កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១០ ដែលមានសុវត្ថិភាពខ្ពស់ជាងគេសម្រាប់ដំណើរទេសចរណ៍នាអំឡុងវិបត្តិកូវីដ-១៩។ នេះបើយោងតាមលទ្ធផលសិក្សារបស់ក្រុមហ៊ុន Tourlane ដែលជា Startup ផ្នែកទេសចរណ៍ មានមូលដ្ឋាននៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយត្រូវបានដកស្រង់ដោយ Asia News Network។
ក្នុងចំណោមប្រទេសទាំង១០ ថៃដែលជាប្រទេសជិតខាងរបស់កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១ សម្រាប់គោលដៅទេសចរណ៍ដ៏សុវត្ថិភាពបំផុតនាកាលៈទេសៈកូវីដ-១៩។ ប្រទេសហ្សកដានី និងកោះបារាំងប៉ូលីណេស៊ីនាមហាសមុទ្រប៉ាស៊ីហ្វិកស្ថិតនៅចំណាត់ថ្នាក់លេខ២ និងលេខ៣។
ក្រិកជាប្រទេសអឺរ៉ុបដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងបញ្ជីសិក្សារបស់ Tourlane ដោយស្ថិតនៅលេខ៤ ខណៈអ៊ីតាលី លេខ៦ និងអៀរឡង់លេខ៩។ អ៊ុយរូហ្គាយជាប្រទេសតែមួយគត់នៅអាមេរិកឡាទីន ដែលមានក្នុងបញ្ជី Top 10 ពោលគឺចំណាត់ថ្នាក់លេខ៥ ។កម្ពុជាឈរនៅលេខរៀងទី៧ ខណៈជប៉ុនលេខ៨ និងបុតស្វាណា លេខ១០។
បើតាមទីភ្នាក់ងារព័ត៌មាន Malay Mail ក្រុមហ៊ុន Startup, Tourlane បានផ្តើមសិក្សាកាលពីថ្ងៃទី១០ ខែសីហា ដោយកំណត់គោលដៅទេសចរណ៍នាអំឡុងកូវីដ-១៩។ ការសិក្សាផ្អែកតាមទិន្នន័យផ្សេងៗ ដូចជា ពិន្ទុនិយ័តកម្មសុខភាពអន្តរជាតិ (IHR) ការឆ្លើយតបថ្នាក់ជាតិ និងអន្តរជាតិលើបញ្ហាសុខភាពសាធារណៈ គោលការណ៍ចត្តាឡីស័ក១៤ថ្ងៃ អត្រានៃការឆ្លងប្រចាំថ្ងៃ រួមទាំងលក្ខខណ្ឌអាកាសធាតុផងដែរ។
ជារួមគោលដៅទេសចរណ៍ដ៏សុវត្ថិភាពទាំង១០ដែលណែនាំដោយ Tourlane មាន ថៃ, ហ្ស៊កដានី, កោះបារាំងប៉ូលីណេស៊ី, ក្រិក, អ៊ុយរូហ្គាយ, អ៊ីតាលី, កម្ពុជា, ជប៉ុន, អៀរឡង់ និងបុតស្វាណា។
គិតត្រឹមថ្ងៃទី២៦ ខែសីហា នេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ ចំនួន២៧៣ករណី ក្នុងនោះ សះស្បើយចំនួន២៦៤ករណី ដោយស្រី៥៤នាក់ បុរស២១០នាក់ ស្មើនឹង៩៦,៧០ភាគរយ។ នៅសល់តែ៩នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កាលពីពេលថ្មីៗកន្លងមកនេះ អង្គការសុខភាពពិភពលោក បានកោតសរសើរកម្ពុជា និងប្រទេសចំនួន៤ទៀតដែលអាចទប់ស្កាត់ការរាលដាលជំងឺ COVID-19 ទ្រង់ទ្រាយធំក្នុងប្រទេសរៀងៗខ្លួន។ ការអនុវត្តវិធានការសុខាភិបាលមានប្រសិទ្ធភាព ជាមូលហេតុនាំឲ្យស្ថានភាពជំងឺផ្លូវដង្ហើមមួយនេះប្រទេសទាំង៥ មិនមានលក្ខណៈធ្ងន់ធ្ងរដូចប្រទេសផ្សេង។
ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៧ ខែកក្កដា អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានលើកឡើងថា៖ «ប្រទេស និងសហគមន៍ ដែលអនុវត្តតាមការណែនាំនេះដោយប្រយ័ត្ន និងជាប្រចាំ មានលទ្ធផលល្អ មិនថាក្នុងការទប់ស្កាត់ការរាលដាលទ្រង់ទ្រាយធំដូចជាកម្ពុជា នូវែលសេឡង់ រវ៉ាន់ដា ថៃ វៀតណាម និងកោះនៅតំបន់ការ៉ាអ៊ីប ឬក៏ការគ្រប់គ្រងបានផ្ទុះរាលដាលដូចជានៅកាណាដា ចិន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង»៕