កីឡាជាតិ
ជាតិ
ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​៣​រូប​បង្ហាញ​ជំនឿ​ក្នុងការ​ដណ្ដើម​ជើងឯក ខណៈ​Top 6 ជាការ​ប្រកួត​ដ៏​តានតឹង
26, Aug 2020 , 7:29 pm        
រូបភាព
ដោយ:
​បឹងកេត ណាហ្គា​វើ​ល និង​កងយោធពល​ខេមរភូមិន្ទ​សុទ្ធតែ​បានបង្ហាញ​ភាពជឿជាក់​រៀងៗ​ខ្លួន​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ទោះ​ក្រុមខ្លះ​មាន​ភាគរយ​តិចតួច​ក៏ដោយ​។ ក្លិប​ទាំងបី​សុទ្ធតែ​ជឿជាក់ថា ការ​ប្រ​ជើង​ទី​ពីរ​វគ្គ​៦​ក្រុម ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ជើង​ទី​១(Top 6)​នឹងមាន​ភាព​តានតឹង​ជាង​ជើង​ទី​១​។ តាមរយៈ​ការចាប់​ឆ្នោត​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា បឹងកេត​ប៉ះ​វិសាខា រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​ជួប​ភ្នំ​ព​ញេ​ក្រោ​ន ខណៈ​ណាហ្គា​វើ​ល​ប៉ះ​ទ័ព​។

 
​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត បានបង្ហាញ​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ថា ក្រុម​លោក​នឹងធ្វើ​បានល្អ​ដូច​ជើង​ទី​១ ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​។ បច្ចុប្បន្ន​បឹងកេត​កំពុង​ឈរ​កំពូល​ជាមួយ​ជ័យជម្នះ​១០​លើក និង​ស្មើ​១​លើក ដែលមាន​គម្លាត​១​ពិន្ទុ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង និង​៩​ពិន្ទុ​ជាមួយ​វិសាខា និង​កងយោធពល​ខេមរភូមិន្ទ និង​គម្លាត​១០​ពិន្ទុ​ជាមួយ​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​ល​។ 
 
​តែ​យ៉ាងណា​លោក បែ មករា ជឿជាក់ថា នៅ​ជើង​ទី​ពីរ​នេះ បឹងកេត នឹងមាន​ការប្រកួតប្រជែង​កាន់តែខ្លាំង ដ្បិត​ក្រុម​ទាំង​៥​សុទ្ធសឹង​ជា​ក្រុម​មាន​សមត្ថភាព​ខ្ពស់ និង​មានការ​រៀបចំ​បានល្អ​។ 
 

លោក បែ មករា (ស្តាំ) ពេលឡើងចាប់ឆ្នោតជើងទីពីរលីគកំពូល

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​ការចាប់​ឆ្នោត​អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​បញ្ចាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​ជុំ​ទី​១​ក្រុម​យើង​ទទួលបាន​លទ្ធផល​ល្អ ដោយ​បញ្ចប់​ក្នុង​ចំណាត់​លេខ​១ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា នៅ​ជុំ​ទី​ពីរ គឺ​យើង​នឹងមាន​ការប្រកួតប្រជែង​រឹត​ខ្លាំង ព្រោះ​សុទ្ធ​ជា​ក្រុម​កំពូលៗ ហើយ​ក្រុម​ទាំងអស់​សុទ្ធតែ​នៅមាន​ឱកាស​ក្នុងការ​ដណ្តើម​ជើងឯក ដូច្នេះ​ខ្ញុំ​គិតថា ការប្រកួត​នឹងមាន​ភាព​ស្វិ​ញ​ស្វា​ញ និង​តានតឹង​ជាង​ជើង​ទី​១»​។ 
 
