អន្តរជាតិ
លោក ប្រា​យុទ្ធ ទាមទារ​ឲ្យ Facebook គោរព​ច្បាប់​ថៃ​ជុំវិញ​ការផ្សព្វផ្សាយ​ប៉ះពាល់​របបរាជានិយម​
26, Aug 2020 , 10:59 pm        
រូបភាព
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ៕ រូបភាព៖ AFP
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ៕ រូបភាព៖ AFP
ដោយ:
​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​២៥ ខែសីហា បាន​ទទូច​ឲ្យ​ក្រុមហ៊ុន Facebook គោរព​ច្បាប់​ថៃ ហើយ​ថា លោក​ក៏​មិន​បារម្ភ​ឡើយ​ចំពោះ​ការ​គំរាម​ប្តឹង​ពី​ក្រុមហ៊ុន​មកលើ​រដ្ឋាភិបាល​របស់​លោក​។ លោក ប្រា​យុទ្ធ បញ្ជាក់​បែបនេះ ក្រោយ Facebook ដែល​ត្រូវបាន​រដ្ឋាភិបាល​ថៃ​ចាប់បង្ខំ​ឲ្យ​បិទ​គ្រុប​មួយ​មាន​សមាជិក​មួយ​លាន​នាក់​ដែល​ចែកចាយ​ព័ត៌មាន​ពី​មហាក្សត្រ គំរាម​តបត​តាមផ្លូវ​ច្បាប់​លើ​រដ្ឋាភិបាល​ថៃ​វិញ​ពាក់ព័ន្ធ​ការបង្ខំ​ខ្លួន​បែបនេះ​។

 
​កាលពី​ថ្ងៃទី​២៤ ខែសីហា Facebook បាន​រាំងខ្ទប់​មិន​ឲ្យ​អ្នកប្រើប្រាស់​ក្នុងប្រទេស​ថៃ អាច​ចូលទៅ​មើល​គ្រុប (Group) មួយ​ដែល​សមាជិក​១​លាន​នាក់​។ វិធានការ​របស់ Facebook នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថៃ គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ដែល​មិន​លុបចោល​មាតិកា​ដែល​ប៉ះពាល់​មហាក្សត្រ​។ ប៉ុន្តែ Facebook អះអាងថា ខ្លួន​នឹង​តទល់​តាមផ្លូវ​ច្បាប់​ដើម្បី​ការពារ​អ្នកប្រើប្រាស់​របស់ខ្លួន​។​
 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា មិន​ព្រឺ​នឹង​ការលើកឡើង​បែប​នោះឡើយ​។ ពី​ខេត្ត Rayong លោក ប្រា​យុទ្ធ និយាយថា​ភាគី​ទាំងអស់​ត្រូវគោរព​ច្បាប់​ថៃ​។ និយាយ​បែបនេះ លោក ប្រា​យុទ្ធ មិន​ត្រឹម​សំដៅ​ហ្វេ​ស​ប៊ុ​ក​ឡើយ​តែមួយ​ឡើយ តែ​ក៏​សំដៅ​គ្រុប Royalist Marketplace ដែល​គ្រប់គ្រង​ដោយ​លោក​Pavin Chachavalpongpun និង​គ្រុប​មួយទៀត​របស់លោក Somsak Jeamteerasakul ។ អ្នក​ទាំងពីរ​សុទ្ធតែ​ភៀសខ្លួន​នៅ​បរទេស ខណៈ​គ្រុប​របស់​ពួកគេ​មាន​មាតិកា​ប៉ះពាល់​របបរាជានិយម​។​
 
​លោក Somsak ជា​សាស្ត្រាចារ្យ​កំពុង​និរទេស​ខ្លួន​នៅ​បារាំង ចំណែកឯ​លោក Pavin ជា​សាស្ត្រា​ចា្យ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ជប៉ុន​។ បុគ្គល​ទាំង​២ រូប​ខាងលើ បាន​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដែល​ដោយ​រដ្ឋាភិបាល​ថៃ​កំពុង​តាម​ចាប់​។ នេះ​បើតាម​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​។ 
 
​លោក ប្រា​យុទ្ធ បាន​អះអាង​នៅ​ថ្ងៃទី​២៥ ខែសីហា ថា រាល់​សកម្មភាព​ប្រឆាំង​ទំព័រ Facebook ណាមួយ​ដែលមាន​លក្ខណៈ​ប្រមាថ​ស្ដេច សុទ្ធសឹងតែ​ស្របតាម​ច្បាប់​។ លោក​បន្ថែមថា លោក​មិនបាន​ប្រើប្រាស់​អំណាច​ផ្តាច់ការ​ឡើយ ព្រោះ​សកម្មភាព​ទាំងនោះ​ផ្អែក​តាម​សេចក្តី​បង្គាប់​របស់​តុលាការ​ទាំងអស់​។ លោក ប្រា​យុទ្ធ ក៏​ចោទ​ជា​សំណួរ​ផងដែរ​ថា ៖«​តើ​អ្នកណា​ទទួលខុស​ត្រូវចំ​ពោះ​ផលប៉ះពាល់​ក្នុងប្រទេស​? បើទោះបី​ជាមាន​អ្វី​កើតឡើង​នៅក្នុង​ប្រទេស​ថៃ ពួកគេ​នឹងមិន​ប៉ះពាល់​អ្វី​ដែរ​។ បញ្ហា​គឺ​នៅក្នុង​ប្រទេស​ថៃ​។​»
 
​ចំណែកឯ លោក Pavin វិញ បាន​បង្កើត​គ្រុប​ថ្មី​ប៉ុន្មាន​ម៉ោង​ក្រោយ​ត្រូវ Facebook បិទ​គ្រុប​ចោល និង​មាន​សមាជិក​កន្លះ​លាន​នាក់​ត្រឹម​មួយថ្ងៃ​។ លោក Pavin អះអាងថា​៖ «​បើ​អ្នក​បិទ​វា​ម្តងទៀត ខ្ញុំ​នឹង​បង្កើត​គ្រុប​ថ្មី​មួយទៀត ខ្ញុំ​នឹងធ្វើ​បែបនេះ ដើម្បី​សេរីភាព​នៃ​ការបញ្ចេញមតិ​។​»
 
​បើតាម​បាងកក​ប៉ុស្តិ៍ លោក Paiboon Amonpinyokeat អ្នកជំនាញ​ច្បាប់​អ៊ីនធឺណិត និង​ដែល​ចូលរួម​តែង​ច្បាប់​បទល្មើស​កុំព្យូទ័រ បាន​សង្ក​ត​ធ្ងន់​ថា Facebook មិនអាច​ប្តឹង​រដ្ឋាភិបាល​ថៃ​ឡើយ ដោយសារ​សេចក្តី​បង្គាប់​ឲ្យ​រាំងខ្ទប់​មិន​ឲ្យ​ចូល​មើល​គ្រុប​នោះ​ចេញ​ដោយ​តុលាការ​។ លោក​បន្ថែមថា តុលាការ​ជា​អ្នក​វិនិច្ឆ័យ​ថា តើ​គេហទំព័រ​នោះ ចែកចាយ​មាតិកា​ខុសច្បាប់ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​៕
 
 

Tag:
 ថៃ​
  Facebook
© រក្សាសិទ្ធិដោយ thmeythmey.com