COVID-19
ជាតិ
ការសិក្សា​៖ កម្ពុជា​ស្ថិត​ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ដ៏​សុវត្ថិភាព​ជាងគេ​នា​កាលៈទេសៈ​កូ​វីដ​-១៩
26, Aug 2020 , 3:36 pm        
រូបភាព
ទិដ្ឋភាពនៅប្រាសាទអង្គរវត្តមានអំឡុងពេលសម្រាកសងចូលឆ្នាំកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ទិដ្ឋភាពនៅប្រាសាទអង្គរវត្តមានអំឡុងពេលសម្រាកសងចូលឆ្នាំកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ដោយ: រួបរួម
​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែលមាន​សុវត្ថិភាព​ខ្ពស់​ជាងគេ​សម្រាប់​ដំណើរ​ទេសចរណ៍​នា​អំឡុង​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើ​យោងតាម​លទ្ធផល​សិក្សា​របស់​ក្រុមហ៊ុន  Tourlane ដែលជា Startup ផ្នែក​ទេសចរណ៍ មាន​មូលដ្ឋាន​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវបាន​ដកស្រង់​ដោយ Asia News Network​។​

 
​ក្នុងចំណោម​ប្រទេស​ទាំង​១០ ថៃ​ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​គោលដៅ​ទេសចរណ៍​ដ៏​សុវត្ថិភាព​បំផុត​នា​កាលៈទេសៈ​កូ​វីដ​-១៩​។ ប្រទេស​ហ្សកដានី និង​កោះ​បារាំង​ប៉ូ​លី​ណេ​ស៊ីនា​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​។​
 
​ក្រិ​ក​ជា​ប្រទេស​អឺរ៉ុប​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ក្នុង​បញ្ជី​សិក្សា​របស់ Tourlane ដោយ​ស្ថិតនៅ​លេខ​៤ ខណៈ​អ៊ីតាលី លេខ​៦ និង​អៀរ​ឡង់​លេខ​៩​។ អ៊ុយ​រូ​ហ្គា​យ​ជា​ប្រទេស​តែមួយគត់​នៅ​អាមេរិក​ឡាទីន ដែលមាន​ក្នុង​បញ្ជី Top 10 ពោលគឺ​ចំណាត់ថ្នាក់​លេខ​៥ ។​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៧ ខណៈ​ជប៉ុន​លេខ​៨ និង​បុ​ត​ស្វា​ណា លេខ​១០​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Malay Mail ក្រុមហ៊ុន Startup, Tourlane បាន​ផ្តើម​សិក្សា​កាលពី​ថ្ងៃទី​១០ ខែសីហា ដោយ​កំណត់​គោលដៅ​ទេសចរណ៍​នា​អំឡុង​កូ​វីដ​-១៩​។ ការសិក្សា​ផ្អែក​តាម​ទិន្នន័យ​ផ្សេងៗ ដូចជា ពិន្ទុ​និយ័តកម្ម​សុខភាព​អន្តរជាតិ (IHR) ការឆ្លើយតប​ថ្នាក់ជាតិ និង​អន្តរជាតិ​លើ​បញ្ហា​សុខភាព​សាធារណៈ គោលការណ៍​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ អត្រា​នៃ​ការឆ្លង​ប្រចាំថ្ងៃ រួមទាំង​លក្ខខណ្ឌ​អាកាសធាតុ​ផងដែរ​។​
 
​ជារួម​គោលដៅ​ទេសចរណ៍​ដ៏​សុវត្ថិភាព​ទាំង​១០​ដែល​ណែនាំ​ដោយ Tourlane មាន ថៃ​, ហ្ស៊​កដា​នី​, កោះ​បារាំង​ប៉ូ​លី​ណេ​ស៊ី​, ក្រិ​ក​, អ៊ុយ​រូ​ហ្គា​យ​, អ៊ីតាលី​, កម្ពុជា​, ជប៉ុន​, អៀរ​ឡង់ និង​បុ​ត​ស្វា​ណា​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែសីហា នេះ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៧៣​ករណី ក្នុងនោះ សះស្បើយ​ចំនួន​២៦៤​ករណី ដោយ​ស្រី​៥៤​នាក់ បុរស​២១០​នាក់  ស្មើនឹង​៩៦,៧០​ភាគរយ​។ នៅសល់តែ​៩​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
 
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ អង្គការ​សុខភាព​ពិភពលោក បាន​កោតសរសើរ​កម្ពុ​ជា និង​ប្រទេស​ចំនួន​៤​ទៀត​ដែល​អាច​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ការអនុវត្ត​វិធានការ​សុខាភិបាល​មាន​ប្រសិទ្ធភាព ជា​មូលហេតុ​នាំ​ឲ្យ​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​ប្រទេស​ទាំង​៥ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេង​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​២៧ ខែកក្កដា អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus  បាន​លើកឡើងថា​៖ «​ប្រទេស និង​សហគមន៍ ដែល​អនុវត្តតាម​ការ​ណែនាំ​នេះ​ដោយ​ប្រយ័ត្ន និង​ជាប្រចាំ មាន​លទ្ធផល​ល្អ មិន​ថា​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ទ្រង់ទ្រាយ​ធំ​ដូចជា​កម្ពុជា នូ​វែ​ល​សេ​ឡង់ រ​វ៉ាន់ដា ថៃ វៀតណាម និង​កោះ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ឬក៏​ការគ្រប់គ្រង​បាន​ផ្ទុះ​រាលដាល​ដូចជា​នៅ​កាណាដា ចិន អាល្លឺម៉ង់ និង​កូរ៉េខាងត្បូង​»៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com