ជាតិ
សម្រស់សមុទ្រពពកនៅប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក
× ព្រះវិហារ៖ ប្រាសាទព្រះវិហារ ជាគោលដៅទេសចរណ៍ដ៏សំខាន់នៃខេត្តព្រះវិហារ។ សម្រស់ព្រឹក្សា អាកាសធាតុល្អ ប្រាង្គប្រាសាទដ៏អស្ចារ្យ ជាពិសេសទិដ្ឋភាពថ្ងៃរះកណ្ដាលសមុទ្រពពក បានជំរុញឱ្យភ្ញៀវទេសចរ មកកម្សាន្ត និងចង់ស្គាល់ប្រាសាទបេតិកភណ្ឌមួយនេះ។
ព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត លើភ្នំដងរែក។ ប្រាង្គប្រាសាទអច្ឆរិយមួយនេះ បានទាក់ចិត្តភ្ញៀវទេសចរច្រើនកុះករ ឱ្យមកកម្សាន្ត។ ភ្ញៀវទេសចរម្នាក់ ក្នុងចំណោមភ្ញៀវទេសចរជិត៥០នាក់ ដែលបានមកទស្សនាប្រាសាទព្រះវិហាររៀបចំដោយក្រុម Cambodia Amazing Trip planner លោក ប៊ូរ វង្សវិសាល បានអះអាងថា នេះជាលើកទី១ ដែលលោកបានមកកម្សាន្តនៅទីនេះ។
ប្រវត្តិដ៏អស្ចារ្យ ទិដ្ឋភាពថ្ងៃរះកណ្ដាលសមុទ្រពពកដែលប្រៀបបានឋានសួគ៌ក្រោមមេឃ បានធ្វើឱ្យលោក វិសាល ស្ងើចសរសើរនឹងទិដ្ឋភាពដ៏ត្រកាលមួយនេះ។ ដ្បិតរូបលោកធ្លាក់ទៅកម្សាន្តតាមតំបន់ព្រៃភ្នំជាច្រើនហើយក្ដី តែបុរសរូបនេះនៅតែពោលពាក្យសរសើរមិនដាច់ពីមាត់ ដូច្នេះថា៖« ធម្មតារូបថតមើលទៅអត់ស្អាតដូចមើលភ្នែកផ្ទាល់ ពេលបានមកឃើញ(ទិដ្ឋភាព) ផ្ទាល់ភ្នែកបានដឹងថាអស្ចារ្យមែនទែន» ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក ប៊ូរ វង្សវិសាល ភ្ញៀវទេសចរទៅកម្សាន្តនៅប្រាសាទព្រះវិហារដូចតទៅ៖
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦-១៨ ខែសីហា កន្លងទៅក្រុមកម្សាន្ត Cambodia Amazing Trip Planner បានរៀបចំជំរំតង់«សួគ៌ាបព៌ត» នាជួរភ្នំដងរែកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានអ្នកចូលរួមជិត៥០នាក់។ ដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ចូលរួមប្រើប្រាស់សេវាកម្មក្នុងស្រុក ជាពិសេសឱ្យភ្ញៀវទេសចរស្គាល់ពីសក្ដានុពលទេសចរណ៍ដ៏អស្ចារ្យក្នុងស្រុក។ Cambodia Amazing Trip Planner បានសហការជាមួយសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា៕
Tag:
សម្រស់សមុទ្រពពកនៅប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com