​ណង់​។ 
 
​ក្រៅ​តែ​គម្រោង​ជំរុញ​វិស័យ​ទេសចរណ៍ អភិបាលស្រុក​បន្ទាយ ក៏បាន​លើកឡើង​ពី​សារសំខាន់ នៃ​កិច្ចការពារបរិស្ថាន និង​ការគ្រប់គ្រង​សំរាម​នៅក្នុង​ស្រុកទេស​របស់ខ្លួន​ដែរ​។ សម្រាប់​លោក ហ្វី​ណង់ នៅពេលដែល​វិស័យ​ទេសចរណ៍​រីកចម្រើន បញ្ហា​ប្រឈម​ក៏​កើតឡើង​ទន្ទឹមគ្នា​។ ក្នុង​បរិបទ​កម្ពុជា​បច្ចុប្បន្ន អភិបាលស្រុក​រូបនេះ មើលឃើញថា សំរាម អាច​នឹង​ចោទ​ជា​បញ្ហា ដែល​ទាមទារ​ឲ្យ​មាន​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ និង​ជា​អចិន្ត្រៃយ៍​។ ជាក់ស្តែង ស្រុក​បន្ទាយស្រី កំពុង​រៀបចំ ឲ្យ​មាន​យុទ្ធនាការ​ប្រមូល​សំរាម​ទូទាំង​ស្រុក ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​មេភូមិ​នីមួយៗ ខណៈដែល​ឡ​សំរាម​របស់​ស្រុក នឹង​សាងសង់​រួចរាល់​នៅ​ខែកញ្ញា ឆ្នាំ​២០២០​នេះ​៕
 





Tag:
 វប្បធម៌​
 ​បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com