​ការប្រកួត​ក្រៅ​ទឹកដី​ច្រើនជាង​ក្នុង​ដី​នៅ​ជើង​ទី​ពីរ​នេះ កំពុង​ក្លាយជា​ក្តីបារម្ភ​សម្រាប់​ក្រុម​ជើងឯក​ពីរ​សម័យកាល​មួយ​នេះ ក្នុងការ​ប្រជែង​ដណ្តើមយក​ជ័យជម្នះ​។ បឹងកេត​ត្រូវ​ប្រកួត​ក្រៅ​ទឹកដី​ជាមួយ​វិសាខា ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល និង​កងយោធពល​ខេមរភូមិន្ទ បន្ទាប់មក​ពួកគេ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​លោក បែ មករា បានបង្ហាញ​ក្តីកង្វល់​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រកួត​ជើង​ទី​ពីរ​នេះ បញ្ហា​យើង​ប្រកួត​ក្រៅ​ដី​ច្រើន ដូច្នេះ​វា​ជា​បញ្ហា​ដែរ​សម្រាប់​យើង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ខ្ញុំ​ជឿជាក់​លើ​ក្រុម​របស់ខ្ញុំ ទាំង​ក្រុមការងារ និង​កីឡាករ គាត់​នឹង​ប្រឹងប្រែង​ស្វែងរក​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​របស់​យើង​»​។ 
 
​ជាមួយគ្នានេះ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ហាក់​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​នោះទេ ដ្បិត​ក្រុម​ខ្លួន​មាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ខ្លាំងពេក​។ បច្ចុប្បន្ន ណាហ្គា​វើ​ល ឈរ​លេខ​រៀង​ទី​៦​មាន​២២​ពិន្ទុ រីឯ​ក្រុម​កំពូល​តារាង​បឹងកេត​មាន​៣២​ពិន្ទុ ដូច្នេះ​វា​ជា​រឿង​លំបាក​មួយ​សម្រាប់​ណាហ្គា​ក្នុងការ​ប្រជែង​ដណ្តើមពាន​។ សម្រាប់​លោក មាស ចាន់ណា ការបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ វា​ជា​ជោគជ័យ​មួយ​ដ៏​ធំធេង​សម្រាប់​ណាហ្គា​វើ​ល​នៅ​រដូវ​កាល​នេះ​។​
 
(​រូប​ទី​២)


លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលពេលឡើងចាប់ឆ្នោត

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក មាស់ ចាន់ណា បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា សម្រាប់​ណាហ្គា​ឱកាស​ប្រជែង​ដណ្តើមយក​ពាន​នៅ​ឆ្ងាយ​មែនទែន ដោយសារ​គម្លាត​(​ពិន្ទុ​)​រវាង​ក្រុម​លេខ​១​និង​លេខ​៦​មាន​រហូតដល់​១០​ពិន្ទុ ហើយ​លេង​តែ​៥​ប្រកួត​ទៀត ដូច្នេះ​វា​លំបាក​មែនទែន​សម្រាប់​ក្រុម​ខ្ញុំ​។ បើ​ខ្ញុំ​រំពឹងថា​បាន​ពាន​លុះត្រា​ខ្ញុំ​ឈ្នះ​៥​ប្រកួត ហើយ​ក្រុម​ផ្សេងៗ​ចាញ់​»​។​
 
​គ្រូបង្វឹក​រូបនេះ ហាក់​បង្ហាញ​ការមិន​ពេញចិត្ត​ជាមួយ​ការកែប្រែ​រូបមន្ត​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) ដែល​បែង​ចែង​ឲ្យ​មានការ​ប្រកួត​ជា​ពីរ​ក្រុម​នៅ​ជើង​ទី​ពីរ​។ តែ​យ៉ាងណា​លោក ក៏​នៅតែ​ជឿជាក់ថា ការប្រកួត​នៅ​ជើង​ទី​ពីរ​នេះ ក្រុម​ខ្លួន​នឹង​បានល្អ​ជាង​ជើង​ទី​១ ឬ​អាចឈាន​ទៅកាន់​ចំណាត់ថ្នាក់​ល្អ​ក៏​អាច​ថា​បាន​។ 
 
