ជាតិ
សេដ្ឋកិច្ច
គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៥ ទទួលបាន​ការអនុម័ត​ពី CDC
25, Aug 2020 , 4:28 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​៥​ទៀត ដែលមាន​ទុនវិនិយោគ​ប្រមាណ​៥៨​លាន​ដុល្លារ បង្កើត​រោងចក្រ​នានា​នៅ​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់ CDC នៅ​ថ្ងៃទី​២៥​សីហា ឆ្នាំ​២០២០ ដោយបាន​បញ្ជាក់ថា ក្រុមហ៊ុន​វិនិយោគ​ទាំង​៥​នេះ នឹង​ផ្តល់ឱ្យ​ការងារ​ដល់​ពលរដ្ឋ បាន​ជាង​៨០០​កន្លែង​។

 
​ក្រុមហ៊ុន​ទាំង​៥ ដែល​CDC បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដើម្បីឱ្យ​អនុវត្ត​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នោះ​មាន​៖

១. ក្រុមហ៊ុន CAM-ICARE CO., LTD នឹង​វិនិយោគ​ក្នុង​ថវិកា​៥,៥​លាន​ដុល្លារ លើ​ការបង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា​នេះ នឹង​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន​៣៨០​កន្លែង​។ 
 



២. ក្រុមហ៊ុន K&K PIPE (CAMBODIA) CO.,LTD នឹង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ នៅក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុងតម្លៃ​វិនិយោគ​ជាង​៦​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន​១៣១​កន្លែង​។ 
 



៣. ក្រុមហ៊ុន​ចិន​ឈ្មោះ RONG XING PAPER INDUSTRIAL CO.,LTD បាន​បោះទុន​ជាង​៣,៦​លាន​ដុល្លារ បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដែល​អាចបង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន​ជាង​១០០​កន្លែង ផងដែរ​។ 
 



៤. ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD នឹង​បង្កើត​រោងចក្រ​ផលិត​ការ៉េម នៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។  គម្រោង​រោងចក្រ​ផលិត​ការ៉េម​នេះ ត្រូវបាន​ក្រុមហ៊ុន TOKYO HAPPY  វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ ដោយ​អាចបង្កើត​ការងារ​បាន​ជាង​១៥០​កន្លែង​។​



 
៥.  ក្រុមហ៊ុន RAY POWER SUPPLY CO., LTD   បាន​បោះទុន​វិនិយោគ​រហូត​ជិត​៤០​លាន​ដុល្លារ ក្នុងការ​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដែលមាន​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​CDC៕ 



Tag:
 CDC
  អគ្គីសនី​
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com