សង្គមអន្តរជាតិ​
អន្តរជាតិ
ទ័ពជើងទឹក​ថៃ ការពារ​គម្រោង​ទិញ​នាវាមុជទឹក​២​គ្រឿង​តម្លៃ​៧១៤​លាន​ដុល្លារ​ពី​ចិន
26, Aug 2020 , 8:29 am        
រូបភាព
ថ្នាក់ដឹកនាំនៃកងទ័ពជើងទឹកថៃ ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី២៤ ខែសីហា នៅទីស្នាក់ការកណ្ដាលរបស់កងទ័ពជើងទឹកថៃក្នុងទីក្រុង បាងកក (កាសែតបាងកកប៉ុស្តិ៍)
ថ្នាក់ដឹកនាំនៃកងទ័ពជើងទឹកថៃ ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី២៤ ខែសីហា នៅទីស្នាក់ការកណ្ដាលរបស់កងទ័ពជើងទឹកថៃក្នុងទីក្រុង បាងកក (កាសែតបាងកកប៉ុស្តិ៍)
ដោយ:
​កងទ័ពជើងទឹក​ថៃ បានចេញ​មុខការ​ពារ​ផែន​ការទិញ​នាវាមុជទឹក​២​គ្រឿង  ដែល​គិត​ជា​ទឹកប្រាក់ ២២,៥​ពាន់​លាន​បាត (​ជាង​៧១៤​លាន​ដុល្លារ​) ពី​ប្រទេស​ចិន​។  យោធា​ថៃ​បាន​លើកយក​ចំនួន​នាវាមុជទឹក​ដែល​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន ឬ​កំពុង​ទិញ ដើម្បី​គាំទ្រ​ភាពចាំបាច់​របស់​ថៃ​ក្នុង​ការទិញ​នាវាមុជទឹក​ទាំងនេះ ស្របពេល​រង​ការរិះគន់​ខ្លាំង​ពី​មជ្ឈដ្ឋាន​ក្នុងស្រុក​។ 

 
​គម្រោង​ទិញ​នាវាមុជទឹក​ពី​ចិន ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​កងទ័ព​ថៃ​រង​ការរិះគន់​ខ្លាំង​ពី​ប្រជាជន និង​អ្នកនយោបាយ​ក្នុងស្រុក​។ ប៉ុន្តែ​ទ័ព​ជើង​ថៃ ដែលជា​ម្ចាស់​គម្រោង មិន​ផ្លាស់ប្ដូរ​ជំហរ​របស់ខ្លួន​ទេ​។ អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែសីហា នៅ​ទីស្នាក់ការ​ក្នុង​ទីក្រុង​បាងកក កងទ័ពជើងទឹក​ថៃ​បាន​យក​ចំនួន​នាវាមុជទឹក​ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់ ឬ​កំពុង​ទិញ​ដោយ​ប្រទេសជិតខាង ដើម្បី​បង្ហាញ​ពី​ភាពចាំបាច់​សម្រាប់​ប្រទេស​ថៃ​ត្រូវមាន​កងទ័ពជើងទឹក​ដ៏​ខ្លាំង​មួយ​។ 
 
​បើតាម​កាសែត បាងកក​ប៉ុស្តិ៍ កងទ័ពជើងទឹក​ថៃ បាន​អះអាងថា វៀតណាម​មាន​នាវាមុជទឹក​៦​គ្រឿង​, ឥណ្ឌូណេស៊ី​មាន​៥​គ្រឿង ខណៈ​កំពុង​ទិញ​៤​គ្រឿង​បន្ថែម​, ម៉ាឡេស៊ី​មាន​២​គ្រឿង​, សិង្ហ​បុរី​មាន​៤​គ្រឿង ខណៈ​កំពុង​ទិញ​៤​គ្រឿង​ទៀត និង​មី​យ៉ាន់​ម៉ា មាន​១​គ្រឿង ខណៈ​កំពុង​ស្វែងរក​ទិញ​៤​គ្រឿង​ទៀត​។ 
 
​នាយផ្នែក​ប្រតិបត្តិការ​ជើង​ទឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ Thalerngsak Sirisawat បាន​គូសបញ្ជាក់ថា ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​នាវាមុជទឹក​សរុប ១៨​គ្រឿង ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​។ លោក​បន្តថា​៖«​ទោះជា​សង្គ្រាម​ធំ ទំនងជា​មិនអាច​ផ្ទុះឡើង​នាពេល​ឆាប់ៗ​ខាងមុខ​មែន ជម្លោះ​ពាក់ព័ន្ធ​ការទាមទារ​ដែន​អធិបតេយ្យ​និង​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅតែ​កំពុង​បន្ត ខណៈ​មាន​ប្រទេស​មហាអំណាច​លូកដៃ​ចូល​»​។​
 
