COVID-19
អន្តរជាតិ
UN៖ វិធាន​ការបិទ​ក្រុង​ទប់ស្កាត់ COVID-19 ជួយ​កាត់បន្ថយ​ការវាយប្រហារ​ភេរ​វករ
26, Aug 2020 , 9:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​វិធាន​ការបិទ​ក្រុង តំបន់ ឬ​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 នៅពេល​កន្លងមក គឺ​ជួយ​កាត់បន្ថយ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​រដ្ឋ​ឥស្លាម​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​២៤ ខែសីហា​។ យ៉ាងណាក៏ដោយ ប្រទេស​មួយចំនួន នៅតែ​ប្រឈម​បញ្ហា​គ្រោះថ្នាក់​ពី​ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដដែល​។

 
​បញ្ហា​ជំងឺ​រាតត្បាត​សកល COVID-19 បាន​បង្ខំ​ឲ្យ​ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីបអឺរ៉ុប អាមេរិក និង​អាស៊ី ចេញ​វិធាន​ការបិទ​ក្រុង តំបន់ ឬ​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។ បន្ថែម​ពីលើ​ការ​រឹតត្បិត មាន​ប្រទេស​ខ្លះ បានដាក់​កម្លាំង​កងទ័ព ដើម្បី​ត្រួតពិនិត្យ និង​ចាប់បង្ខំ​ឲ្យ​ប្រជាជន​គោរព​វិធាន​ការរក្សា​គម្លាត ការពាក់​ម៉ាស់ និង​បម្រាម​ស្នាក់​នៅផ្ទះ​ជាដើម​។ វិធានការ​បែបនេះ ជួយ​កាត់បន្ថយ​សកម្មភាព​ភេ​វ​កម្ម​ផងដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក Vladimir Voronkov អគ្គលេខាធិការរង​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការិយាល័យ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « វិធីសាស្ត្រ ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19 ដូចជា​ការបិទ​តំបន់ និង​រឹតត្បិត​ការធ្វើដំណើរ ហាក់ដូចជា​បាន​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បង្កដោយ​ការវាយប្រហារ​របស់​ភេរវ​ករ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​»​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ប្រទេស​ណាមួយ​ឲ្យ​បានទេ​។​
 
​កន្លងមក ក្រុម​ភេរ​វករ បាន​វាយប្រហារ​នៅ​ទ្វីបអឺរ៉ុប ដូចជា​បារាំង និង​នៅ​អាស៊ី មាន​ហ្វីលីពីន​ជាដើម​។ 
 
​ទោះជា​យ៉ាងណា ក្រុម​ភេ​វជន ពិសេស​ក្រុម​រដ្ឋ​ឥស្លាម (ISIS) នៅតែមាន​សកម្មភាព​ដ​ដែ​។ លោក Voronkov បាន​បន្តទៀតថា វា​មាន​ភស្តុតាង ដែល​បង្ហាញថា ក្រុម​អ្នក​ប្រយុទ្ធ​នៃ​រដ្ឋ​ឥស្លាម កំពុង​ប្រមូល​ផ្តុំគ្នា នៅក្នុង​តំបន់​ជម្លោះ ដែលមាន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​។ ក្រុម​រដ្ឋ​ឥស្លាម ត្រូវបាន​គេ​វាយតម្លៃថា មាន​វត្តមាន​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ ប្រមាណ ១​ម៉ឺន​នាក់​។ 
 
​លើសពីនេះ លោក Voronkov បាន​បន្ថែមថា ផលប៉ះពាល់​នៃ COVID-19 លើ​ការជ្រើសរើស​សមាជិក និង​ហិរញ្ញវត្ថុ​របស់​ក្រុម​រដ្ឋ​ឥស្លាម គឺ​មិន​ច្បាស់​ហើយ ប៉ុន្តែ​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ពី​សំណាក់​ក្រុម​នេះ ដើម្បី​រក​ប្រភព​ចំណូល គឺមាន​ការកើនឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​បើតាម​បញ្ជាក់​របស់​អគ្គលេខាធិកា​រ​រង​អង្គការសហប្រជាជាតិ អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម មាន​យ៉ាងហោចណាស់ ៣៥០០​នាក់​នៅ​អាហ្វ្រិក​ភាគ​ខាងលិច និង​កំពុង​បង្កើត​ទំនាក់​ទំនងជា​មួយក្រុម​ជី​ហាដ​ឯទៀត​។ ចំណែក​នៅ​លី​ប៊ី​វិញ ក្រុម​ជ្រុលនិយម​នេះ មាន​ប្រមាណ​ជាង ១០០​នាក់ ហើយ​ចំនួន​នេះ នៅតែមាន​លទ្ធភាព​បង្ក​ការគំរាមកំហែង​នៅក្នុង​តំបន់​ដែរ​៕ 

Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com