កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona នឹង​ប្រជុំ​បន្ទាន់​មួយ ក្រោយ Messi ស្នើសុំ​ចាកចេញ​
26, Aug 2020 , 10:59 am        
រូបភាព
​ក្លិប Barcelona នឹង​ប្រជុំ​បន្ទាន់​មួយ ក្រោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣៣​ឆ្នាំ Lionel Messi ស្នើសុំ​ចាកចេញ​ពី​ក្លិប នៅ​រដូវ​កាល​ថ្មី​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​BBC​។​

 
Lionel Messi បាន​ផ្ញើ​សារ​ទៅកាន់​ក្លិប​កាលពី​ថ្ងៃ​អង្គារ ទី​២៥ សីហា ថា ខ្លូន​ចង់ឱ្យ​ក្លិប​ជួយ​សម្រួល​ដល់​កិច្ចសន្យា​កុងត្រា ដែល​អាច​អនុញ្ញាតឱ្យ​រូបគេ​ចាក​ចេញពី​ក្លិប​ភ្លាមៗ ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​។​
 
​កិច្ចសន្យា​កុងត្រា​របស់ Messi ជាមួយ​ក្លិប Barca នឹងត្រូវ​បន្ត​រហូតដល់​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០២១ ជាមួយនឹង​តម្លៃ​អត្តពលកម្ម ជាង​៦៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​។ Messi បាន​ចូលរួម​លេង​ឱ្យ​Barca តាំងពី​ឆ្នាំ​២០០០ មក ដោយ​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន La Liga ១០​លើក និង​លើក​ពាន Champion League ៤​ដង ។ ម្ចាស់​ពាន Ballon d'Or ៦​សម័យនេះ ក៏ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដ៏​ល្អ​បំផុត នៅ​គ្រប់​ការប្រកួត​ផងដែរ​។​
 
​ការសម្រេច​ចាកចេញ​ពី​ក្លិប Barca  របស់ Messi នៅពេលនេះ គឺ​កើតឡើង​ក្រោយពី Barca បាន​ចាញ់ Bayern Munich យ៉ាង​អាម៉ាសមុខ ដោយ​លទ្ធផល​៨​ទល់​២ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Champion League ។​
 
​ក្រោយ​ការស្នើសុំ​ចាកចេញ​របស់ Messi នេះ ក្រុមប្រឹក្សា​ក្លិប Barca និង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅពេល​ឆាប់​នេះ ដើម្បី​ពិចារណា​លើ​សំណើរ​របស់​ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC​។​
 
​ដើមចម​ដែល​ធ្វើឱ្យ Messi ចង់​ចាក​ចេញពី​ក្លិប​នេះ ដោយសារ​រូបគេ​ហាក់​មិន​ពេញ​នឹង​ការដឹកនាំ​របស់​ប្រធាន​ក្លិប Josep Maria Bartomeu​។ បើតាម BBC ដដែល ការលាលែង​ពី​តំណែង​របស់​ប្រធាន​ក្លិប Josep Maria Bartomeu​ទំនងជា​អាចធ្វើ Messi ស្ងប់ចិត្ត​។​
 
​អតីត​ខ្សែការពារ Barca ដែល​ធ្លាប់​រួមសុខទុក្ខ​ជាមួយ Messi គឺ​កីឡាករ Carles Puyol គាំទ្រ​ការសម្រេចចិត្ត​របស់​Messi នេះ​។ «​សូម​គោរព​និង​កោតសរសើរ​អ្នក Messi ។ ខ្ញុំ​គាំទ្រ​រាល់​ការសម្រេចចិត្ត​របស់​ស​ម្លា​ញ់​»​។ នេះ​ជាការ​ការលើកឡើង​រប​ស់ Carles Puyol ។​
 
 

Tag:
 Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com