សង្គមអន្តរជាតិ
អន្តរជាតិ
ចិនតវ៉ា ក្រោយអាមេរិកបញ្ជូនយន្តហោះស៊ើបការណ៍ចូលកៀកតំបន់ខ្លួនកំពុងធ្វើសមយុទ្ធ យន្តហោះស៊ើបការណ៍U-2 របស់អាមេរិក។ រូបភាព៖ AFP
× នៅថ្ងៃទី២៥ ខែសីហាចិន បានដាក់ការតវ៉ាមួយទៅកាន់អាមេរិក ដោយចោទប្រកាន់ថា អាមេរិក បានបញ្ជូនយន្តហោះស៊ើបការណ៍ U-2 មួយគ្រឿងចូលតំបន់ហាមឃាត់ការហោះហើរខណៈយោធាចិនកំពុងធ្វើសមយុទ្ធយោធា ។ ជាការឆ្លើយតបអាមេរិក អះអាងថា ការហោះហើរនេះ គឺផ្អែកទៅតាមច្បាប់អន្តរជាតិ។
ស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា អាមេរិក បានបញ្ជូនយន្តហោះ U-2 មួយគ្រឿង មកក្នុងតំបន់មួយ ដែលចិនកំណត់ជាតំបន់គ្មានការហោះហើរ។ តំបន់នោះ ក៏ជាទីតាំងយោធាចិនកំពុងធ្វើសមយុទ្ធយោធា។
ក្រសួងការពារជាតិចិន បានថ្កោលទោសអាមេរិកថា បានជ្រៀតជ្រែកធ្ងន់ធ្ងរ មកក្នុងសមយុទ្ធយោធាដែលធ្វើជាធម្មតា ហើយសកម្មភាពបែបនេះ អាចបង្កឲ្យមានការយល់ច្រឡំ ឬអាចបង្កឲ្យមានឧបទ្ទវហេតុណាមួយកើតឡើង។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិចិន បញ្ជាក់ដូច្នេះថា៖ «វាគឺជាសកម្មភាពញុះញង់សុទ្ធសាធ ហើយចិនជំទាស់យ៉ាងខ្លាំងលើបញ្ហានេះ និងដាក់ការតវ៉ាទៅកាន់ភាគីអាមេរិក»។
យ៉ាងណាក៏ដោយ ចិនមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ថាតើហេតុការណ៍មួយនេះ កើតឡើងនៅកន្លែងណាឡើយ ព្រោះពេលនេះ ចិនកំពុងមានសមយុទ្ធយោធានៅតំបន់ជាច្រើន ក្នុងនោះមានដូចជា សមយុទ្ធនៅសមុទ្រBohai នៅភាគខាងកើតចិន, សមុទ្រលឿងនៅក្បែរឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូងជាដើម។
ជាការឆ្លើយតបនឹងការតវ៉ារបស់ចិន យោធាអាមេរិក បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះហើររបស់យន្តហោះ U-2 ដែលធ្វើឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺផ្អែកលើច្បាប់អន្តរជាតិ និងបទបញ្ញត្តិស្តីពីការហោះហើរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
យន្តហោះស៊ើបការណ៍ U-2 អាចហោះហើរបានកម្ពស់ជាង ២១គីឡូម៉ែត្រ និងអាចស៊ើបការណ៍ពីចម្ងាយបាន ដោយមិនចាំបាច់ចូលទៅក្នុងតំបន់គ្មានការហោះហើរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០០១ យន្តហោះស៊ើបការណ៍របស់អាមេរិកមួយគ្រឿង ត្រូវបានបង្អាក់ដំណើរដោយ យន្តហោះចម្បាំងរបស់ចិនមួយគ្រឿង។ ក្នុងហេតុការណ៍នេះ អ្នកបើកយន្តហោះចិនម្នាក់បានស្លាប់ ចំណែកយន្តហោះអាមេរិក ត្រូវចុះចតជាបន្ទាន់នៅមូលដ្ឋានយោធាមួយលើកោះហៃណាន៕
© រក្សាសិទ្ធិដោយ thmeythmey.com