​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល ឧ​ត្ត​ម​សេនីយ៍ Thalerngsak សង្កត់ធ្ងន់ថា សមុទ្រ​នេះ​ក៏​បម្រើ​ជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​និង​ធ្វើដំណើរ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ថៃ ហើយ​ប្រសិនបើ​ទ័ពជើងទឹក​របស់​ប្រទេស​ថៃ មិន​ខ្លាំង​គ្រប់គ្រាន់​ទេនោះ ប្រយោជន៍​ដែនសមុទ្រ​ថៃ នឹងត្រូវ​ប៉ះពាល់​ដោយសារ​ជម្លោះ​សមុទ្រ​ចិន​ខាត​ត្បូង​មិន​ខាន​។ 
 
​ទោះ​រង​រិះគន់​ខ្លាំង​មែន កងទ័ពជើងទឹក​ថៃ អះអាងថា ការបញ្ជាទិញ​នាវាមុជទឹក​នេះ គឺមាន​តម្លាភាព ហើយ​លុយ​នឹង​ដក​ចេញពី​កញ្ចប់​ថវិកាជាតិ​របស់​ទ័ពជើងទឹក​ថៃ​ក្នុងពេល​៧​ឆ្នាំ​។ តាម​បាងកក​ប៉ុស្តិ៍ នាយសេនាធិការ​នៃ​កងទ័ពជើងទឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ Sittiporn Maskasem និយាយ​នៅក្នុង​សន្និសីទ​ព័ត៌មាន​នេះ​ថា ទ័ពជើងទឹក​ត្រូវការ​នាវាមុជទឹក​បន្ថែ​ម​ទៀត ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ការពារ​របស់ខ្លួន​។ 
 
​រដ្ឋាភិបាល និង​ទ័ពជើងទឹក​ថៃ រង​ការរិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​សមាជិកសភា​ថៃ កាលពី​ថ្ងៃទី​២១ ខែសីហា បានអនុម័ត​គម្រោង​ទិញ​នាវាមុជទឹក​ពីរ​គ្រឿង​ពី​ប្រទេស​ចិន​ក្នុងតម្លៃ​២២,៥​ពាន់​លាន​បាត​អំឡុងពេល​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការចំណាយ​ឆ្នាំ​២០២១ ។ 
 
​ការទិញ​នាវាមុជទឹក​ពីរ​គ្រឿង​ដោយ​មួយគ្រឿង​មានតម្លៃ​១១,២៥​ពាន់​លាន​បាត ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​អតីត​រដ្ឋាភិបាល​សឹក​ថៃ​ក្នុង​ការទិញ​នាវា​បី​គ្រឿង​។ នាវាមុជទឹក​ដំបូង ត្រូវបាន​ទិញ​នៅ​ឆ្នាំ​២០១៧ ហើយ​ត្រូវ​ទទួល​នៅ​ឆ្នាំ​២០២៤​ខាងមុខ​។ យ៉ាងណាមិញ កិច្ចព្រមព្រៀង​ទិញ​នេះ នៅ​មិនទាន់​ចូល​ជា​ផ្លូវការ​ឡើយ ដោយ​សភា​ថៃ​មិនទាន់​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំណាយ​ឆ្នាំ​២០២១ នៅឡើយ​ទេ​។​
 
​មែនទែនទៅ ថៃ មិនទាន់មាន​នាវាមុជទឹក​ឡើយ តែ​បាន​សម្រេចចិត្ត​ទិញ​បួន​គ្រឿង​ពី​ចិន ដែល​គ្រោង​នឹង​ទទួលបាន​នៅពេល​ខាងមុខ​។ អត់​មាន​នាវាមុជទឹក​មែន តែ​ថៃ​ជា​ប្រទេស​តែមួយគត់​នៅ​អាស៊ាន​ដែលមាន​នាវា​ដឹក​យន្តហោះ​។ នាវា​ដឹក​យន្តហោះ HTMS Chakri Naruebet ដែល​ផលិត​នៅ​អេ​ស្ប៉ា​ញ ហើយ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​១៩៩៧ អាច​ដឹក​យន្តហោះ​ធុន Sea Harrier AV-8S និង​ឧទ្ធម្ភាគចក្រ SH-70B ៕
 
 

Tag:
 ចិន​
  ថៃ​
  នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com