ជាតិ
សង្គមជាតិ
ម្ចាស់ស្នាដៃ «Possible Crush»៖ ខ្ញុំនឹងយកការរិះគន់មកពិចារណា និងកែលម្អបន្ថែម
25, Aug 2020 , 6:17 pm        
រូបភាព
ភ្នំពេញ៖ សំណេរអក្សរឡាតាំង តែកត់សូរជាភាសាខ្មែរ ក្នុងស្នាដៃសៀវភៅជាភាសាអង់គ្លេស «Possible Crush» របស់លោក លី តារា ទទួលរងនូវការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងករណីនេះ លោក លី តារា បានទទួលយកមតិរិះគន់របស់មហាជន ដោយលោកថានឹងព្យាយាមកែលំអរបន្ថែម។ អ្នកជំនាញផ្នែកសង្គម បានលើកឡើងពីការជះឥទ្ធិពលលើភាសាជាតិជាមួយនឹងការយល់ឃើញផ្សេងៗគ្នា។



អត្ថបទទាក់ទង


សៀវភៅមួយក្បាលដែលមានចំណងជើងជាភាសាអង់គ្លេសថា “Possible Crush” និពន្ធដោយលោក លី តារា រងការរិះគន់ច្រើន ត្រង់ចំណុចការសរសេរអក្សរឡាតាំង តែកត់សូរជាភាសាខ្មែរ និងគេមិនបានមើលឃើញពីខ្លឹមសារអប់រំ។ អ្នករិះគន់មួយចំនួន បានបញ្ចេញមតិរបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុក ថាការសរសេរបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ភាសា និងវប្បធម៌ជាតិ។

អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន ដែលបានឃើញខ្លឹមសារផ្នែកខ្លះក្នុងសៀវភៅ “Possible Crush” តាមរយៈការបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានសម្ដែង ការហួសចិត្តចំពោះការតែងនិពន្ធសៀវភៅបែបនេះ។ អ្នកស្រាវជ្រាវរូបនេះ ថានៅក្នុងប្រទេសមួយចំនួនក៏មានការសរសេរសៀវភៅកំប្លុកកំប្លែងដែរ ប៉ុន្តែក្នុងម្រិតខ្ពស់ដោយមានបង្កប់ការអប់រំនៅក្នុងនោះ។

លើកយកខ្លឹមសារផ្នែកខ្លះចេញពីក្នុងសៀវភៅ ដែលបានចែកចាយក្នុងបណ្ដាញសង្គម និងទទួលរងការរិះគន់ លោក ប៉ា ចន្ទរឿន មើលឃើញថាពាក្យពេចន៍ទាំងនោះ មិនមានខ្លឹមសារសំខាន់ សក្ដិសមយកទៅបោះពុម្ពជាសៀវភៅឡើយ។ អ្វីដែលធ្វើឱ្យអ្នកវិភាគរូបនេះ មិនអាចទទួលយកបានកាន់តែខ្លាំងនោះ គឺការសរសេរអក្សរឡាតាំង ជាសំនៀងភាសាខ្មែរ។

យ៉ាងណាក៏ដោយលោក ប៉ា ចន្ទរឿន ថាអ្នកនិពន្ធមានសិទ្ធិក្នុងការសរសេរ ប៉ុន្តែមុននឹងបោះពុម្ព ឬបញ្ចេញទស្សនៈរបស់ខ្លួន ត្រូវសួរថាតើវាបានជួយបណ្ដុះគំនិតបញ្ញាដល់មនុស្សទេ ជួយឱ្យមានការរីកចម្រើនដល់សង្គមទេ តែបើមើលឃើញពីចំណុចអវិជ្ជមានច្រើន គួរតែកុំបោះពុម្ពប្រសើរជាង។
 
អ្នកវិភាគរូបនេះពន្យល់បន្ថែម៖«ការសរសេរអក្សរឡាតាំងសំនៀងខ្មែរ គឺជាការមើលងាយ មិនឱ្យតម្លៃភាសាជាតិ ខ្ញុំគិតថាប្អូនប្រុសរូបនោះ មិនគួរសរសេរនិងបោះពុម្ពសៀវភៅបែបនេះទេ ព្រោះវាមិនត្រឹមតែមិនបានជួយបណ្ដុះមនសិការ និងគំនិតដល់អ្នកអាន តែវាថែមទាំង នាំឱ្យអ្នកអានខ្ជះខ្ជាយប្រាក់»។



អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោក ប៉ា ចន្ទរឿន។ រូបថត ហ្វេសប៊ុក Chanroeun Pa

លោកបានបន្ថែមថា៖ «ខ្ញុំបារម្ភពីអ្នកអាន ប្រសិនបើសង្គមយើងចូលចិត្តអានតែរឿងអត់ប្រយោជន៍ច្រើន ហើយសំបូរមនុស្សមិនសូវយកចិត្តទុកដាក់លើរឿងអ្វីដែលគួរធ្វើ និងមិនគួរធ្វើច្រើន នោះសង្គមនឹងជួបបញ្ហា។ អ្នកនិពន្ធគឺជាបុគ្គលមានឥទ្ធិពលតាមរយៈសំណេរ ដូច្នេះអ្នកនិពន្ធចូលរួមយ៉ាងសំខាន់ក្នុងការកែប្រែសង្គម ចុះបើមានការបោះពុម្ពបែបនេះកាន់តែច្រើន វាអាចជះឥទ្ធិពលដល់ការប្រើភាសាជាតិ ហើយក្មេងៗមិនខំប្រឹងប្រែងរៀនសូត្រ»។

លោក លី តារា បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗថា លោកទទួលយកមតិរិះគន់នេះ។ ទោះជាយ៉ាងណា ម្ចាស់ស្នាដៃរូបនេះ នៅរង់ចាំមតិយោបល់ពីអ្នកអានរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រមូលការវាយតម្លៃទាំងនោះ យកទៅកែលម្អរសម្រាប់ការបោះពុម្ពលើកក្រោយ។

សៀវភៅដែលរងការរិះគន់ មានចំណងជើងថា “Possible Crush” មានកម្រាស់២៥៧ទំព័រ និងមានចំណុចសំខាន់១២ចំណុច ដែលភាគច្រើនឆ្លុះបញ្ចាំងពីបទពិសោធស្នេហ៍ របស់យុវវ័យ១២រូបផ្សេងគ្នា និងទំនាក់ទំនងរបស់បុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ក្នុងចំណុចសំខាន់ទាំង១២នោះ មាន១១មេរៀន។ លោក តារា អះអាងថាការសរសេរអក្សរឡាតាំង ជាសំនៀងខ្មែរ មានតែប្រមាណជា១០ទំព័រប៉ុណ្ណោះ ដោយសល់ប៉ុន្មានសុទ្ធសឹងជាភាសាអង់គ្លេស។

ទោះជាយ៉ាងណា អ្នកនិពន្ធវ័យក្មេង លី តារា បានការពារស្នាដៃថ្មីរបស់ខ្លួនថា វាពិតជាបានផ្ដល់គំនិតអប់រំ នៅក្នុងអត្ថបទ ដោយលោកបញ្ជាក់យ៉ាងដូច្នេះ៖«ជាកំហុសរបស់ខ្ញុំដែរ ដែលបង្ហោះតែឃ្លាអក្សរឡាតាំងមានសំនៀងខ្មែរ។ តែខ្ញុំជឿជាក់ថា សៀវភៅនេះមានគំនិតអប់រំ ការលើកទឹកចិត្តឱ្យមានជំនឿលើខ្លួនឯង និងការដោះស្រាយវិបត្តិផ្លូវចិត្ត។ ការរិះគន់ទាំងឡាយខ្ញុំទទួលយកមកពិចារណា និងកែលម្អរបន្ថែម។ ប្រហែលជាការទ្វេសប្រហែលមួយពេលរបស់ខ្ញុំ ធ្វើឱ្យមានការមិនពេញចិត្ត ព្រោះខ្ញុំគិតថាវាមិនប៉ះពាល់ខ្លាំង ខ្ញុំជឿថាគំនិតរបស់ខ្ញុំនៅមិនទាន់ល្អគ្រប់គ្រាន់ទេ។ អ្នករិះគន់គាត់និយាយត្រូវ ខ្ញុំនិងព្យាយាមកាត់បន្ថយ ឬលប់បំបាត់តែម្ដង»។

