ជាតិ
ក្រសួង​ដក​បណ្ណ​សមធម៌​ពី​ពលរដ្ឋ​ជាង​៧​ពាន់​គ្រួសារ ក្រោយ​រកឃើញ​បន្លំ និង​មាន​ជីវភាព​ប្រសើរ​ឡើងវិញ​
25, Aug 2020 , 3:06 pm        
រូបភាព
ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការធ្វើបណ្ណសមធម៌របស់គ្រួសារក្រីក្រ ដែលជាក្រុមគ្រួសារសាច់ញាតិរបស់លោកមេឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ៣១ កក្កដា ២០២០។(រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច)
ក្រុមការងារចម្រុះរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការធ្វើបណ្ណសមធម៌របស់គ្រួសារក្រីក្រ ដែលជាក្រុមគ្រួសារសាច់ញាតិរបស់លោកមេឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ៣១ កក្កដា ២០២០។(រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច)
​ភ្នំពេញ​៖ ក្រសួងផែនការ​បាន​ដក​បណ្ណ​ធម៌​ពី​ពលរដ្ឋ​ជាង​៧​ពាន់​គ្រួសារ​វិញ ក្រោយ​រកឃើញថា ពួកគេ​បាន​បន្លំ​ជា​ជនក្រីក្រ និង​ខ្លះទៀត មាន​ជីវភាព​ប្រសើរ​ឡើងវិញ​។ ពលរដ្ឋ​ជាង​៧​ពាន់​គ្រួសារ​នេះ បាន​បើកប្រាក់​ឧបត្ថម​ក្នុង​ខែ​ដំបូង​ប៉ុណ្ណោះ មុននឹង​ត្រូវ​ដក​បណ្ណ​វិញ​។



​អ្នកនាំពាក្យ​ក្រសួងផែនការ​លោក ស្រី ដា បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ភាពមិនប្រក្រតី​ជាង​៧​ពាន់​បណ្ណ​នេះ កើតឡើង​ដោយសារ​ការយោគយល់​និង​ខ្វះ​ការពិនិត្យ​ពី​សំណាក់​អាជ្ញាធរ ។ បើតាម​លោក ស្រី ដា ក្រសួង​ក៏បាន​ការព្រមាន​និង​ណែនាំ​អាជ្ញាធរ​លើ​បញ្ហា​ការងារ​ទាំងនេះហើយ​។ 
 
«​យើង​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​ជាច្រើន​បានកើត​ឡើង ដោយសារ​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ មាន​ភាព​ច្រណែន​នឹង​ការទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល មានការ​កើនឡើង​បន្តទៅ​ធ្វើការ​ដាក់ពាក្យ​សម្ភាស ដែល​បានធ្វើ​ការរំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ក្រុមការងារ​របស់​មន្ទីរ​ផែនការ​រាជធានី​ខេត្ត​ក្រុង​ទូទាំងប្រទេស ដែល​កំពុងតែ​មមាញឹក​ស្វែងរក​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ក៏ដូចជា​ដកចេញ​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​ឬក៏​បន្លំ​»​។ នេះ​បើតាម​បញ្ជាក់​របស់លោក ស្រី ដា ដែល​បាន​សង្កេតឃើញ​ពី​ភាពមិនប្រក្រតី ក្នុង​ដំណើរ​ការធ្វើ​បណ្ណសម​ធម៌​ជុំ​ទី​៣​។ 
 
​ចំពោះ​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌​ជាង​៧​ពាន់​នោះ បាន​បើកប្រាក់​ឧបត្ថម្ភ​តែ​លើកដំបូង​នៅក្នុង​ខែ​ទី​១​តែប៉ុណ្ណោះ ហើយក៏​ត្រូវបាន​ហូត​បណ្ណ​វិញ​តែម្ដង​។ នេះ​បើតាម​ការអះអាង​របស់​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច ដែល​បាន​បន្ថែមថា ប្រាក់​ដែល​ពលរដ្ឋ​បន្លំ​ជា​ជនក្រីក្រ បើក​យកទៅ​ប្រើប្រាស់​នោះ គឺ​ក្រុមការងារ​មិន​ប្រមូល​ត្រឡប់​យក​វិញ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​តវ៉ា​ណាមួយ​កើតឡើង​។ 
 
​បើតាម​លោក តូច ចាន់នី បញ្ហា​ប្រឈម​ដែល​តែងតែ​កើតមាន​ពាក់ព័ន្ធ​នឹង​ការបើក​ប្រាក់ឧបត្ថម្ភ​នេះ ភាគច្រើន​មកពី​ពលរដ្ឋ​បន្លំ​ជា​ជនក្រីក្រ​, កន្លែង​ដក​ប្រាក់​បន្លំ​ដក​សេវាកម្ម ,​បាត់​បណ្ណ​សមធម៌ និង​ពលរដ្ឋ​ខ្លះ​ផ្លាស់ប្តូរ​ជីវភាព​ប្រសើរ​ឡើងវិញ​ជាដើម​។ 
 
​អ្នកនាំពាក្យ​ក្រសួង​ទាំងពីរ​នេះ សុទ្ធតែ​បាន​អះអាងថា ក្រុមការងារ​ក្រសួង​ទាំង​២ បាន​ដោះស្រាយ​ជាប្រចាំ រាល់ពេល​ទទួលបាន​ព័ត៌មាន​ជុំវិញ​ភាពមិនប្រក្រតី​ណាមួយ ពាក់ព័ន្ធ​បណ្ណសម​ធម៌​នេះ ដើម្បី​បញ្ឈប់​ភាពខ្វះ​ចន្លោះ​និង​សម្រួល​បញ្ហា​ដល់​ពលរដ្ឋ​។ 
 
​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ ក្រសួងផែនការ​បាន​ចុះ​ធ្វើ​បណ្ណ​សមធម៌​បាន​៣​ជុំ​ហើយ សម្រាប់​ពលរដ្ឋ​ក្រីក្រ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​មិថុនា កក្កដា និង​សីហា​។ សរុប​ទាំងបី​ជុំ​នេះ មានគ្រួសារ​ក្រីក្រ​សរុប​ជិត​៦៧​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​ក្រីក្រ ​២​លាន​៦​សែន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងផែនការ​។ 
 
​នៅ​ថ្ងៃទី​២៤​សីហា​នេះ ក្រសួង​សង្គមកិច្ច​បានបញ្ចប់​ការបើកប្រាក​ឧបត្ថម្ភ​ជុំ​ទី​១ ដែលមាន​រយៈពេល​២​ខែ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​២០​សែន​លាន​រៀល ដល់​គ្រួសារ​ជាង​៥៩​ម៉ឺន​គ្រួសារ​៕ 

Tag:
 បណ្ណ​សមធម៌
© រក្សាសិទ្ធិដោយ thmeythmey.com