​មិន​ខុសគ្នា​ពី​លោក មាស ចាន់ណា នោះទេ លោក ថោង ឧ​ត្ត​ម អ្នកចាត់ការ​ទូទៅ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ក៏បាន​បង្ហាញ​ក្តីបារម្ភ​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​ផងដែរ ក្បិត​ក្រុម​ខ្លួន​មាន​គម្លាត​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​។ ទោះ​យ៉ាងនេះ​ក្តី​ក្រុម​ខ្លួន​នឹង​កែប្រែ​កំហុស​ក្នុង​ជើង​ទី​១ ដើម្បី​ប្រើ​ឱកាស​តិចតួច​របស់ខ្លួន​ក្នុងការ​ស្វែងរក​ពិន្ទុ​មួយ​ដ៏​ល្អប្រសើរ​ជូន​អ្នកគាំទ្រ​។ 
 
(​រូប​ទី​៣)   

លោក ថោង ឧត្តម (ខាងក្រោយ)អ្នកចាត់ការទូទៅក្រុមកងយោធពលខេមរភូមិន្ទ

«​សម្រាប់​ការប្រកួត​នៅ Top 6 យើង​សង្កេតឃើញថា ក្រុម​ទាំងអស់​សុទ្ធតែ​ខ្លាំង​។ ពីមុន​យើង​គិតថា មានឱកាស​តិចតួច​ក្នុង​ការឡើង​មកកាន់ Top 6 ហើយ​ឥឡូវនេះ បើ​គិតពី​ពិន្ទុ​ក្រុម​ឈរ​កំពូល​តារាង​យើង​ខុសគ្នា​ជិត​១០​ពិន្ទុ​។ ប៉ុន្តែ​យើង​នៅតែមាន​ឱកាស ទោះ​ឱកាស​តិចតួច​យ៉ាង​យើង​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ឲ្យ​អស់ពី​បេះដូង ដើម្បី​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ឧ​ត្ត​ម​។ 
 
​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​នេះ CNCC បាន​បែងចែក​ការប្រកួត​ជា​ពីរ គឹ​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ទាំង​៦​នៅ​ជើង​ទី​១​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ជើងឯក ខណៈ​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ពី​៧​ដល់​លេខ​១៣ ត្រូវ​ប្រជែង​គ្នា​ដើម្បី​គេចចេញ​ពី​តំបន់​កាត់ចេញ​។ នៅ​រដូវ​កាល​នេះដែរ ក្រុម​ដែលមាន​ពិន្ទុ​ទាប​ជាងគេ នឹងត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​ឲ្យ​ទៅលេង​នៅ​ក្របខណ្ឌ​លី​គ​ទី​ពីរ​។ 
 
​ប៉ុន្តែ​ក្នុងករណី​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​មាន​ពិន្ទុ​ទាប​ជាងគេ នោះ​ក្រុម​ដែល​ឈរ​លេខ​រៀង​ក្រោម​បន្ទាប់​នឹងត្រូវ​កាត់ចេញ​ទៅលេង​លី​គ​ពីរ​។ ព្រោះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ជា​ក្រុម​ដែល​សហព័ន្ធ​ដាក់​ឲ្យ​ប្រកួត ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែលជា​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ 
 
​សម្រាប់​ការប្រកួត Top 6 ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ ដោយ​ក្រុម​នីមួយៗ​ត្រូវ​ជួបគ្នា​មួយ​ប្រកួត​រៀងៗ​ខ្លួន​។ ចំណែក​ពិន្ទុ​ត្រូវ​បូក​បន្ត​ពី​ជើង​ទី​១ បើ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​ជាងគេ នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​រដូវ​កាល​នេះ​តែម្តង​។ 
 
​យោងតាម​ការចាប់​ឆ្នោត Top 6 នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ក្រុម​បឹងកេត​ប៉ះ​វិសាខា រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​ជួប​ភ្នំពេញ​ក្រោ​ន ខណៈ​ណាហ្គា​វើ​លត​ទល់​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​។ ចំណែក​ក្រុម​នគរបាលជាតិ​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ រីឯ​គីរីវង់​សុខ​សែន​ជ័យ​ជួប​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ខណៈ​អគ្គិសនី​កម្ពុជា​ប៉ះ​សូល​ទី​ឡូ​អង្គរ​។ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០៕ 
 
 

Tag:
 បាល់ទាត់​
  បែ មករា​
  មាស ចាន់ណា​
  ថោង ឧ​ត្ត​ម
© រក្សាសិទ្ធិដោយ thmeythmey.com