ភ្នំពេញ៖ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យថ្នាក់មេត្តយ្យរហូតដល់ថ្នាក់មធ្យមសិក្សាទាំងសាលារដ្ឋ និងសាលាឯកជនមួយចំនួន បើកដំណើរការឡើងវិញនាអំឡុងខែកញ្ញានេះផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកពាក្យនាំក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ការសម្រេចឲ្យបើកសាលារៀនត្រឹមថ្នាក់មធ្យមសិក្សាវិញនេះ គឺស្ថិតនៅក្នុងដំណាក់កាលទី២។ ដោយឡែកសិស្សថ្នាក់ទី៩ និងទី១២ ក៏ចូលរៀនវិញនៅខែកញ្ញាដែរ និងត្រូវប្រឡងឌីប្លូម និងបាក់ឌុបនៅខែធ្នូ។
លោក សុវាចា បានរៀបរាប់ដូច្នេះថា៖«កាលបើកសាលារៀនសម្រាប់ថ្នាក់ទី៩ និងទី១២នោះ ជាមួយជ្រុងនៃដំណាក់កាលទី២។ អ៊ីចឹង ការបើកសាលារៀនមេត្តយ្យដល់ថ្នាក់មធ្យមសិក្សានេះជាព័ត៌មានបន្ថែមសម្រាប់ដំណាក់កាលទី២»។
ចំណែកការបើកសាលារៀនក្នុងដំណាក់ទី៣ ក្រសួងនឹងពិចារណានៅពេលក្រោយ។ ក្រសួងអប់រំបានណែនាំឲ្យសាលារៀននីមួយៗត្រៀមលក្ខណៈទុកជាមុន ដើម្បីធានាឲ្យមាននិរន្តភាព សុវត្ថិភាព សម្រាប់សិស្ស គ្រូ និងបុគ្គលិក។ អ្នកនាំពាក្យរូបនេះ បានរៀបរាប់ដូច្នេះថា៖«គ្រឹះស្ថានសិក្សាត្រូវត្រៀមខ្លួនរៀបចំគ្រឹះស្ថានសិក្សាតាមគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩»។
សាលារៀនដែលបើកដំណើរការវិញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគក្នុងបន្ទប់រៀន បរិវេណសាលា បណ្ណាល័យ អាហារដ្ឋាន បន្ទប់ទឹក សួនកុមារកម្សាន្តលេង និងសម្ភារចាំបាច់ផ្សេងៗទៀត។ សាលារៀននីមួយៗត្រូវរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រួមទាំងរៀបចំតុ និងកៅអីឲ្យនៅឆ្ងាយពីគ្នា២ម៉ែត្រ ហើយត្រូវឲ្យសិស្សរៀនក្នុងមួយថ្នាក់តែ២០ទៅ២៥នាក់។ សាលាត្រូវផ្អាកកន្លែងកម្សាន្ត ឬទីលានកីឡា និងកម្មវិធីជួបជុំ ឬព្រឹត្តការណ៍សហគមន៍ក្នុងនៅបរិវេណសាលារៀន។ រាល់ម៉ោងសិក្សាមិនត្រូវឲ្យមានអ្នកចេញចូលសាលាដោយគ្មានការអនុញ្ញាតឡើយ។ នេះបើតាមក្រសួងអប់រំ។
ក្រសួងអប់រំ ក៏ណែនាំទៅគ្រឹះស្ថានសិក្សានីមួយៗត្រូវរៀបចំកន្លែងលាងដៃ និងសាប៊ូ ឬទឹកអាល់កុលឲ្យមាននៅគ្រប់បរិវេណសាលារៀន ត្រូវឲ្យមានបន្ទប់សុខភាព ដោយមានអ្នកជំនាញសម្រាប់សង្គ្រោះបឋម និងពិនិត្យសុខភាពសិស្ស គ្រូ និងបុគ្គលិកសាលា។ ក្រសួងណែនាំឲ្យអ្នកបើកបររថយន្តដឹកសិស្សត្រូវពាក់ម៉ាស់ លាងទឹកអាល់កុល ត្រូវបើកបង្អួចរថយន្តឲ្យមានខ្យល់ចេញចូល និងឲ្យសិស្សអង្គុយកៅអីទុកចន្លោះ១កៅអីពីគ្នា។
សិស្សានុសិស្សកំពុងសិក្សានៅក្នុងថ្នាក់រៀនកាលមិនទាន់មានការរាតត្បាតនូវជំងឺកូវីដ-១៩
សម្រាប់មាតាបិតា ឬអាណាព្យាបាលសិស្សត្រូវរៀបចំចំណីអាហារប្រកបដោយសុវត្ថិភាព ដែលចម្អិនបានល្អ សម្រាប់ទុកឲ្យកូនបរិភោគនៅសាលា ដើម្បីជៀសវាងបរិភោគអាហាររួម ដែលជាប្រភពចម្លងមេរោគបានលឿន។ សាលាណែនាំឲ្យមាតាបិតាត្រូវតែរាយការណ៍ព័ត៌មានទាក់ទងនឹងស្ថានភាពសុខភាព និងប្រវត្តិដំណើរចេញទៅក្រៅប្រទេស ឬជួបជុំណាមួយ។ នេះបើតាមក្រសួងអប់រំ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានណែនាំឲ្យសិស្សានុសិស្ស គ្រូ និងបុគ្គលិកផ្នែកអប់រំទាំងអស់ បរិភោគអាហារ និងបរិភោគទឹកដែលចម្អិនដោយខ្លួនឯងពីផ្ទះរៀងៗខ្លួន។ ជាមួយគ្នាដែរ លោករដ្ឋមន្ត្រីក៏ណែនាំឲ្យពួកគេចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ដោយកុំមានភាពភ័យខ្លាច និងរើសអើង។ លោកក៏បានណែនាំឲ្យពួកគេហាមប្រើប្រាស់របស់រួម ឬចាប់ដៃគ្នា ដោយជំនួសមកវិញនូវការសំពះគ្នាទៅវិញទៅមក។
ក្នុងករណីសង្ស័យថាមានសិស្ស គ្រូ និងបុគ្គលិកសាលាណាម្នាក់មានរោគសញ្ញាដូចនឹងជំងឺកូវីដ-១៩ សាលាត្រូវរាយការណ៍មកមន្ទីរសុខាភិបាល ឬទាក់ទងមកលេខទូរសព្ទ១១៥ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែបើសាលាណាមួយមានការធ្វេសប្រហែសបណ្តាលឲ្យមានការរាតត្បាតជំងឺកូវីដ-១៩ សាលានោះនឹងប្រឈមមុខនឹងវិធានការច្បាប់ និងប្រឈមនឹងវិធានការរដ្ឋបាលតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