ទម្លាប់មួយចំនួនអាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងខួរក្បាល។ ថាតើទម្លាប់អ្វីខ្លះមិនល្អចំពោះខួរក្បាល? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលគួរចៀសវាង ឬផ្លាស់ប្ដូរចេញដើម្បីខួរក្បាលល្អប្រសើរ ៖
១. ទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ច្រើន
មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារនិងភេសជ្ជៈផ្អែមៗច្រើនក៏បណ្ដាលឱ្យសមត្ថភាពខួរក្បាលថយចុះផងដែរ។ នេះក៏ព្រោះតែអាហារនិងភេសជ្ជៈប្រភេទនេះអាចបង្កការរលាក។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទាន។
២. ទទួលទានគ្រឿងស្រវឹងលើសកម្រិត
ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
៣. គេងមិនគ្រប់គ្រាន់
ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ម្យ៉ាងវិញទៀតការគេង គឺចាំបាច់ណាស់សម្រាប់ពង្រឹងការតភ្ជាប់រវាងណឺរ៉ូន ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល និងជះឥទ្ធិពលអវិជ្ជមានលើការចងចាំ។
៤. ការជក់បារី
សារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូច ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។
៥. ទទួលទានអាហារមានផ្ទុកជាតិសូដ្យូម
ការទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក គឺមិនល្អសម្រាប់សុខភាពសម្ពាធឈាមនិងបេះដូងឡើយ។ លើសពីនេះទៅទៀតការទទួលទានអាហារមានជាតិសូដ្យូមច្រើនអាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។
៦. ស្ត្រេសសឹងតែជាប្រចាំ
ធ្លាប់ដឹងទេថាស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ខ្លាំងជាប្រចាំក៏អាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ដែលមិនល្អសម្រាប់សុខភាពខួរក្បាលផងដែរ? នេះក៏ព្រោះតែនៅពេលស្ត្រេស រាងកាយនឹងបង្កើនការផលិតអ័រម៉ូនមួយចំនួនដែលជះឥទ្ធិពលលើកម្រិតនៃសម្ពាធឈាមនាំឱ្យឡើងខុសប្រក្រតីដោយបង្កបញ្ហាចង្វាក់បេះដូងលោតញាប់ ហើយសម្ពាធឈាមរួមតូច។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយស្ត្រេស។ ស្ត្រេសជាកត្តាចម្បងមួយនៃបញ្ហាសុខភាពជាច្រើនរួមទាំងជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល៕