ជាតិ
គណៈកម្មការ​ទន្លេមេគង្គ​ជំរុញ​ឲ្យ​ប្រើ​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ​ដែលមាន​ស្រាប់ ក្រោយ​ចិន​សន្យា​ផ្តល់​ទិន្នន័យ​ជលសា​ស្ត្រ​
26, Aug 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់នៅ​តាម​ដង​ទន្លេ​មេគង្គ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់នៅ​តាម​ដង​ទន្លេ​មេគង្គ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
ដោយ: VOA
​ភ្នំពេញ ៖ គណៈកម្មការ​ទន្លេមេគង្គ (MRC) នៅ​ថ្ងៃ​អង្គារ​នេះ​ទទួល​ស្វាគមន៍​ការសន្យា​របស់​ប្រទេស​ចិន​ក្នុង​ការផ្តល់​ទិន្នន័យ​ជលសា​ស្ត្រ​មក​ប្រទេស​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ដើម្បី​អាចយ​កមក​វិភាគ​ដោយ​ជំរុញ​ឲ្យ​ប្រើប្រាស់​ទម្រង់​ដែលមាន​ស្រាប់​របស់​គណៈកម្មការ​នេះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ MRC នៅ​ថ្ងៃ​អង្គារ​នេះ​។​

 
​កាលពី​ថ្ងៃ​ច័ន្ទ​នៅក្នុង​កិច្ចប្រជុំ​មេគង្គ​ឡាន​ឆាង​លើក​ទី​៣ ដែល​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ នាយករដ្ឋមន្ត្រី​ចិន លោក​លី ខឺ​ឈាង (Li Keqiang) បាន​សន្យាថា  នឹង​ផ្តល់​ទិន្នន័យ​ពេញ​មួយឆ្នាំ​ផ្នែក​ជលសា​ស្ត្រ​មក​កម្ពុជា​។​
 
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ  នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ លោក​អាន ពេជ្រ​ហត្ថ​ដា (An Pich Hatda) មានប្រសាសន៍ថា ក្រៅពី​ការទទួល​ស្វាគមន៍​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ថា តើ​ទិន្នន័យ​អ្វី​នឹងត្រូវ​ចែករំលែក​ឲ្យ​ពិតប្រាកដ និង​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​ប្រើប្រាស់​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ​ដែលមាន​ស្រាប់​។​
 
​លោក​មានប្រសាសន៍ថា​៖«​ដើម្បី​ឲ្យ​ការប្រើប្រាស់​ទិន្នន័យ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ប្រយោជន៍​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​ទាំងអស់ និង​ប្រជាជន​របស់​ពួកគេ  វា​មាន​សារៈសំខាន់​ក្នុងការ​ពិភាក្សា​ថា ទិន្នន័យ​អ្វី​ឲ្យ​ពិតប្រាកដ​ដែល​នឹងមាន​ការចែករំលែក និង​ពី​របៀប​នៃ​ការចែករំលែក​»​។​
 
​លោក​បន្ថែមថា គណៈកម្មការ​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា ដើម្បី​បង្កើត​ទម្រង់​នៃ​ការចែករំលែក​ទិន្នន័យ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​សមាជិក​ទាំង​៤​ប្រទេស​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ប្រើប្រាស់​ទម្រង់​ដែល​បង្កើតឡើង​យូរ​មកហើយ និង​មាន​ស្រាប់​របស់​គណៈកម្មការ​ទន្លេមេគង្គ​។​
 
