COVID-19
អន្តរជាតិ
លោកស្រី គ្លី​ន​តុ​ន ប្រា​ប់លោក បៃ​ឌិន កុំ​ទាន់​ចុះចាញ់ បើ​សំឡេងឆ្នោត​ប្រទាញប្រទង់​
26, Aug 2020 , 10:44 am        
រូបភាព
អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃទី​២៥ ខែសីហា បាន​លើក​ជា​យោបល់​ឲ្យ​លោក ចូ បៃ​ឌិន មិនត្រូវ​ចុះចាញ់​ជាដាច់ខាត​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ ពិសេស​នៅ​រដ្ឋ​ដែលមាន​សំឡេង​ប្រកៀក​ប្រកិត​គ្នា​។ បើតាម​លោកស្រី គ្លី​ន​តុ​ន លោក បៃ​ឌិន ត្រូវ​រង់ចាំ​ឲ្យ​ការរាប់​សន្លឹក​ចប់សព្វគ្រប់​សិន ខណៈ​លទ្ធផល​សម្រាប់​ការបោះឆ្នោត​លើក​នេះ ទំនងជា​មិនត្រូវ​បានប្រកាស​ភ្លាមៗ​នៅ​ថ្ងៃ​បោះឆ្នោត​ដូច​រាល់ដង​ឡើយ​។

 
​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែល​ចាញ់​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ បាន​អះអាង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី​៣ ខែវិច្ឆិកា​ឆ្នាំនេះ ទំនងជា​មិនអាច​ចេញ​ភ្លាមៗ​នៅ​ថ្ងៃ​បោះឆ្នោត​ដដែល​ឡើយ ព្រោះ​សន្លឹកឆ្នោត​មួយ​ភាគ​ធំ ដែល​នឹង​ផ្ញើ​តាម​សំបុត្រ អាច​ត្រូវបាន​រាប់​យឺត​។ ក្នុងន័យនេះ លោកស្រី គ្លី​ន​តុ​ន ប្រា​ប់លោក ចូ បៃ​ឌិន បេក្ខជន​តំណាង​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​រក្សា​ជំហរ​មិន​ទទួលយក​លទ្ធផល​ដែល​រាប់​ភ្លាមៗ​។​
 
​ការបោះឆ្នោត​តាម​សំបុត្រ​នេះ ត្រូវបាន​លោក ត្រាំ ប្រឆាំង​យ៉ាងខ្លាំង ដោយ​លោក​អះអាងថា នឹង​នាំ​ឲ្យ​មានការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ហើយ​ចង់ឃើញ​អ្នកបោះឆ្នោត​អាមេរិក​ទៅ​បោះឆ្នោត​ដោយផ្ទាល់​វិញ​។ សម្រាប់​លោក ត្រាំ ការ​ចេញទៅ​បោះឆ្នោត​ដោយផ្ទាល់ នឹង​ជួយ​លោក​កាន់តែច្រើន​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​ចង់បាន​ការបោះឆ្នោត​របៀប​នេះ​ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​ស្រាប់​ហើយ​នោះ ដោយ​លើកឡើង​ពី​ការ​រាលដាល​ជំងឺ COVID-19 ។​
 
«​លោក ចូ បៃ​ឌិន មិនគួរ​ដកថយ​ឡើយ​ទោះ​ក្នុង​កាលៈទេសៈ​ណាមួយ ព្រោះ​ខ្ញុំ​គិតថា លទ្ធផល នឹង​អូសបន្លាយ ហើយ​ខ្ញុំ​ជឿថា លោក​នឹង​ឈ្នះ ប្រសិនបើ​យើង​មិន​ថយ​សូម្បី​មួយ​អ៊ី​ញ​...​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី គ្លី​ន​តុ​ន ក្នុង​កិច្ច​សម្ភាស​ជាមួយ​កម្មវិធី The Circus. នៅ​ថ្ងៃទី​២៥ ខែសីហា​។ ការប្រកួតប្រជែង​នៅតាម​រដ្ឋ​ដែលមាន​សំឡេង​ប្រទាញប្រទង់ ជា​អ្វីដែល​លោកស្រី គ្លី​ន​តុ​ន ប្រា​ប់លោក បៃ​ឌិន ឲ្យ​រក្សា​ភាពរឹងមាំ មុន​លទ្ធផល​ផ្លូវការ​ប្រកាស​។ 
 
​តាមពិតទៅ ក្ដីបារម្ភ​ទាក់ទង​នឹង​ការពន្យារ​ពេលចេញ​លទ្ធ​ផល​ឆ្នោត​នេះ ត្រូវបាន​បក្ស​ទាំងពីរ​លើកឡើង​ដូចគ្នា​។ គេ​រំពឹងថា ការបោះឆ្នោត​តាម​សំបុត្រ នឹង​កើនឡើង​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ ព្រោះ COVID-19 នៅ​បន្ត​រាលដាល​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​។ ចំណែក​លោក ត្រាំ វិញ បាន​ប្រឆាំង​ការផ្ដល់​លុយ​បន្ថែម​សម្រាប់​សេវាកម្ម​ប្រៃសណីយ៍​អាមេរិក ព្រោះ​លោក​ដឹងថា លុយ​ទាំងនោះ នឹងត្រូវ​ប្រើ​ក្នុងការ​ការដឹកជញ្ជូន​សន្លឹកឆ្នោត​។​
 
​ម្ដង​ជា​ពីរដង លោក ត្រាំ និយាយ​ដោយ​គ្មាន​ព័ស្តុតាង​ថា ការបោះឆ្នោត​លើក​នេះ ត្រូវបាន​កំណត់ទុក​មុន​ហើយ​តាមរយៈ​ការបោះឆ្នោត​តាម​សំបុត្រ ដែល​នេះ​ជា​អ្វីដែល​បក្ស​ប្រជាធិបតេយ្យ​ចង់បាន​ដើម្បី​ផ្ដួល​រូបលោក​។ កន្លងទៅ លោក ត្រាំ ក៏​បដិសេធ​ប្រកាស​ទទួលស្គាល់​លទ្ធផល​ដែរ បើ​លោក​ចាញ់ឆ្នោត​នោះ ស្របពេល​លទ្ធផល​ស្ទង់​មតិ​បង្ហាញថា លោក ត្រាំ នឹង​ចាញ់​លោក បៃ​ឌិន ៕  
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com