អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Facebook បិទ​មិន​ចូល​មើល Group មួយ​ដែល​រិះគន់​រាជានិយម​ថៃ ក្រោយ​មាន​សំណើ​ពី​រដ្ឋាភិបាល​
25, Aug 2020 , 10:29 pm        
រូបភាព
បណ្តាញសង្គម Facebook។រូបភាព៖ AFP
បណ្តាញសង្គម Facebook។រូបភាព៖ AFP
ដោយ:
​ក្រុមហ៊ុន Facebook នៅ​ថ្ងៃទី​២៤ ខែសីហា បាន​រាំងខ្ទប់​មិន​ឲ្យ​អ្នកប្រើប្រាស់​ក្នុងប្រទេស​ថៃ អាច​ចូលទៅ​មើល​គ្រុប (Group) មួយ​ដែល​សមាជិក​១​លាន​នាក់​។ វិធានការ​របស់ Facebook នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថៃ គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ដែល​មិន​លុបចោល​មាតិកា​ដែល​ប៉ះពាល់​មហាក្សត្រ​។ ប៉ុន្តែ Facebook អះអាងថា ខ្លួន​នឹង​តទល់​តាមផ្លូវ​ច្បាប់​ដើម្បី​ការពារ​អ្នកប្រើប្រាស់​របស់ខ្លួន​

 
​ការទាមទារ របស់​រដ្ឋាភិបាល​ថៃ​ទៅលើ​ក្រុមហ៊ុន Facebook ឲ្យ​ដកចេញ​ការផ្សព្វផ្សាយ​ដែល​ប៉ះពាល់​ព្រះមហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ធ្វើឡើង បន្ទាប់ពី​មាន​បាតុកម្ម​សឹងតែ​រៀងរាល់ថ្ងៃ​ដែល​រៀបចំ​ដោយ​យុវជន​ដែល​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល និង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​របបរាជានិយម​ដែលជា​រឿង​កម្រ​មាន​ពីមុនមក​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters គ្រុប​នៅក្នុង​បណ្តាញ​សង្គម Facebook ដែល​ត្រូវបាន​បិទ​មិន​ឲ្យ​អ្នកប្រើប្រាស់​នៅ​ថៃ​ចូលទៅ​បាន មាន​ឈ្មោះថា Royalist Marketplace ។ ក្រុម​នេះ​បាន​បង្កើតឡើង​នៅ​ខែមេសា ឆ្នាំ​២០២០ ដោយ​លោក Pavin Chachavalpongpun អ្នក​រិះគន់​របបរាជានិយម​ថៃ និង​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​។​
 
​គ្រុប​នេះ ត្រូវបាន Facebook បិទ នៅ​យប់​ថ្ងៃទី​២៤ សីហា ជាមួយនឹង​ការអះអាង​ថា ធ្វើតាម​ការ​សំណើរ​ផ្លូវច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​របស់​ថៃ​។ លោក Pavin ដែលជា​អ្នកបង្កើត​ក្រុម​នេះ​បាន​ប្រតិកម្ម​ថា Facebook កំពុង​ធ្វើតាម​សម្ពាធ​របស់​រដ្ឋាភិបាល​ថៃ​។ សកម្មជន​រូប​និយាយ​ការពារ​ថា គ្រុប​ក្នុង Facebook នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ជា​លំហ​នៃ​សេរីភាព​បញ្ចេញមតិ​ផងដែរ​។​
 
​ទោះបី​បាន​រាំងខ្ទប់​មិន​ឲ្យ​ចូល​មើល​នៅពេលនេះ​ក្តី Facebook បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ការទាមទារ​របស់​ថៃ គឺ​ធ្ងន់ធ្ងរ ផ្ទុយទៅនឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាន​ផលប៉ះពាល់​ដល់​ការបញ្ចេញមតិ​របស់​អ្នកប្រើប្រាស់​។ Facebook បន្ថែមថា ខ្លួន​កំពុងធ្វើការ​ដើម្បី​ការពារ​សិទ្ធិ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​គ្រប់រូប និង​រៀបចំ​តទល់​នឹង​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​ថៃ​តាមផ្លូវ​ច្បាប់​ផងដែរ​។​
 
​សូមបញ្ជាក់ថា នៅ​ដើមខែ​សីហា​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឌីជីថល និង​សង្គម​ថៃ បាន​ចោទ Facebook ថា មិន​គោរព​តាម​សំណើ​ក្នុងការ​រឹតត្បិត​ការផ្សព្វផ្សាយ​ព័ត៌មាន​ខ្លះ ដោយ​រួមបញ្ចូល​ព័ត៌មាន​ដែល​ប្រមាថ​របបរាជានិយម​ផងដែរ​។ នៅ​ថ្ងៃទី​១០ រដ្ឋមន្ត្រីក្រសួង​ដដែល ទុកពេល​ឲ្យ Facebook ១៥​ថ្ងៃ​ក្នុងការ​អនុវត្ត​បញ្ជា​របស់​តុលាការ ឬក៏​ត្រូវ​ចោទប្រកាន់​ក្រោម​ច្បាប់​បទល្មើស​កុំព្យូទ័រ ដែល​អាច​រង​ការពិន័យ​ទឹកប្រាក់​២​សែន​បាត​ស្មើនឹង ៦៣៦៧​ដុល្លារ​អាមេរិក ហើយ​បើ​មិន​អនុវត្តតាម ត្រូវ​ពិន័យ​៥​ពាន់​បាត​ក្នុង​មួយថ្ងៃ រហូត​ដល់ពេល​អនុវត្ត​។​
 
​ចំណែកឯ​កាលពី​សប្តាហ៍​មុន ក្រសួង​សេដ្ឋកិច្ច​ឌីជីថល បានដាក់​ពាក្យបណ្តឹង​ដោយឡែក ដោយបាន​ប្តឹង​លោក Pavin ដែល​បាន​បង្កើត​គ្រុប Facebook នេះ​។ នៅ​ថៃ ការប្រមាថ​ព្រះមហាក្សត្រ​អាច​នឹងត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ដល់​ទៅ​១៥​ឆ្នាំ​៕
 

Tag:
 ថៃ​
  ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com