ជាតិ
លោក ទេព សុគន្ធ អតីត​នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទទួលមរណភាព​ក្នុង​អាយ​៧៥​ឆ្នាំ​
26, Aug 2020 , 10:13 am        
រូបភាព
ដោយ:
​លោក ទេព សុគន្ធ អតីត​នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​០០ និង​៤៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​២៦ ខែសីហា ឆ្នាំ​២០២០ ក្នុង​អាយុ​៧៥​ឆ្នាំ ដោយ​យ​រោគាពាធ​។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី ម៉ក់ ដា​នី នាយិកា​រង​បច្ចុប្បន្ន​។​

 
​លោក ទេព សុគន្ធ បានរួម​ចំណែក​បណ្តុះបណ្តាល​ធនធាន​ជាច្រើន​ក្នុងតួនាទី​លោក​ក្នុងគណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កណ្តាល​រាជធានី​ភ្នំពេញ​។ អ្នកស្រី ម៉ក់ ដា​នី បាន​បញ្ជាក់ថា លោក ទេព សុគន្ធ ធ្វើជាគ្រូភូមិវិទ្យា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ តាំងពី​ឆ្នាំ​១៩៨៣​ដល់ឆ្នាំ១៩៨៥។ ចាប់ពីឆ្នាំ១៩៨៥ដល់​ឆ្នាំ​២០០៩ លោក​មាន​តួនាទីជានាយករង។

«តាមពិតទៅអណត្តិ​របស់គាត់ជានាយករង គឺរហូត​ដល់ឆ្នាំ​២០១១ ប៉ុន្តែ​ដោយសារគាត់មានជំងឺ​ទើបសម្រេចចិត្តសុំចូលនិវត្តន៍នៅឆ្នាំ​២០០៩»។ នេះបើតាម​ការអះអាង​របស់​អ្នកស្រី ម៉ក់ ដានី។
 
​សុខភាព​លោក​បាន​ធ្លាក់​ដុនដាប​កាលពី​អំឡុង​ខែមេសា កន្លងមក ដែល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ បើតាមអ្នកស្រី ម៉ី ទិន្នកា គ្រូមុខវិជ្ជាគីមី ដែល​ជា​​ក្មួយ​ម្នាក់​របស់លោក ទេព សុគន្ធ អតីត​គ្រូបង្រៀន​រូបនេះ មាន​ជំងឺ​រ៉ាំ​រៃ​អស់​រយៈពេល​ប្រមាណ​១៦​ឆ្នាំ​ហើយ ដោយមាន​ជំងឺ​ខួរក្បាល ក្រលៀន ហើយ​ក្រោយមក​តម្រងនោម ដែល​ធ្វើទុក្ខ​លោក​កាន់តែខ្លាំង​រហូតដល់​ទ​ទួល​មរណភាព​។​ ថវិកាដែល​ព្យាបាល​លោក ទេព សុគន្ធ កន្លងមក មួយផ្នែកធំ បានមកពីអតីត​សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិផ្ទាល់។
 
​សព​លោក ទេព សុគន្ធ ត្រូវ​តម្កល់​ធ្វើបុណ្យ នៅផ្ទះ​លេខ ៥៦c ផ្លូវ ២០៤ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ ៕
 

Tag:
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com