លោក លី តារា ដែលធ្លាប់បានបោះពុម្ពសៀវភៅជាភាសាអង់គ្លេស បាន១២ចំណងជើងមកហើយនេះ បានអះអាងថា ខ្លួនមានគោលការ៣ចំណុចធំៗ ក្នុងការសរសេរសៀវភៅរបស់ខ្លួន គឺការអប់រំ ការលើកទឹកចិត្ត និងការកម្សាន្ត ហើយស្នាដៃចុងក្រោយនេះ លោកអះអាងថាវាចូលក្នុងការកម្សាន្ត។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញពីទស្សនៈរបស់ខ្លួនថា ការសរសេររបស់លោក តារា មិនបានផ្ដល់ផលអាក្រក់ដល់ភាសាជាតិឡើយ ព្រោះជាលក្ខណៈបុគ្គល មិនផ្លូវការ បើមិនមានការគាំទ្រវានឹងបាត់បង់ទៅវិញ។ លោក ឈត ប៊ុនថង ក៏បានបញ្ជាក់ថាការសរសេរបែបនេះ វាធ្វើឱ្យភាសាខ្មែរ មានភាពសម្បូរបែបទៅវិញទេ។ ទោះជាយ៉ាងណា ប្រសិនបើក្រសួងអប់រំ ឬក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើបែបនោះវិញ  លោក ប៊ុនថង ថាវាប្រាកដណាស់ថានឹងធ្វើឱ្យបាត់បង់ភាសាជាតិ។


លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ និងអប់រំ រូបនេះពន្យល់បន្ថែម៖«ខ្ញុំឃើញក្នុងបទចម្រៀងខារ៉ាអូខេ គេដាក់អក្សរបែបនេះដែរ គឺសម្រាប់ឱ្យបរទេសអានឬច្រៀងបាន។  យើងធ្លាប់យកអក្សរឡាតាំងមកសរសេរឈ្មោះមនុស្ស និងទីតាំង ក៏ដូចជាឈ្មោះប្រាសាទដែរ។ បើយើងបកស្រាយឱ្យអាក្រក់នឹងឃើញអាក្រក់ តែបើបកស្រាយឱ្យល្អ នឹងឃើញល្អ»។

លោកបានបន្ថែមថា៖ «សម្រាប់ខ្ញុំមើលមិនឃើញលោក តារា ធ្វើ វាជាការបំផ្លាញភាសាខ្មែរឡើយ ប៉ុន្តែគាត់ធ្វើសម្រាប់ជនបរទេសដែលមិនចេះភាសាខ្មែរ។ ខ្ញុំរីករាយចំពោះការយកចិត្តទុកដាក់ និងការព្រួយបារម្ភពីភាសាជាតិ ប៉ុន្តែយើងត្រូវគិតថា ភាសាខ្មែរយើងនេះ មានកម្ចីពីភាសាបាលី សំស្ក្រឹត បារាំង អង់គ្លេស ចិន ថៃ និងវៀតណាម ដែរ។ វាមិនបាត់ភាសាជាតិទេ តែភាសាយើងកាន់តែសម្បូរបែប។ អ្នកដែលថាស្រឡាញ់ភាសាខ្មែរខ្លះ និយាយភាសាខ្លួនមិនត្រូវផង ដូចជាពាក្យថា “តាកែវ” ទៅជា”តាកេវ” ឬ “តាកាវ” ទៅវិញនោះ ដូច្នេះកុំបារម្ភពេក តែត្រូវប្រើភាសាខ្លួនឱ្យច្បាស់»។

“Possible Crush” បានបោះពុម្ពចំនួន៣ពាន់ក្បាល ដោយគិតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានលក់ចេញប្រមាណជា១០០ក្បាល ក្នុងរយៈពេល៣ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ លោក លី តារា ពន្យល់ថា លោកត្រូវរង់ចាំប្រមាណជា១ទៅ២ឆ្នាំ ដើម្បីប្រមូលបានមតិរិះគន់ និងការផ្ដល់យោបល់ផ្សេងៗ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការបោះពុម្ពលើកក្រោយ អាចឱ្យមានការទទួលយកបានក្នុងក្របខណ្ឌទូទាំងប្រទេស និងឈានដល់ថ្នាក់ពិភពលោកផង។



សប្បាយចិត្តស្របពេលមានការរិះគន់លើស្នាដៃថ្មីដែលខ្លួនយល់ថាជាគំនិតច្នៃប្រឌិត លោក លី តារា  ថាកំហុសរបស់លោកក្នុងពេលនេះ ធ្វើឱ្យលោកបានមើលឃើញថា ប្រជាជនខ្មែរកាន់តែច្រើន បានយកចិត្តទុកដាក់លើភាសាជាតិរបស់ខ្លួន៕


Tag:
 អក្សរ
 អក្សរសាស្ត្រ
 និពន្ធ
 វិភាគ
  ភាសាខ្មែរ
  លី តារា
© រក្សាសិទ្ធិដោយ thmeythmey.com