COVID-19
អន្តរជាតិ
ការកើនឡើង COVID-19 បាន​បង្ខំ​ឲ្យ​កូរ៉េខាងត្បូង​បិទ​សាលា​នៅ​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ម្ដងទៀត
25, Aug 2020 , 11:29 pm        
រូបភាព
គ្រូបង្រៀនកូរ៉េខាងត្បូងម្នាក់ បានបង្រៀនសិស្សតាមអនឡាញនៅក្នុងសាលារៀនមួយ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ រូបភាព៖ Reuters
គ្រូបង្រៀនកូរ៉េខាងត្បូងម្នាក់ បានបង្រៀនសិស្សតាមអនឡាញនៅក្នុងសាលារៀនមួយ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ រូបភាព៖ Reuters
​ក្រសួង​អប់រំ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៥ សីហា បានសម្រេច​បិទ​សាលារៀន​ក្មេងៗ​ទាំងអស់ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​នៅ​តំបន់​ផ្សេងទៀត បន្ទាប់ពី​ករណី​ឆ្លង COVID-19 បាន​ហក់​ឡើងជា​ថ្មី​នៅក្នុង​ប្រទេស​។ ការបិទ​សាលារៀន​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់ COVID-19​។

 
​ករណី​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង​មួយរយៈ​ចុងក្រោយ​នេះ គឺ​បាន​កើនឡើង​សារជាថ្មី​។ នៅ​ថ្ងៃទី​២៥ ខែសីហា កូរ៉េខាងត្បូង បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង ២៨០​ករណី ក្នុងនោះ ២៦៤​ករណី គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។ បើតាម​ការអះអាង​រប​ស់​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​COVID-19 (KCDC) ពីរ​ថ្ងៃ​ជាប់​គ្នា​មកហើយ ដែល​កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​COVID-19 ធ្លាក់​មកក្រោម​៣០០​ករណី​។ 
 
​ភាគច្រើន​នៃ​ករណី​ឆ្លង​COVID-19 ថ្មី គឺ​មាននៅ​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​Incheon ខេត្ត Gyeonggi ដែល​ព័ទ្ធជុំវិញ​រដ្ឋធានី ខណៈ​ខេត្ត​ក្រុង​ផ្សេងទៀត ក៏បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​ថ្មី​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​COVID-19 នៅតែ​បន្ត​កើនឡើង​បែបនេះ ក្រសួង​អប់រំ​កូរ៉េខាងត្បូង បានប្រកាសថា សាលារៀន​សម្រាប់​ក្មេងៗ​រួមមាន​ថ្នាក់​ម​ត្តេ​យ្យ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​Incheon និង​ខេត្ត Gyeonggi ត្រូវ​រៀន​តាម​អន​ឡាញ​រហូតដល់​ថ្ងៃទី​១១ ខែកញ្ញា​ខាងមុខ​។ សាលារៀន​ទាំងអស់នេះ ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​២៦ ខែសីហា តទៅ ដើម្បី​បង្ការ​ករណី​ឆ្លង និង​ទប់ស្កាត់ COVID-19​។ 
 
​យ៉ាងណាក៏ដោយ ការបិទ​សាលារៀន គឺ​មិន​អនុវត្ត​លើ​សិស្ស​វិទ្យាល័យ ដែល​ត្រូវ​ប្រលង​ចូល​សកល​វិទ្យាល័យ នៅ​ខែធ្នូ​ខាងមុខ​ទេ​។ សព្វថ្ងៃ កូរ៉េខាងត្បូង បានដាក់​បម្រាម​រឹតត្បិត​កម្រិត​ពីរ​នៅ​ទូទាំងប្រទេស ក្នុងចំណោម​៣​កម្រិត​។ ការ​រឹតត្បិត​កម្រិត​៣ គឺជា​ការចាប់​បង្ខំ​ឲ្យ​ប្រជាជន​គោរព​វិធាន​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់ COVID-19​។​
 
​កន្លងទៅ កូរ៉េខាងត្បូង បាន​ពន្យារពេល​បើក​សាលារៀន​ជាច្រើន​ខែ ដោយសារ​កូ​រ៉ូ​ណាវី​រុស​។ ទើបតែ​នៅ​ចុងខែ​ឧសភា​ទេ ទើប​កូរ៉េខាងត្បូង បាន​បើក​សាលារៀន​ឡើងវិញ​។ គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែសីហា កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១៧៩៤៥​ករណី អ្នកស្លាប់​មាន​ចំនួន ៣១០ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៤២៨៦​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com