អន្តរជាតិ
អ្នកការទូត​ចិន ជាប់ឆ្នោត​ជា​ចៅក្រម​នៅ​តុលាការ​សមុទ្រ​អន្តរជាតិ​
26, Aug 2020 , 8:29 pm        
រូបភាព
លោក Duan Jielong ចៅក្រមចិនថ្មីនៅតុលាការសមុទ្រអន្តរជាតិ៕ រូបភាព៖ South China Morning Post
លោក Duan Jielong ចៅក្រមចិនថ្មីនៅតុលាការសមុទ្រអន្តរជាតិ៕ រូបភាព៖ South China Morning Post
ដោយ:
​លោក Duan Jielong ឯកអគ្គរដ្ឋទូត​ចិន​នៅ​ប្រទេស​ហុង​គ្រី ត្រូវបាន​ជាប់ឆ្នោត​ជា​ចៅក្រម​នៅ​តុលាការ​សមុទ្រ​អន្តរជាតិ​(ITLOS) ដែល​ទទួលខុសត្រូវ​ក្នុងការ​ជំនុំជម្រះ​វិវាទ​ទាក់ទង​ទៅនឹង​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS)​។ តុលាការ​នេះ​មាន​ចៅក្រម​ចំនួន​២១ រូប និង​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់​។​

 
​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៥ ខែសីហា លោក Duan Jielong ជា​បេក្ខភាព​របស់​ចិន​ដែល​តំណាង​ឲ្យ​ទ្វីបអាស៊ី ហើយក៏​ពុំមាន​បេក្ខជន​ពី​ប្រទេស​អាស៊ី​ដទៃ​ប្រជែង​រូបលោក​ឡើយ​។ ជា​លទ្ធផល លោក Duan ទទួលបាន​សម្លេងគាំទ្រ ១៤៩ ក្នុងចំណោម​១៦៧ គ្មាន​សំលេង​ប្រឆាំង និង​អនុប្បវាទ​ចំនួន​១៧​។ មានតែ​រដ្ឋ​សមាជិក​នៃ UNCLOS ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត និង​តែងតាំង​បេក្ខជន​ចៅក្រម​។​
 
​លោក Duan Jielong នឹង​ចាប់ផ្តើម​អាណត្តិ​៩​ឆ្នាំ​ជា​ចៅក្រម​នៅ​តុលាការ​សមុទ្រ​អន្តរជាតិ ពីថ្ងៃ​ទី​១ តុលា​តទៅ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៦ លោក Duan ជា​ចៅក្រម​ចិន​ទី​៤​ហើយ ដែល​ជាប់ឆ្នោត​មក​បំពេ​ញ​ការងារ​នៅក្នុង​តុលាការ​នេះ​។​
 
​ក្នុងចំណោម​ចៅក្រម​២១​រូប​របស់​តុលាការ ៥​រូបតំណាង​ឲ្យ​អាហ្វ្រិក ៥​រូបតំណាង​ឲ្យ​អាស៊ី ៣​រូបតំណាង​ឲ្យ​អឺរ៉ុប​ខាងកើត ៤​រូបតំណាង​ឲ្យ​អាមេរិក​ឡាទីន និង​កា​រ៉ា​អ៊ី​ប ៣​រូបតំណាង​ឲ្យ​អឺរ៉ុប​ខាងលិច ចំណែកឯ​១​រូប​ទៀត​អាច​ត្រូវបាន​ជ្រើសរើស​ពី​អាស៊ី អាហ្វ្រិក ឬ​អឺរ៉ុប​ខាងលិច​។​
 
​ក្នុងការ​បោះឆ្នោត​នេះ អាមេរិក​ចេញមុខ​ជំទាស់ និង​បបួល​ប្រទេស​ឯទៀត​មិន​ឲ្យ​បោះឆ្នោត​ឲ្យ​បេក្ខជន​ចិន​ឡើយ ព្រោះ​យល់ឃើញថា នេះ​ជាការ​បោះជំហាន​របស់​ចិន​ទៅកាន់​បង្កើន​ឥទ្ធិពល​នៅក្នុង​អង្គការ​អន្តរជាតិ​។ ចំណែកឯ​ចិន​វិញ តាមរយៈ​លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើកឡើងថា ជោគជ័យ​របស់​ចិន​ក្នុងការ​បោះឆ្នោត​នៅ​តុលាការ​សមុទ្រ បង្ហាញ​ជាថ្មី​ម្តង​ទៀតថា ការគៀបសង្កត់​លើ​បេក្ខជន​ដែល​ស្នើ​ដោយ​ចិន ទទួលបាន​លទ្ធផល​ដែល​មិន​ស្វាគមន៍ និង​គ្មាន​ប្រយោជន៍​។​
 
​ដោយសារ​មាន​ចៅក្រម​តែមួយ​រូប​ក្នុង គេ​មើលឃើញថា​ចិន​លទ្ធភាព​តិចតួច​ណាស់ ក្នុងការ​គ្រប់គ្រង​នីតិវិធី​។ ទោះជា​យ៉ាងណា សាស្ត្រាចារ្យ Julian Ku នៃ​សាកលវិទ្យាល័យ​ច្បាប់ ក្រុង New York និយាយថា ចៅក្រម​ចិន​អាចមាន​លទ្ធភាព​កាន់កាប់​តួនាទី​គ្រប់គ្រង និង​ចូលរួម​ក្នុង​រឿងក្តី​ជាក់លាក់​ណាមួយ​ដែល​ចិន​គិតថា​មាន​ប្រយោជន៍​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។ 
 
​តុលាការ​សមុទ្រ នៅ​ទីក្រុង Hamburg នេះ​មិនសូវ​ជាស​កម្ម​ប៉ុន្មាន​ឡើយ​។ យោងតាម​របាយការណ៍​របស់​តុលាការ ក្នុង​ឆ្នាំ​២០១៩ តុលាការ​បើក​សាវ​នា​ការ​៤​ដង និង​ចេញ​សាលក្រម​តែមួយ​ប៉ុណ្ណោះ​។ នេះ​ក៏ដោយ​សារ ប្រទេស​ដែល​ពាក់ព័ន្ធ​រឿង​វិវាទ​ធំៗ​ដែល​ទាក់ទង​នឹង​សមុទ្រ ច្រើន​ជ្រើសរើស​យន្តការ​ដោះស្រាយ​ជម្លោះ​នៅ​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​នៅ​ទីក្រុង​ឡាអេ​វិញ​។ 
 
​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​នេះហើយ ដែល​ចិន​បដិសេធ​មិន​ចូលខ្លួន​ក្នុង​នីតិវិធី​ម​ជ្ឈ​ត្ត​ការប្តឹង​ដោយ​ហ្វីលីពីន​ទាក់ទង និង​សិទ្ធិ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​ថែមទាំង​បាន​បដិសេធ​សាលក្រម​របស់​តុលាការ​ថែមទៀត​ផង​៕ 

Tag:
 ចិន​
  UNCLOS
© រក្សាសិទ្ធិដោយ thmeythmey.com