​បើតាម​គណៈកម្មការ​ទ​ន្លេ​មេគង្គ ចាប់ តាំងពី​ឆ្នាំ​២០០៣​ប្រទេស​ចិន​បានផ្តល់​ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ​នូវ​ទិន្នន័យ​ទាក់ទង​នឹង​កម្រិត​ទឹក និង​ភ្លៀង​ធ្លាក់​ពី​ស្ថានីយ​ជលសា​ស្ត្រ​ចំនួន​ពីរ​នៅ​ផ្នែក​ខាងលើ គឺ​នៅ​ស្ថានីយ​ជី​ង​ហុង (Jinghong)​និង​នៅលើ​ដៃទន្លេ​នៅ​Manan​។ ទិន្នន័យ​ទាំងនេះ​ត្រូវបាន​ចែករំលែក​តែ​អំឡុងពេល​រដូវ​ទឹកជំនន់​ពី​ខែមិថុនា​ដល់​ខែតុលា​ប៉ុណ្ណោះ​។​
 
​អគ្គលេខាធិការរង​នៃ​គណៈកម្មការ​ទន្លេមេគង្គ​កម្ពុជា លោក​គល់ វ​ឌ្ឍ​នា​ថ្លែងប្រាប់​VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ក្រុមការងារ​បច្ចេកទេស​នឹង​ពិភាក្សាគ្នា​អំពី​ទិន្នន័យ​ដែល​ត្រូវសុំ​ពី​ប្រទេស​ចិន​។ លោក​ឯកភាព​តាម​គណៈកម្មការ​ទន្លេមេគង្គ​ដែល​ចង់​ឲ្យ​ប្រើ​ទម្រង់​មាន​ស្រាប់ មិនបាច់​បង្កើត​ថ្មី​នោះទេ​។​
 
​លោក​បញ្ជាក់ថា​៖ «​បើ​ចិន​គាត់​អាច​អនុលោម​តាម​ទម្រង់​ហ្នឹង​បាន ល្អ​មែនទែន​ហើយ​»​។​
 
​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Stimson Center លោក Brian Eyler ថ្លែងប្រាប់ VOA​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការសន្យា​របស់​ប្រទេស​ចិន​ក្នុង​ការផ្តល់​ទិន្នន័យ​ពេញ​មួយឆ្នាំ​នោះ មិនទាន់មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ​ថា​តើ​នឹងមាន​ការចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ទំនប់​វា​រី​អគ្គិសនី​របស់​ចិន​នៅ​ផ្នែក​ខាងលើ ឬ​យ៉ាងណា​។​
 
​លោក​Brian Eyler ដែល​និពន្ធ​សៀវភៅ​Last Days of the Mighty Mekong មានប្រសាសន៍ថា​៖«​ប្រទេស​ចិន​គួរតែ​ចែករំលែក​សូចនាករ​ទាំងអស់ រួមមាន​ស្ថានភាព​កំពុងដំណើរការ​នៃ​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​ទាំង​១១ និង​ទិន្នន័យ​លំហូរ​ដីល្បាប់ និង​បម្លាស់​ទី​របស់​ត្រី​។​បើ​គ្មាន​ទិន្នន័យ​ទាំងអស់នេះ​ទេ ប្រទេស​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​មិនអាច​វាយតម្លៃ​អំពី​ទឹកទន្លេ​មួយ​នេះ​ឲ្យ​បានល្អ  ហើយក៏​មិនអាច​ប្រើប្រាស់​ធនធានទឹក​ឲ្យ​បានល្អ​បំផុត​ដែរ​»​។​
 
​យោងតាម​ការសិក្សា​មួយ​របស់​ក្រុមហ៊ុន​អាមេរិកាំង​ឈ្មោះ​Eyes on Earth ចេញផ្សាយ​កាលពី​ខែមេសា​ឆ្នាំ​២០២០ ប្រទេស​ចិន​បាន​ខ្ទប់​ទឹកទន្លេ​មេគង្គ​បរិមាណ​យ៉ាងច្រើន​កាលពី​ឆ្នាំ​២០១៩ ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ចំនួន​១១​កន្លែង​ក្នុងប្រទេស​ខ្លួន​។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​លើកឡើង​ពី​ភាពរាំងស្ងួត ដោយសារ​អាកាសធាតុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com